(ភ្នំពេញ)៖ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន នៅថ្ងៃសៅរនេះ បានសម្តែងភាពរីករាយចំពោះការវិវឌ្ឍន៍ទៅរកភាពធូរស្រាលដ៏ល្អប្រសើរ នៃស្ថានភាពនៅឧបទ្វីបកូរ៉េ បន្ទាប់ពីមេដឹកនាំកូរ៉េខាងត្បូង និងកូរ៉េខាងជើង ចាប់ផ្តើមងាកទៅរកការចរចាគ្នាដោយសន្តិវិធី ក៏ដូចជាកិច្ចព្រមព្រៀងចរចារបស់ប្រធានាធិបតីអាមេរិក ជាមួយនឹងមេដឹកនាំកូរ៉េខាងជើងផងដែរ។
ការលើកឡើងអំពីជំហរកម្ពុជារបស់សម្តេចតេជោ ហ៊ុន សែន បានធ្វើឡើង នាល្ងាចថ្ងៃសៅរ៍ ៩រោច ខែផល្គុន នព្វស័ក ព.ស ២៥៦១ ត្រូវនឹងថ្ងៃទី១០ ខែមីនា ឆ្នាំ២០១៨នេះ ក្នុងឱកាសដែលសម្តេចបានអញ្ជើញជាអធិបតីក្នុងពិធីបើកជាផ្លូវការ ពិធីបុណ្យទន្លេ លើកទី៤ ឆ្នាំ២០១៨ នៅក្រុងតាខ្មៅ ខេត្តកណ្ដាល។
សម្តេចតេជោ ហ៊ុន សែន បានថ្លែងយ៉ាងដូច្នេះថា៖ «ខ្ញុំពិតជាមានការរីករាយដែលបានទទួលដំណឹងដ៏ល្អ ដែលទាក់ទងជាមួយនឹងកិច្ចសន្ទនាកាន់តែល្អប្រសើរ រវាងកូរ៉េខាងជើង និងកូរ៉េខាងត្បូង។ នេះក៏ជាបញ្ហាដ៏សំខាន់មួយ ដែលធ្វើឱ្យការព្រួយបារម្ភនៅក្នុងតំបន់ និងអន្តរជាតិ កាត់បន្ថយពីភាពតានតឹងមករកភាពធូរស្រាល ប៉ុន្តែអ្វីដែលសំខាន់ជាងនេះ ប្រសិនបើរឿងនេះវាបានកើតមែនពិតប្រាកដ គឺកិច្ចសន្ទនារវាងប្រធានាធិបតីសហរដ្ឋអាមេរិកដូណាល់ ត្រាំ ជាមួយនឹងមេដឹកនាំកូរ៉េខាងជើង គីម ជុងអ៊ុន»។
សម្តេចបានបន្ថែមថា ដំណឹងនៃជំនួបរវាងមេដឹកនាំអាមេរិក និងកូរ៉េខាងជើង គឺជាសារនយោបាយដ៏សំខាន់មួយ កំពុងទាក់ទាញពិភពលោក មិនគ្រាន់តែប្រទេសមហាអំណាច និងប្រទេសជិតខាងកូរ៉េប៉ុណ្ណោះទេ ក៏ប៉ុន្តែទាក់ទាញប្រទេសនានា នៅលើពិភពលោក ឱ្យមានការចាប់អារម្មណ៍ខ្ពស់ផងដែរ។
សម្តេចជឿជាក់ថា នៅក្នុងកិច្ចប្រជុំរវាងអាស៊ាន-អូស្រ្តាលី នៅប៉ុន្មានថ្ងៃខាងមុខនេះ ប្រហែលជាបញ្ហានេះ ក៏ជាបញ្ហាដែលប្រទេសអាស៊ាន-អូស្រ្តាលី អបអរសាទរផងដែរ។
សម្តេចបានគូសបញ្ជាក់ថា «ពិភពលោកក្នុងរយៈពេលចុងក្រោយនេះ ក៏បានកាត់បន្ថយការព្រួយបារម្ភអំពីការផ្ទុះឡើងនូវសង្រ្គាមនុយក្លេអ៊ែ រវាងកូរ៉េខាងជើង ជាមួយនឹងសហរដ្ឋអាមេរិក។ ប៉ុន្តែការស្រុះស្រួលនេះ បានក្លាយជាប្រធានបទ នៃការធូរស្រាលសម្រាប់មេដឹកនាំនៅលើពិភពលោក»។
សូមបញ្ជាក់ថា ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ និងមេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន បានព្រមព្រៀងថា នឹងជួបគ្នានៅខែឧសភាខាងមុខនេះ ដើម្បីពិភាក្សាស្ដីពីការលុបបំបាត់អាវុធនុយក្លេអ៊ែរ នៅលើឧបទ្វីបកូរ៉េ។ នេះបើតាម បេសកជនពិសេសកូរ៉េខាងត្បូង ដកស្រង់ដោយទីភ្នាក់ងារសារព័ត៌មានយ៉ុនហាប់ នៅព្រឹកថ្ងៃសុក្រ ទី០៩ ខែមីនា ឆ្នាំ២០១៨។
បេសកជនពិសេសកូរ៉េខាងត្បូង លោក ជុង អ៊ុយយ៉ុង (Chung Eui-yong) ថ្លែងនៅក្នុងសន្និសីទសារព័ត៌មាននៅឯសេតវិមាន នាឱកាសបំពេញដំណើរទស្សនកិច្ចក្នុងសហរដ្ឋអាមេរិកថា «មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន បានបង្ហាញពីការប្ដេជ្ញាចិត្តលុបបំបាត់អាវុធនុយក្លេអ៊ែរ ក៏ដូចជាបញ្ឈប់រាល់ការធ្វើតេស្ដអាវុធនុយក្លេអ៊ែរ និងមីស៊ីល។ មិនតែប៉ុណ្ណោះ លោកប្រធានាធិបតីអាមេរិក ក៏បាននិយាយដែរថា លោកចង់ជួបជាមួយលោក គីម ជុងអ៊ុន នៅខែឧសភា ដើម្បីលុបបំបាត់ជាអចិន្ត្រៃយ៍នៃអាវុធនុយក្លេអ៊ែរ នៅលើឧបទ្វីបកូរ៉េ»។
ដោយឡែក ប្រធានាធិបតីកូរ៉េខាងត្បូង លោក មូន ជែអ៊ីន បានស្វាគមន៍ចំពោះគម្រោងសន្ទនាននេះ។ លោកបានលើកឡើងថា គម្រោងកិច្ចប្រជុំកំពូល ដែលត្រូវបានព្រមព្រៀងរវាងប្រទេសកូរ៉េខាងជើង និងសហរដ្ឋអាមេរិក នឹងក្លាយដំណាក់កាលដ៏សំខាន់មួយ នៃការវិវដ្តន៍ស្ថានការណ៍ សម្រាប់ការស្វែងរកសន្តិសុខ ឲ្យតំបន់ឧបទ្វីបកូរ៉េ៕