(ភ្នំពេញ)៖ ប្រព័ន្ធទូទាត់លុយដ៏ទំនើប Sunpay ថ្មីមួយទៀត បានបើកសម្ពោធដំណើរការផ្លូវការនៅកម្ពុជា នៅថ្ងៃទី១០ ខែមីនា ឆ្នាំ២០១៨នេះ នាសណ្ឋាគារសាន់វេ រាជធានីភ្នំពេញ។

ការប្រកាសបើកសម្ពោធជាផ្លូវការនេះ បានធ្វើឡើង ក្រោយពីសម្លងឃើញថា សេវាទូទាត់ថវិកានៅកម្ពុជានាពេលបច្ចុប្បន្ននេះ មានការគាំទ្រច្រើន ពីប្រជាពលរដ្ឋខ្មែរនៅទូទាំងប្រទេស និងដើម្បីឆ្លើយតប នឹងតម្រូវការ និងចំណង់ចំណូលចិត្តរបស់ប្រជាពលរដ្ឋខ្មែរផងដែរ។

លោក សាំង ប៊ុនធឿន នាយកគ្រប់គ្រងក្រុមហ៊ុនទូទាត់លុយដ៏ទំនើប Sunpay បានប្រាប់ឲ្យដឹងថា ប្រព័ន្ធ Sunpay ជាប្រព័ន្ធមួយ ផ្តល់ភាពងាយស្រួល ទៅដល់អ្នកប្រើប្រាស់ ក្នុងការទូទាត់ ទំនិញផ្សេងៗ និងការដោះដូរជាដើម។

លោកបានបន្ថែមថា ប្រជាពលរដ្ឋ អាច ប្រើប្រាស់វិធីចំណាយលុយតាមរយៈ Sunpay នឹងអនុញ្ញាតឲ្យមានការតភ្ជាប់ពីលុយអេឡិចត្រូនិច ទៅរូបិយបណ្ណជាតិ បានយ៉ាង ងាយស្រួល។

លោក សាំង ប៊ុនធឿន បញ្ជាក់ថា ដោយសារតឬសំលឹងឃើញ យុវសម័យនេះ កាន់តែមានការរីកចម្រើនទៅមុខ ដូចនេះ យើងចង់ឃើញ អ្នកវិនិយោគ និងប្រជាពលរដ្ឋ យល់ដឹងនៅក្នុងក្នុងវិស័យនេះ ហើយសិក្សាស្វែងយល់ពី Sunpay អ្វីដែលពិសេសគឺប្រព័ន្ធនេះ ផ្តល់ផលប្រយោជន៍ជាច្រើនដល់ប្រជាពលរដ្ឋ និងអ្នកប្រើប្រាស់។

ប្រជាពលរដ្ឋ អាច ដោតឡូត App មួយ ដែលយើងអាចចាយ អាចទូទាត់ ទិញទំនិញ សំបុត្រយន្តហោះ កក់សណ្ឋាគារ គឺអាចប្រើ Sunpay បានតាមការគួរ ដោយការទូទាត់បានភ្លាមៗ។ ប្រព័ន្ធSunpay អ្នកប្រើប្រាស់អាច ធ្វើការចាយ ជាលក្ខណៈជាសាកលលោក មិនមែនតែសម្រាប់ប្រទេសមួយនោះទេ ឲ្យតែរាល់សេវាកម្ម ដែលមានជាដៃគូរបស់ Sunpay។

នាយកគ្រប់គ្រងក្រុមហ៊ុនទូទាត់លុយដ៏ទំនើប Sunpay រូបនេះ បានបន្ថែមថា ថ្ងៃនេះ ជាថ្ងៃសម្ពោធដំបូងឲ្យប្រជាពលរដ្ឋបានស្គាល់ ផលិតផល និងសេវាកម្មរបស់ Sunpay ទើបអាចឈានចូលដល់ការសិក្សា និងភ្ជាប់បន្ថែមពីប្រព័ន្ធនេះ សម្រាប់ដាក់ប្រើប្រាស់ ជាផ្លូវការបាន។

ជាមួយគ្នានោះ លោក Steven Choo នាយកប្រតិបត្តិក្រុមហ៊ុនទូទាត់លុយ​ Sunpay ប្រចាំនៅប្រទេសសាំងហ្គាពួរ បានប្រាប់ឲ្យដឹងថា លោកពិតជាសប្បាយចិត្ត ដែលកម្ពុជា បានជ្រើសរើសយកប្រព័ន្ធទូទាត់ដ៏ទំនើបនេះ យកមកចរាចរណ៍នៅលើទីផ្សារកម្ពុជា។

លោកបន្ថែមថា ការវិវត្តន៍ផ្នែកបច្ចេកវិទ្យារបស់កម្ពុជា នាពេលនេះ បានបង្ហាញថា ប្រទេសកម្ពុជា កំពុងតែរីកចម្រើនជាបន្តបន្ទាប់ខាងផ្នែកបច្ចេកវិទ្យាទំនើបនេះ ដើម្បីសម្រួលដល់ការរស់នៅរបស់ប្រជាពលរដ្ឋ ឲ្យកាន់តែមានភាពងាយស្រួល ក្នុងការរស់នៅជាងមុន។

លោក សាំង ប៊ុនធឿន បានបញ្ជាក់ថា ទីផ្សារធំរបស់ប្រព័ន្ធទូទាត់លុយ Sunpay មាននៅប្រទេសសាំងហ្គាពួរ និងទីផ្សារទី២ នៅក្នុងប្រទេសវៀតណាម។ លោក រំពឹងថា ប្រជាពលរដ្ឋខ្មែរ នឹងគាំទ្រ នូវប្រព័ន្ធទូទាត់ដ៏ទំនើបនេះ ដើម្បីជាជម្រើសងាយស្រួល ក្នុងការរស់នៅរបស់បងប្អូនប្រជាពលរដ្ឋគ្រប់ៗរូប។

ក្រុមហ៊ុនទូទាត់លុយដ៏ទំនើប Sunpay នឹងរៀបចំឲ្យមានប្រព័ន្ធបណ្តុះបណ្តាលមួយ ដើម្បីផ្តល់ជូនឲ្យប្រជាពលរដ្ឋ និងក្រុមអាជីវកម្ម ដែលចូលចិត្ត ដោយភ្ជាប់ជាមួយ Sunpay នៅក្នុងពេលឆាប់ៗខាងមុខនេះ៕