(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានបង្ហាញការគាំទ្រ និងសាទរជាខ្លាំងចំពោះការរៀបចំឲ្យមានពិធីបុណ្យទន្លេ ដែលវាមិនត្រឹមតែជួយទាក់ទាញទេសចរណ៍ប៉ុណ្ណោះទេ តែក៏បានជួយផ្សព្វផ្សាយផលិតផល កសិផល និងវប្បធម៌របស់ខ្មែរផងដែរ។ ដោយមើលឃើញពីគុណតម្លៃ និងប្រយោជន៍នៃពិធីបុណ្យទន្លេ សម្តេចតេជោ ហ៊ុន សែន បានណែនាំឲ្យមានការរៀបចំពិធីបុណ្យនេះនៅតាមខេត្តជុំវិញបឹងទន្លេសាបផងដែរ។
ក្នុងឱកាសអញ្ជើញចូលរួមបើកពិធីបុណ្យទន្លេលើកទី៤ នៅក្រុងតាខ្មៅ ខេត្តកណ្តាល នៅល្ងាចថ្ងៃសៅរ៍ ៩រោច ខែផល្គុន នព្វស័ក ព.ស២៥៦១ ត្រូវនឹងថ្ងៃទី១០ ខែមីនា ឆ្នាំ២០១៨នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា បានណែនាំថាពិធីបុណ្យនេះមិនចាំបាច់តែធ្វើនៅទីរួមខេត្តនោះទេ ធ្វើនៅតំបន់ណាក៏បានឲ្យតែមើលទៅសក្តិសម។
សម្តេចនាយករដ្ឋមន្ត្រីបានបញ្ជាក់យ៉ាងដូច្នេះ «មិនមែនខេត្តនៅតាមដងទន្លេមេគង្គ តាមដងទន្លេបាសាក់នោះទេ ដែលត្រូវធ្វើ ប៉ុន្តែខេត្តនៅជុំវិញដងទន្លេសាប ក៏មានសិទ្ធិធ្វើជាម្ចាស់ផ្ទះរៀបចំបុណ្យទន្លេផងដែរ។ ខេត្តទាំងនោះ និងចំណុចទាំងនោះ មិនមានការចាំបាច់ថា ត្រូវតែធ្វើនៅទីរួមខេត្តទេ ទោះបីចំណុចណាមួយនៅក្នុងខេត្តក៏អាចធ្វើបានដែរ ប៉ុន្តែត្រូវរៀបចំ។ ចំណុចនៃការរៀបចំនេះ ក៏បង្កើតជាការទាក់ទាញពិធីនានាឲ្យកាន់តែច្រើន»។
ដើម្បីជាម្ចាស់ផ្ទះនៃពិធីបុណ្យទន្លេនេះ សម្តេចតេជោ បានណែនាំដល់បណ្តាខេត្តនីមួយៗត្រូវរៀបចំអភិវឌ្ឍន៍ខេត្តឲ្យកាន់តែស្រស់ស្អាត។ នៅក្នុងពិធីដដែលនេះ ដោយមើលឃើញពីសារខាន់នៃទន្លេ សម្តេចតេជោ ក៏បានណែនាំឲ្យមានការអភិរក្ស ថែទាំង និងទប់ស្កាត់នូវការនេសាទខុសច្បាប់ និងការកាប់បំផ្លាញព្រៃលិចទឹកផងដែរ។
ដើម្បីជាការរួមចំណែកជំរុញឲ្យទន្លេក្លាយជាប្រភពនៃការទាក់ទាញទេសចរណ៍កាន់តែខ្លាំងថែមទៀតនោះ សម្តេចនាយករដ្ឋមន្ត្រី ក៏បានផ្តល់នូវអនុសាសន៍ចំនួន៥ចំណុចថែមទៀត ដល់មន្ត្រីពាក់ព័ន្ធរួមគ្នាអនុវត្តន៍។ អនុសាសន៍ទាំង៥រួមមាន៖
១៖ រួមគ្នាការពារ សន្តិភាពឲ្យខានតែបាន កុំឲ្យមានសង្គ្រាមដូចក្នុងអតីតកាល បើគ្មានសន្តិភាព គឺគ្មានការអភិវឌ្ឍឡើយ។
២៖ ត្រូវរកប្រភពទុន ដើម្បីការពារការបាក់ច្រាំង និងត្រូវទប់ស្តាត់ការបូមខ្សាច់អាណាធិបតេយ្យផ្សេងៗ។
៣៖ ចូលរួមអភិវឌ្ឍន៍តាមដងទន្លេឲ្យមានប្រសិទ្ធិភាព ដើម្បីទាក់ទាញភ្ញៀវទេចរណ៍ ហើយសូមប្រជាពលរដ្ឋត្រូវតែចូលរួមជាមួយអាជ្ញាធរ ដើម្បីអភិវឌ្ឍន៍វិស័យទេសចរណ៍តាមដងទន្លេ។
៤៖ ត្រូវខិតខំពង្រីក និងពង្រឹកការដឹកជញ្ជូនតាមផ្លូវទឹកឲ្យបានច្រើនបន្ថែមទៀត ពីព្រោះការដឹកជញ្ជូនតាមផ្លូវទឹកបានចូលរួមចំណែកយ៉ាងសំខាន់ក្នុងការកាត់បន្ថយការស្ទះចរាចរណ៍គ្រោះថ្នាក់ចរាចរណ៍ តាមផ្លូវគោក ពិសេសកាត់បន្ថយការខូច ផ្លូវគោកទៀតផង។
៥៖ ត្រូវមានកិច្ចសហប្រតិបត្តិការជាមួយប្រទេសជិតខាង នៃមហាអនុតំបន់ទន្លេមេគង្គដើម្បីដាក់ចេញនូវយន្តការរួមគ្នាអភិវឌ្ឍន៍ប្រទេសតាមដងទន្លេមេគង្គឲ្យមានការរីកចម្រើន។ កន្លងមកកម្ពុជាតែងតែមានកិច្ចប្រជុំជាមួយប្រទេសនៃមហាអនុតំបន់ទន្លេមេគង្គធ្វើយ៉ាងណារួមគ្នាអភិវឌ្ឍន៍ទន្លេមេគង្គ ដើម្បីជីវភាពប្រជាពលរដ្ឋទាំងអស់គ្នា៕