(កំពង់ឆ្នាំង)៖ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការពារជាតិ បានចាត់ទុកការផ្សព្វផ្សាយបំភ្លៃព័ត៌មាននៃការប៉ះទង្គិចគ្នារវាងសមត្ថកិច្ច និងប្រជាពលរដ្ឋថា មានអ្នកស្លាប់ និងរងរបួសច្រើននាក់នោះ គឺចេតនារបស់ក្រុមក្បត់ជាតិ ក្នុងការបំបាក់ប្រជាប្រិយភាព និងញុះញង់ឲ្យប្រជាពលរដ្ឋស្អប់ខ្ពើមរាជរដ្ឋាភិបាល និងគណបក្សប្រជាជនកម្ពុជា។

សម្តេចពិជ័យសេនា ទៀ បាញ់ បានថ្លែងដូច្នេះក្នុងឱកាសអញ្ជើញកាត់ឫស្សសីម៉ាឆ្លងព្រះវិហារ និងសមិទ្ធផលនានានៅវត្តបឹងខ្នារ ស្ថិតក្នុងឃុំខ្នារឆ្មា ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំងនាព្រឹកថ្ងៃទី១១ ខែមីនា ឆ្នាំ២០១៨នេះ។ សម្តេចប្រមុខការពារជាតិ បានអះអាងថា ការដែលសមត្ថកិច្ចផ្ទុះអាវុធ ដើម្បីបំបែកប្រជាពលរដ្ឋដែលនាំគ្នាបិទផ្លូវធ្វើឲ្យប៉ះពាល់ដល់ការធ្វើដំណើរររបស់ប្រជាពលរដ្ឋដទៃ ហើយវាគ្មានអ្វីឲ្យធំដុំនោះឡើយ។

«មានការប៉ះទង្គិចគ្នាបន្តិចបន្តួចទេ គ្មានអ្វីធំដុំប៉ុន្មាននោះទេ។ បែរជាគេបង្កើតរឿងថាស្លាប់មនុស្ស ហើយរបួសយ៉ាងច្រើនហើយផ្សាយពេញពិភពលោក។ គេខំណាស់ចេញមកមួលបង្កាច់ការពិត ញុះញង់បំផ្លើសបំភ័ន្តសព្វបែបយ៉ាងទាំងអស់»។ សម្តេចពិជ័យសេនា ទៀ បាញ់ បញ្ជាក់។

សម្តេច ទៀ បាញ់ បន្តថា «រឿងតូចគេយកធ្វើជារឿងធំ ហើយវ៉ៃប្រហារមកលើគណបក្សប្រជាជនជាមុខសញ្ញាសំខាន់របស់គេ ដើម្បីស្វែងរកការគាំទ្រ។ ធម្មតាណាស់ ដើម្បីរកការគាំទ្រខ្លួនឯង គឺត្រូវតែវាយប្រហារ និងបន្ទាបអ្នកដទៃ ទើបលើកខ្លួនឯងបាន»

សូមបញ្ជាក់ថា នៅរសៀលថ្ងៃទី០៨ ខែកុម្ភៈ ឆ្នាំ២០១៨នេះ មានអំពើហិង្សាមួយបានផ្ទុះឡើងរវាងអាជ្ញាធរ និងប្រជាពលរដ្ឋនៅឃុំ២ធ្នូ ស្រុកស្នូល ខេត្តក្រចេះ ខណៈកម្លាំងសមត្ថកិច្ច អាជ្ញាធរព្យាយាមបំបែកប្រជាពលរដ្ឋដែលនាំគ្នាបិទផ្លូវជាតិលេខ៧៦។ ការដែលប្រជាពលរដ្ឋនាំគ្នាបិទផ្លូវបានកើតឡើងបន្ទាប់ពីសមត្ថកិច្ចចម្រុះ ក្រោមការដឹកនាំរបស់លោក ជា សុភ័ក្រ ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តក្រចេះ ចុះទៅរុះរើសំណង់តូចៗរបស់ពួកគាត់ស្ថិតនៅក្នុងក្រុមហ៊ុនចំការកៅស៊ូមេមត់។

សមត្ថកិច្ច និងអាជ្ញាធរបានអះអាងថា មូលហេតុដែលនាំដល់សមត្ថកិច្ចឈានដល់ផ្ទុះអាវុធ បន្ទាប់ពីប្រជាពលរដ្ឋដែលព្រមបើកផ្លូវតាមសំណើរបស់អាជ្ញាធរនោះ បានប្រើកាំបិត ពូថៅ ដំបង ដុំថ្ម ជំពាមកៅស៊ូ កាំភ្លើងកែច្នៃ ព្រួញ ដបសាំង បាញ់ និងគប់លើក្រុមការងារ។

ការប៉ះទង្គិចនេះ ត្រូវបានផ្សព្វផ្សាយបំប៉ោងដោយវិទ្យុអាស៊ីសេរី និងកាសែតភ្នំពេញប៉ុស្តិ៍ថា មានអ្នកស្លាប់រហូតដល់ទៅ៦នាក់ និងរបួសរហូតដល់ទៅ ៤០នាក់ផងដែរ។ ការផ្សព្វផ្សាយបំភ្លៃ និងបំប៉ោងខុសពីការពិតនេះ ត្រូវបានអាជ្ញាធរចេញមកច្រានចោលភ្លាមៗ ខណៈដែលការប៉ះទង្គិចនេះគ្មានអ្នកស្លាប់នោះឡើយ មានតែអ្នករងរបួស៩នាក់ប៉ុណ្ណោះ ២នាក់ជាប្រជាពលរដ្ឋ ៧នាក់ជាកម្លាំងសមត្ថកិច្ច៕