សម្តេចពិជ័យសេនា ទៀ បាញ់ អញ្ជើញជាអធិបតីភាព នៅក្នុងពិធីបុណ្យបញ្ចុះខណ្ឌសីមា និងសម្ពោធសមិទ្ធផលនានា នៅវត្តបឹងខ្នារ ខេត្តកំពង់ឆ្នាំង
11-03-2018 10:22
(កំពង់ឆ្នាំង)៖ នៅព្រឹកថ្ងៃទី១១ ខែមីនា ឆ្នាំ២០១៨នេះ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីក្រសួងការពារជាតិ បានអញ្ជើញជាអធិបតី នៅក្នុងពិធីបុណ្យបញ្ចុះខណ្ឌសីមា និងសម្ពោធសមិទ្ធផលនានានៅវត្តបឹងខ្នារ ក្នុងឃុំខ្នារឆ្មារ ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង។
សមិទ្ធផលថ្មីនានា នៅវត្តបឹងខ្នារនេះ គឺជាអំណោយដ៏ថ្លៃថ្លារបស់ សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ដែលបានប្រគេន និងប្រគល់ជូនតាមសំណូមពរនៃការស្នើសុំរបស់ព្រះសង្ឃ និងប្រជាពលរដ្ឋដែលរស់នៅក្នុងឃុំនេះ។
សមិទ្ធផលទាំងនោះ រួមមានដូចជា ខ្លោងទ្វារវត្ត, សាលាបាលី, កុដិលោក, ស្ពានបាឡេ, អគារសិក្សា រួមទាំងសមិទ្ធផលមួយចំនួនទៀត ដែលត្រូវបានសម្តេចតេជោ ប្រគល់ជូន នាយឧត្តមសេនីយ៍ សៅ សុខា និង នាយឧត្តមសេនីយ៍ មាស សំអុល ដឹកនាំកសាង ដែលចំណាយថវិកាប្រមាណជាង៧៦ម៉ឺនដុល្លារសហរដ្ឋអាមេរិក។
នៅក្នុងឱកាសនោះ សម្តេចពិជ័យសេនា ទៀ បាញ់ បានកោតសរសើរចំពោះនាយឧត្តមសេនីយ៍ទាំងពីររូប រួមទាំងប្រជាពលរដ្ឋនានា ដែលបានចូលរួមបង្កើតសមិទ្ធផលនៅក្នុងវត្តនេះ។
សម្តេចបានបន្តថា សមិទ្ធផលទាំងនេះ គឺជាផ្នែកមួយ នៃគោលនយោបាយអភិវឌ្ឍសេដ្ឋកិច្ច សង្គមកិច្ចរបស់រាជរដ្ឋាភិបាល ដែលផ្តោតការយកចិត្តទុកដាក់លើការជួយសម្រាលដល់ប្រជាពលរដ្ឋទាំងអស់ ជាពិសេសប្រជាពលរដ្ឋនៅតំបន់ដាច់ស្រយាលឱ្យមានជីវភាពរីកចម្រើនឡើង៕