(ហ្សឺណែវ, ស្វីស)៖ លោក ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម និងគណៈប្រតិភូ បានជួបពិភាក្សាជាមួយសមាគមផលិតករ LA MASION DU GRUYERE លោក M. Eric Thevenod ទីប្រឹក្សាផ្នែកម៉ាកសម្គាល់ភូមិសាស្ត្រទំនិញនៃវិទ្យាស្ថានកម្មសិទ្ធិបញ្ញា លោក Georges Magnin តំណាងភោជនីយដ្ឋាន នៃសហព័ន្ធស្វីស ដើម្បីពង្រីកការប្រើប្រាស់ និងស្វែងរកទីផ្សារនាំចេញ «ម្រេចកំពត» ឲ្យបានកាន់តែទូលំទូលាយថែមទៀត និងបានទស្សនាខ្សែចង្វាក់ផលិតកម្មឈីស LA GRUYERE ដែលជាឈ្មោះប្រភពដើមទំនិញបានការពារ និងមានកិត្តិនាមល្បីល្បាញ ដើម្បីស្វែងយល់ពីការអនុវត្ត និងស្រង់យកបទពិសោធន៍ល្អៗ ក្នុងការអភិវឌ្ឍភូមិមួយផលិតផលមួយ ការបង្កើតការងារ ការទាក់ទាញភ្ញៀវទេសចរ និងការកាត់បន្ថយភាពក្រីក្រ និងចំណាកស្រុក តាមរយៈការប្រើប្រាស់ឈ្មោះប្រភពដើមទំនិញ ឬម៉ាកសម្គាល់ភូមិសាស្ត្រទំនិញ នៃសហព័ន្ធស្វីសផងដែរ។

ដំណើរចុះជួបជាមួយសមាគមផលិតករ LA MASION DU GRUYERE នេះ បានធ្វើឡើងនៅថ្ងៃទី១០ ខែមីនា ឆ្នាំ២០១៨ចុងសប្តាហ៍នេះ។

សូមបញ្ជាក់ថា ប្រវត្តិនៃឈ្មោះប្រភពដើមទំនិញ «LA GRUYERE» នេះ បានកកើតឡើងតាំងពីឆ្នាំ១១១៥ រហូតមក ដែលមានកិត្តិនាមល្បីល្បាញប្រកបដោយសក្តានុពលក្នុងការផលិតឈីស (Cheese) ចេញពីទឹកដោះគោ ក្នុងបរិមាណ ២៩០០០តោន ក្នុងមួយឆ្នាំ ដែលការសម្ងាត់ និងវិធីសាស្ត្រក្នុងការផលិតបានផ្ទេរពីជំនាន់មួយមកជំនាន់មួយក្នុងស្រុក LA GRUYERE នៃសហព័ន្ធស្វីសឈីស។ ផលិតឈីសឈ្មោះ LA GRUYERE នេះ បានផលិតឡើងដោយប្រើប្រាស់ទស្សនទាន និងប្រព័ន្ធវិញ្ញាតកម្មនៃឈ្មោះប្រភពដើមទំនិញ ឬម៉ាកសម្គាល់ភូមិសាស្ត្រទំនិញ ដែលផ្សារភ្ជាប់នឹងតំបន់ភូមិសាស្ត្រទំនិញ ទឹកដី ធាតុអាកាស កត្តាមនុស្ស និងចំណេះជំនាញជាលក្ខណៈប្រពៃណី ព្រមទាំងបានធ្វើទំនើបកម្មជាមួយបច្ចេកវិទ្យាសម័យទំនើបខ្លះៗប៉ុណ្ណោះ ទើបផលិតផលឈីសឈ្មោះ LA GRUYERE នេះមានលក្ខណៈពិសេស និងកិត្តិនាមល្បីល្បាញដែលអតិថិជនទទួលស្គាល់ និងនិយមបរិភោគរហូតមក។

ក្នុងបរិបទនាពេលបច្ចុប្បន្ននេះ ការជំរុញ និងកែច្នៃផលិតផលដែលមានលក្ខណៈពិសេស និងមានរសជាតិប្លែកៗ ដោយមានប្រព័ន្ធត្រួតពិនិត្យច្បាស់លាស់លើគុណភាពផលិតផលក្នុងកម្រិតស្តង់ដារជាក់លាក់ណាមួយ ដើម្បីផ្គត់ផ្គង់ទីផ្សារក្នុងស្រុក ក៏ដូចជាទីផ្សារអន្តរជាតិ ដែលអតិថិជនមានជីវភាពកាន់តែប្រសើរឡើងចង់បានអ្វីដែលប្លែកៗមកប្រើប្រាស់ និងបរិភាគនោះ សមាគមផលិតករ LA MASION DU GRUYERE ទើបតែកែច្នៃបង្កើតផលិតផលឈីសប្រភេទថ្មី ដោយប្រើប្រាស់ម្រេចជាធាតុផ្សំមួយសំខាន់ក្នុងការផលិតរបស់ខ្លួន ដែលមានរសជាតិប្លែកថ្មីមួយទៀត។

ឆ្លៀតយកឱកាសនៃការកែច្នៃបង្កើតផលិតផលឈីសប្រភេទថ្មីរបស់សមាគមផលិតករ LA MASION DU GRUYERE ខាងលើ លោក ប៉ាន សូរស័ក្តិ បានពិភាក្សាជាមួយអ្នកពាក់ព័ន្ធខាងលើ ដើម្បីបញ្ចុះបញ្ចូលឲ្យសមាគមបែរមកប្រើប្រាស់ «ម្រេចកំពត» ជាធាតុផ្សំក្នុងការផលិតឈីសប្រភេទថ្មីនេះវិញ ហើយជាការឆ្លើយតបសមាគមបានសន្យាធ្វើការពិចារណា និងឆ្លៀតពេលមកទស្សនាចំការម្រេចកំពត ដើម្បីស្វែងយល់ពីប្រវត្តិសាស្ត្រ ភូមិសាស្ត្រ និងលក្ខណៈពិសេសរបស់ម្រេចកំពតទៀតផង។

លើសពីនេះ លោករដ្ឋមន្ត្រី ក៏បានគូសបញ្ជាក់ផងដែរថា បើ «ម្រេចកំពត» ត្រូវជ្រើសរើសជាធាតុផ្សំក្នុងការផលិតឈីសប្រភេទថ្មីបន្ថែមទៀតនោះ ទីផ្សារនាំចេញ «ម្រេចកំពត» នឹងកាន់តែរីកធំធាត់ថែមទៀត ដែលនឹងចូលរួមចំណែកលើកស្ទួយដល់ការអភិវឌ្ឍសេដ្ឋកិច្ចជាតិឲ្យបានកាន់តែប្រសើរឡើងបានមួយកម្រិតទៀត៕