(កំពង់ធំ)៖ សម្ភារសិក្សា រួមមានវចនានុក្រមអេឡិចត្រូនិច សៀវភៅ ប៊ិច សម្លៀកបំពាក់ ដែលសរុបជាថវិកាជាង៦០លានរៀល ត្រូវបានធនាគារកាណាឌីយ៉ា នាំយកចែកជូនដល់ សិស្សានុសិស្សនៅបុរីកុមារ ខេត្តកំពង់ធំ យកទៅប្រើប្រាស់ក្នុងសកម្មភាពសិក្សាប្រចាំថ្ងៃ ឲ្យកាន់តែមានប្រសិទ្ធិភាព ស្របតាមភាពរីកចម្រើន នៃប្រព័ន្ធបច្ចេកវិទ្យានាពេលបច្ចុប្បន្ន។

ពិធីប្រគល់ជូននូវសម្ភារសិក្សា ដែលមានដូចជា វចនានុក្រមអេឡិចត្រូនិច សៀវភៅ ប៊ិច សម្លៀកបំពាក់ ខាងលើនេះ មានការអញ្ជើញចូលរួមពី លោក ញឹក បានខេង អភិបាលរងខេត្តកំពង់ធំ និងក្រុមកាងារធនាគារកាណាឌីយ៉ា ដែលជាការជួយឧបត្តម្ភពីធនាគារកាណាឌីយ៉ា។

លោក ញឹក បានខេង បានលើកឡើងថា ដោយសារតែបុរីកុមារ មានភាពខ្វះខាតទាំងសម្ភារៈ និងធនធានប្រើប្រាស់ ទើបមាន ការជួយគាំទ្រពីសំណាក់សប្បុរសជន មិនតែប៉ុណ្ណោះបុរីកុមារ មានតួនាទី និងភារកិច្ចសំខាន់ ដែលមានទាំងការចិញ្ចឹមថែរក្សា លើអាហាររូបត្ថម្ភ, ការអប់រំចំណេះដឹង និងបណ្តុះបណ្តាលបំណិនជីវិត។

លោកថា ដើម្បីឆ្លើយតបនូវភាព ទទួលបាននូវការអប់រំ ប្រកបដោយសមធម៌ ការប្រើប្រាស់នូវសម្ភារបច្ចេកវិទ្យា គឺបានផ្តល់នូវភាពរីកចម្រើន លើសតិបញ្ញា ក្នុងការគិតបានរហ័ស ពោលគឺការ ផ្គត់ផ្គង់នូវសម្ភារសិក្សាទាំងអស់នេះ ដែលបានជួយដល់បុរីកុមារ ឲ្យមានភាពងាយស្រួលបណ្តុះបណ្តាល ឲ្យមានភាពល្អប្រសើរបន្ថែមទៀត។

លោកបន្ដថា វាហាក់បីដូចជា កំពុងតែវេចខ្ចប់ នូវចំណេះដឹងមកដល់ផ្ទះទៅហើយ ដូច្នេះដើម្បីឲ្យចំណេះដឹងនេះ មានភាពល្អប្រសើរ ព្រមទាំងរីកចម្រើន នោះត្រូវតែមានការខិតខំ និងយកចិត្តទុកដាក់ ពីក្មួយៗដោយផ្ទាល់ ព្រោះលោកគ្រូ អ្នកគ្រូ ជាអ្នកត្រួសត្រាយផ្លូវប៉ុណ្ណោះទេ តែអ្នកដើរគឺជារូបក្មួយៗ នេះឯង។

លោក ញឹក បានខេង ជំរុញនិងលើកទឹកចិត្ត ឱ្យសិស្សានុសិស្សទាំងអស់ ដើរតាមផ្លូវត្រូវខិតខំសិក្សា ស្វែងយល់ ពីខ្លឹមសារមេរៀន តាមការណែនាំ របស់របស់មាតា បិតាទី២ រួមទាំងជួយថែរក្សា នូវសម្ភារដែលបានទទួលនៅថ្ងៃនេះ ប្រកបដោយភាពទទួលខុសត្រូវ ក្នុងភាពជាម្ចាស់ការ ឲ្យបានគ្រប់ៗគ្នា។

លោក រាយម៉ុន សៃ អគ្គនាយកប្រតិបត្តិធនាគារកាណាឌីយ៉ា បានលើកឡើងថា សម្ភារដែលចែកជូនដល់បុរីកុមារខេត្តកំពង់ធំ រួមមាន៖ វចនានុ ក្រមអេឡិចត្រូនិច កាណាតិច ១០០គ្រឿង សៀវភៅ ប៊ិច សម្លៀកបំពាក់ ៩០ កំប្លេរ ទឹកសុទ្ធ និងថវិកា ៣លានរៀល បើសរុបជាថវិកា ប្រមាណជាង៦០លានរៀល ដើម្បីជួយរួមចំណែកបំពេញនូវ ចំណុចខ្វះខាត នៃសម្ភារៈដែលចាំបាច់ ក្នុងការអប់រំដល់កុមារ ក្នុងមណ្ឌលបុរីកុមារ មានលទ្ធភាពប្រើប្រាស់ ដូចកុមារដ៏ទៃទៀតដែរ។

ក្នុងនោះកុមារីដែលជាតំណាងឲ្យកុមារ ក្នុងមណ្ឌលបុរីកុមារ សម្តែងនូវការរីករាយសាទរ និងអរគុណចំពោះ ថ្នាក់ដឹកនាំខេត្ត និងធនាគារកាណាឌីយ៉ា ដែលបានជួយឧត្ថម្ភ នូវសម្ភារៈ ទាំងនេះ ដល់ពួកគាត់ ព្រមទាំងសន្យាខិតខំប្រឹងប្រែងរៀនសូត្រ ប្រកបដោយក្រមសីលធម៌ ដើម្បីក្លាយជាសិស្សល្អ មិត្តល្អ និងពលរដ្ឋល្អ នៅក្នុងសង្គម ដើម្បីជួយអភិវឌ្ឍប្រទេសជាតិ ឲ្យមានភាពរីកចម្រើន នាពេលអនាគតបន្តទៀត៕