(ស្វាយរៀង)៖ លោក ជុក មុន្នី អនុប្រធានក្រុមការងារថ្នាក់ជាតិ ចុះជួយក្រុងស្វាយរៀង ខេត្តស្វាយរៀង និងក្រុមការងារ នាព្រឹកថ្ងៃ១១ ខែមីនា ឆ្នាំ២០១៨នេះ បានចុះសំណេះសំណាល សួរសុខទុក្ខ ក្រុមគ្រួសារគណបក្សប្រជាជនកម្ពុជា ចំនួន២៦០គ្រួសារ នៅក្នុងភូមិចុងព្រែក សង្កាត់ស្វាយរៀង ខេត្តស្វាយរៀង។
ការចុះសួរសុខទុក្ខនេះ មានការចូលរួមពីលោក កែរ រដ្ឋា អនុប្រធានប្រធាន ក្រុមការងារ ចុះជួយក្រុងស្វាយរៀង និងជាប្រធានក្រុមការងារ ចុះជួយសង្កាត់ស្វាយរៀង, ប្រធាន អនុប្រធាន សមាជិកក្រុមការងារខេត្ត ចុះជួយសង្កាត់ស្វាយរៀង តំណាងគណកម្មាធិការគណបក្សក្រុង គណកម្មាធិការគណបក្សសង្កាត់ និងសាខាបក្សភូមិទាំង៧ ក្នុងសង្កាត់ស្វាយរៀង។
លោក គង់ សារូ ប្រធានគណកម្មាធិការ គណបក្សសង្កាត់ស្វាយរៀង បានធ្វើរបាយការណ៍សង្ខេប អំពីសភាពការណ៍នយោបាយ នៅក្នុងសង្កាត់ ការធ្វើបច្ចុប្បន្នភាពគ្រួសារបក្ស និងផែនការអភិវឌ្ឍន៍សង្កាត់ ។
លោក កែរ រដ្ឋា បានលើកឡើង ពីការរីកចម្រើនរហូតដល់សព្វថ្ងៃនេះ គឺបានមកពីការនាំដ៏ត្រឹមត្រូវប្រកបដោយគតិបណ្ឌិត របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា។ ដោយឡែកនៅក្នុងខេត្តស្វាយរៀង ប៉ុន្មានឆ្នាំនេះ មានការរីកចម្រើនយ៉ាងខ្លាំង។ លោក កែរ រដ្ឋា សំណូមពរដល់ប្រជាពលរដ្ឋទាំងអស់ ចូលរួមក្នុងការអភិវឌ្ឍកែលំម្អទីក្រុង អនាម័យល្អ ដើម្បីទទួលបានរំដួល ៣ទង នៅឆ្នាំខាងមុខ ហើយនិងអាចជួយកាត់បន្ថយ ជំងឺឆ្លងនានាផងដែរ ។
លោក ជុក មុន្នី បានលើកឡើង អំពីសភាពការណ៍នយោបាយបច្ចុប្បន្ន ពន្យល់ពីការធ្វើបដិវត្តពណ៌ របស់អតីតគណបក្សសង្គ្រោះជាតិ ជនក្បត់ជាតិ កឹម សុខា និង សម រង្ស៊ី ការរំលាយ បក្សសង្គ្រោះជាតិ និងជម្រាបជូននូវសមិទ្ធផលនានា ដែលគណបក្សប្រជាជនកម្ពុជា សម្រេចបាន នាពេលកន្លងមក ជាពិសេសស្នើសុំឲ្យសមាជិកទាំងអស់បន្តគាំទ្រ និងបោះឆ្នោត ជូនគណបក្សប្រជាជនកម្ពុជាបន្តទៀត ។
លោកបានបញ្ជាក់ថា ក្នុងឆ្នាំ២០១៨នេះ ប្រាក់បៀវត្សមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ កម្មករ ត្រូវបានតម្លើង។ ការទទួលបាននូវសេវាថែទាំសុខភាព ដោយមិនគិតថ្លៃ ទាំងកម្មករ ក្នុងប្រព័ន្ធ ក្រៅប្រព័ន្ធ កីឡាករ ក្រុមប្រឹក្សាឃុំសង្កាត់ មេភូមិ ជំនួយការភូមិ មន្ត្រីរាជការ ក្រុមដោះមីន -ល-។ ក្នុងឱកាសនោះដែរ លោកបានទទួលយកមកពិនិត្យ នូវសំណូមពររបស់ ប្រជាពលរដ្ឋមួយចំនួន ដូចជាផ្លូវ និងលូ ជាដើម៕