(ភ្នំពេញ)៖ ឧបនាយករដ្ឋមន្ត្រី ម៉ែន សំអន រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ច នៅថ្ងៃទី១១ ខែមីនា ឆ្នាំ២០១៨នេះ បានលើកឡើងថា ការវិវឌ្ឍយ៉ាងឆាប់រហ័ស នៃសេដ្ឋកិច្ច សង្គម និងបច្ចេកវិទ្យា បានទាមទារឲ្យយើងខិតខំបន្តកែលម្អ និងពង្រឹងគុណភាពអប់រំ បន្ថែមទៀត។
ការលើកឡើងបែបនេះ ក្នុងឱកាសដែលលោកស្រី អញ្ជើញជាអធិបតីភាព ក្នុងទិវាជាតិអំណាន ក្រោមប្រធានបទ «អំណានជា កំណប់វិជ្ជាមហាសាល» ដោយមានសិស្សានុសិស្ស និស្សិត ចូលរួម២ពាន់នាក់ ដែលរៀបចំធ្វើឡើង នៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា នាព្រឹកថ្ងៃទី១១ ខែមីនា ឆ្នាំ២០១៨នេះ។ ទិវាជាតិអំណាន ធ្វើឡើងក្រោមប្រធានបទ «អំណានជាកំណប់វិជ្ជាមហាសាល» ដែលរៀបចំធ្វើឡើងដោយ ក្រសួងអប់រំ យុវជន និងកីឡា ក្នុងគោលបំណងលើកកម្ពស់សមត្ថភាពអាន ស្មូតកំណាព្យ និងការតែងនិពន្ធ ដើម្បីរួមចំណែកការពារ និងពង្រឹងវប្បធម៌ខ្មែរ។
លោកស្រីឧបនាយករដ្ឋមន្ត្រី ម៉ែន សំអន បានលើកឡើងថា ក្រោមការដឹកនាំដ៏ឈ្លាសវៃ ប្រកបដោយគតិបណ្ឌិតរបស់សម្តេចតេជោ បានធ្វើឲ្យប្រជាពលរដ្ឋរស់នៅ ប្រកបដោយភាព សុខដុមរមនា កិត្តិយស និងសេចក្តីថ្លៃថ្នូរ មានជីវភាពធូធារ និងមានសុខសន្តិភាព សន្តិសុខ សុវត្តិភាព និងការអភិវឌ្ឍយ៉ាងពិតប្រាកដ និងបានដឹកនាំប្រទេសឆ្ពោះ ទៅរកភាពរីកចម្រើន និងអភិវឌ្ឍលើគ្រប់វិស័យទាំងអស់ ក្នុងនោះ វិស័យអប់រំ ក៏ទទួលបាន លទ្ធផលគួរជាទីមោទនៈ ទាំងបរិមាណ និងគុណភាព។
លោកស្រីឧបនាយករដ្ឋមន្ត្រី បញ្ជាក់ថា «ប៉ុន្តែការវិវឌ្ឍយ៉ាងឆាប់រហ័ស នៃសេដ្ឋកិច្ច សង្គម និងបច្ចេកវិទ្យា បានទាមទារឲ្យ យើងខិតខំបន្តកែលម្អ និងពង្រឹងគុណភាពអប់រំ បន្ថែមទៀត សំដៅឈានទៅសម្រេច បានជោគជ័យ នូវគោលដៅនៃយុទ្ធសាស្ត្រចតុកោណដំណាក់ទី៣ គឺដើម្បីកំណើនការងារ សមធម៌ និងប្រសិទ្ធភាព»។
លោកស្រីថា ដូច្នេះការពិនិត្យមើលឡើងវិញ ការពង្រឹង និងការបណ្តុះបណ្តាល សមត្ថភាព គុណភាព នៃធនធានមនុស្ស លើគ្រប់វិស័យ គឺជាភាពចាំបាច់ដែលក្រសួងនីមួយៗ ត្រូវយកចិត្ត ទុកដាក់សំដៅ ធ្វើយ៉ាងណាធានានូវគុណភាព និងសមត្ថភាពរបស់មន្ត្រីគ្រប់លំដាប់ថ្នាក់ ទាំងនិស្សិត សិស្សានុ សិស្សគ្រប់ កម្រិត និងពលរដ្ឋទូទៅ ឲ្យគេមានចំណេះដឹងទូលំទូលាយ តាមរយៈការបណ្ដុះ ទម្លាប់អានពេញមួយជីវិត ដើម្បីពង្រឹងសមត្ថភាពចំណេះដឹងទូទៅ ជំនាញឯកទេស និងភាសាបរទេស ជាមធ្យោបាយផ្លាស់ប្តូរព័ត៌មាន និងបទពិសោធន៍ ឲ្យបាន ទូលំទូលាយទាំងក្នុង និងក្រៅប្រទេស ជាការឆ្លើយតបទៅនឹងយុទ្ធសាស្រ្តរបស់រាជរដ្ឋាភិបាល និងផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិ។
លោកស្រីបានបញ្ជាក់ថា ការកែទម្រង់វិស័យអប់រំ ចាប់ពីថ្នាក់កុមារដ្ឋាន រហូតដល់ថ្នាក់ឧត្តមសិក្សា និងបានធ្វើកំណែទម្រង់ស៊ីជម្រៅ ក្នុងវិស័យ អប់រំ ស្របតាម យុទ្ធសាស្ត្រចតុកោណ ដំណាក់កាលទី៣ ដែលក្នុងនោះ មានវិស័យអប់រំ គឺជាវិស័យអាទិភាព បានចែងថា ការបន្តពង្រឹងគុណភាព នៃការអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ និងការអភិវឌ្ឍសម្រាប់ យុវជន នូវជំនាញបច្ចេកទេស និងជំនាញទន់ ពិសេសការធ្វើការងារជាក្រុម ការគោរពវិន័យ និងក្រមសីលធម៌វិជ្ជាជីវៈ និងក្នុងកន្លែងធ្វើការងារ។
លោកស្រីបន្ដថា តាមរយៈការកែលម្អកម្មវិធីបណ្តុះ បណ្តាល ការពង្រឹងក្របខណ្ឌគុណវុឌ្ឍន៍ជាតិ ការបង្កើតស្តង់ដារជាតិសមត្ថភាព ការត្រួតពិនិត្យ និងធ្វើតេស្តសមត្ថភាព ការទទួល ស្គាល់មុខជំនាញ ការអភិវឌ្ឍន៍មុខ ជំនាញ និងការប្រកួតប្រជែងជំនាញ សំដៅឆ្លើយតប នឹងសេចក្តីត្រូវការទីផ្សារពលកម្ម បង្កើនឱកាសការទទួលបានការងារ និងប្រើប្រាស់ឲ្យអស់ សក្តានុពល នូវផលលាភ ប្រជាសាស្ត្ររបស់កម្ពុជា ក៏ដូចជា ដើម្បីបង្កើតលក្ខខណ្ឌសមស្រប សម្រាប់ពលករកម្ពុជា អាចឈានឡើងទៅកាន់តួនាទីគ្រប់គ្រង និងដឹកនាំ៕