(កំពត)៖ អភិបាលខេត្តកំពត លោក ជាវ តាយ បានជំរុញឱ្យអង្គភាព មន្ទីរពាក់ព័ន្ធនៅក្នុងខេត្តជាប់សមុទ្រមួយនេះ ប្រមូលចំណូលឱ្យបានច្រើនបន្ថែមទៀត ដើម្បីយកទៅអភិវឌ្ឍខេត្ត ខណៈដែលប្រាក់ចំណូលរបស់ខេត្តក្នុងមួយឆ្នាំៗ មានត្រឹមតែជាង៣លានដុល្លារ ដែលចំនួននេះលោកអះអាងថាមិនអាចយកទៅអភិវឌ្ឍខេត្តបានល្អឡើយ។ ការអះអាងរបស់លោកអភិបាលខេត្តកំពតនេះ ត្រូវបានធ្វើឡើងនៅក្នុងកិច្ចប្រជុំគណៈអភិបាលខេត្ត កាលពីពេលថ្មីៗនេះ នៅសាលប្រជុំសាលាខេត្តកំពត។
លោកអភិបាលខេត្ត បានបញ្ជាក់ថា ការអភិវឌ្ឍខេត្ត នៅត្រឹង ឬក៏មានការថមថយ ដែលខេត្តកំពតមួយនេះ ជាខេត្តទេសចរណ៍មួយ ក្នុងចំណោមខេត្តទេសចរណ៍ដទៃ ដោយឡែកខេត្តកំពត សម្បូរទៅដោយសក្តានុពលជាងគេ ហើយបាននិងកំពុង មានការទាក់ទាញអ្នកវិនិយោគ និងភ្ញៀវទេសចរចម្រុះជាតិសាស្ត្រ កាន់តែកើនឡើង។ លោកស្នើឲ្យមន្ទីរ អង្គភាព និងស្ថាប័ននានាជុំវិញខេត្តទាំងអស់ ត្រូវរួមគ្នាពង្រឹងការងាររកប្រាក់ចំណូល ដើម្បីអភិវឌ្ឍខេត្ត ជាពិសេសដូចជា សាខាពន្ធដា សាខាគយ មន្ទីរពាក់ព័ន្ធដទៃត្រូវត្រួតពិនិត្យ និងកែសម្រួលកិច្ចការងាររបស់ខ្លួនឡើងវិញ និងត្រូវធ្វើរបាយការណ៍ឲ្យបានច្បាស់លាស់ អំពីប្រាក់ចំណូលទាំងនោះផងដែរ។
លោកអភិបាលខេត្ត បានបញ្ជាក់ថា «ប្រាក់ចំណូលរបស់ខេត្តកំពត ក្នុងមួយឆ្នាំៗ មានត្រឹមតែជាង៣លានដុល្លាប៉ុណ្ណោះ ហើយចំនួននេះមិនអាចយកទៅអភិវឌ្ឍខេត្ត ឲ្យមានហេដ្ឋា រចនា សម្ព័ន រូបវ័ន្តផ្សេងៗដូចជា ផ្លូវ ទឹក ភ្លើង និងការកែលម្អសួនច្បារ កែលំអក្រុងបានទេ»។ លោកបានបន្ថែមទៀតថា ដូច្នេះទាមទាឲ្យមន្ទីរ និងអង្គភាពពាក់ព័ន្ធនឹងការងាររកចំណូល ត្រូវខិតខំបន្ថែមទៀត និងរួមគ្នាគិត រួមគ្នាធ្វើ រួមគ្នាដោះស្រាយ ធ្វើយ៉ាងណារកចំណូល ឲ្យបានច្រើន ដើម្បីយកមកអភិវឌ្ឍខេត្ត និងក្រុងកំពតឲ្យប្រែមុខប្រែមាត់។
អភិបាលខេត្តកំពត បានអះអាងថា ខេត្តកំពត សម្បូរទៅដោយសក្តានុពលច្រើនបែបច្រើនយ៉ាងណាស់ និងមានចំណូលហូរចូលច្រើន សម្រាប់ការអភិវឌ្ឍលើវិស័យផ្សេងៗ។ តែកន្លងមក ខេត្តកំពត ដោយឡែកក្នុងក្រុងកំពត គឺមានសំណង់ខុសច្បាប់ គ្មានលិខិតអនុញ្ញាតច្រើនណាស់ សំណង់ខ្លះសង់លើដីគ្មានប័ណ្ណកម្មសិទ្ធិទេ ខ្លះចាក់ដីលប់លូ លប់ប្រឡាយទឹក រំលោភ ចិញ្ចើមផ្លូវ -ល-។
លោក ជាវ តាយ បន្ដថា ទាំងអស់នេះ សុទ្ធតែនៅក្រៅច្បាប់ ដោយអ្នកប្រព្រឹត្តមិនគោរពច្បាប់។ កត្តាទាំងនេះហើយ ដែលធ្វើឲ្យបាត់បង់ប្រាក់ចំណូលមួយចំណែករបស់រដ្ឋ និងធ្វើឲ្យ បាត់បង់សោភ័ណភាពក្រុងផងដែរ៕