(តាកែវ)៖ លោក ជា វ៉ាន់ដេត តំណាងរាស្រ្តមណ្ឌលខេត្តតាកែវ និងជាប្រធានក្រុមការងារថ្នាក់កណ្តាលចុះជួយស្រុកបាទី បានដឹកនាំក្រុមគ្រូពេទ្យសិង្ហបុរី២០នាក់ ចុះពិនិត្យព្យាបាលជំងឺ ជូនប្រជាពលរដ្ឋជិត១ពាន់នាក់ នៅស្រុកបាទី រយៈពេល២ថ្ងៃ គឺថ្ងៃទី១០-១១ ខែមីនា ដោយមានក្រុមនិស្សិតស្ម័គ្រចិត្ត នៃសាកលវិទ្យាល័យអាមេរិកាំងភ្នំពេញ (AUPP) ជួយចូលរួមសម្រួលការងារផងដែរ។
ការចុះពិនិត្យព្យាបាលជំងឺទូទៅជូនប្រជាពលរដ្ឋនេះ គឺស្តែងចេញពីទឹកចិត្តសប្បុរសធម៌ និងការយកចិត្តទុក ដាក់ពីសុខភាពរបស់ប្រជាពលរដ្ឋ ដោយមិនប្រកាន់បក្សពួក ឬនិន្នាការ នយោបាយណាមួយឡើយ ហើយការចុះពិនិត្យព្យាបាលជំងឺនេះ ក៏ជាផ្នែកមួយដែលគណបក្សប្រជាជនកម្ពុជា គឺជានិច្ចកាលតែងតែរស់នៅជាមួយប្រជានជន និងដឹងពីសុខទុក្ខ របស់ប្រជាជន។
នៅក្នុងឱកាសនោះ លោក ជា វ៉ាន់ដេត បានលើកឡើងថា ដោយប្រទេសជាតិ មានសុខសន្តិភាព ទើបមានអ្វីៗ នៅថ្ងៃនេះ រួមទាំងការចុះជួយពិនិត្យព្យាបាលជំងឺ ដោយឥតគិតថ្លៃជូនបងប្អូនប្រជាពលរដ្ឋ។ សុខសន្តិភាពដែលទទួលបាននេះ គឺដោយសារការដឹកនាំ របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានធ្វើឲ្យប្រជាពលរដ្ឋ រស់នៅមានភាពសុខសាន្ត។
លោកបានបន្តថា ដូច្នេះនៅពេលប្រទេសមានសុខសន្តិភាព និងមានការអភិវឌ្ឍហើយ សុខុមាលភាពរបស់ប្រជាជន គឺជាកត្តាសំខាន់ ដែលរដ្ឋាភិបាលក៏ដូចជាគណបក្សប្រជាជនកម្ពុជា យកចិត្តទុកដាក់ខ្ពស់៕