(ភ្នំពេញ)៖ តារាកំប្លែងដ៏មានប្រជាប្រិយភាព ក្នុងស្រទាប់សិល្បៈ នាយ ចយ ដែលទស្សនិកជនដឹងថា ទើបតែរៀបការហើយថ្មីថ្មោង ជាមួយនឹងភរិយាដ៏ស្រស់ស្អាត ដែលបានធ្វើឲ្យមហាជនជាច្រើន ជួយត្រែកអរជំនួយ ខណៈការចូលរោងការរបស់នាយ ចយ ជាមួយភរិយា ប្រៀបបាននឹងជោគវាសនា ដ៏ល្អមួយរបស់តារាកំប្លែករូបនេះ ព្រោះវាជារឿងដែលទស្សនិកជន នឹកស្មានមិនដល់ថា នាយ ចយ មាននារីស្រស់សោភាស្រឡាញ់ រហូតឈានដល់ថ្ងៃដឹកដៃគ្នា ចូលរោងការផងនោះ។

ជាមួយគ្នានេះ ក្រៅពីមានវាសនា បានភរិយាដ៏ស្រស់ស្អាតហើយនោះ នាយ ចយ រឹតតែមានសំណាងឡើងទ្វេដង ខណៈទទួលបានការ គិតគូរយកចិត្តទុកដាក់យ៉ាងកក់ក្តៅ ពី ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន ដោយសម្តេចបានចាត់ឲ្យកូនប្រុសទាំងពីរ គឺលោក ហ៊ុន ម៉ាណែត និងលោក ហ៊ុន ម៉ានី ចូលរួមផ្តល់ជាភ្ញៀវកិត្តិយស ដែលការផ្តល់ភាពកក់ក្តៅបែបនេះ ជារឿងដែលនាយ ចយ នឹកស្មានមិនដល់ រហូតដល់ថ្នាក់រំភើបស្រក់ទឹកភ្នែក នៅមុខភ្ញៀវកិត្តិយសរាប់រយនាក់ ទៀតផង។

ថ្លែងក្នុងបទសម្ភាសន៍ តាមរយៈកម្មវិធី «អាថ៌កំបាំងក្រៅឆាក របស់តារា» នាយ ចយ បានបង្ហាញពីអារម្មណ៍ សប្បាយរីករាយ រំភើបស្ទើរនិយាយមិនចេញនោះ ខណៈលោក និងភរិយា ទទួលបានចំណងដៃ យ៉ាងច្រើនមហាសាល ពីសម្តេចតេជោ ហ៊ុន សែន ពោលគឺសម្តេចបានចងដៃ រហូតដល់ទៅ១ម៉ឺនដុល្លារ ឯណោះ ដែលការគិតគូរយកចិត្តទុកដាក់ ពីសំណាក់ប្រមុខ រាជរដ្ឋាភិបាលនៃកម្ពុជា បែបនេះ ធ្វើឲ្យសិល្បករ-សិល្បការិនី ជាច្រើនចូលរួមត្រែកអរជំនួស ដោយនាយ ចយ ផ្ទាល់បាននិយាយថា លោកពិតជាមិនភ្លេចឡើយ នូវគុណបំណាច់ ដ៏ធំធេងរបស់សម្តេចតេជោ»

ជាមួយគ្នានេះដែរ លោកបានបង្ហើបពីប្រវត្តិខ្លះៗ ដែលទស្សនិកជនកំពុងតែចង់ដឹង គឺការចាប់ផ្តើមសាងស្នេហ៍ដំបូងរវាង លោក និងភរិយារហូតឈានដល់ថ្ងៃមង្គលការថា «លោក ចាប់ផ្តើមស្គាល់ភរិយាដំបូង តាមរយៈការលេងសារឆ្លើយឆ្លងគ្នា ទៅតាមបណ្ដាញសង្គមហ្វេសប៊ុក រហូតមកក៏ណាត់គ្នាហូបអី ហើយបន្តទៀត ក៏កាន់តែស្គាល់ចិត្តថ្លើមគ្នាបន្តិចម្តងៗ រហូតដល់មានការអនុញ្ញាតពីចាស់ទុំ ឲ្យអ្នកទាំងពីរដឹកដៃគ្នាចូលរោងការ ក្រាបក្បាលដល់កន្ទេលពេញច្បាប់ ខណៈការរៀបការនេះ គឺផ្តើមដោយការស្រឡាញ់គ្នាទៅវិញទៅមក គ្មានការបង្ខិតបង្ខំឡើយ»

លោកថា «រឿងថ្លៃទឹកដោះប៉ុន្មាន វាមិនសំខាន់ទេ អ្វីដែលសំខាន់ ឲ្យតែចាស់ទុំទាំងសងខាងស្រឡាញ់ និងអនុញ្ញាតិឲ្យពួកគេរៀបការជាមួយគ្នា និងពួកគេយល់ចិត្តគ្នា ស្រឡាញ់គ្នាដល់ចាស់សក់ស្កូវទៅ បានហើយ»

ចង់ដឹងថា នាយ ចយ និងភរិយានិយាយអ្វីខ្លះនោះ សូមទស្សនាវីដេអូខាង ក្រោមទាំងអស់គ្នា៖