(ភ្នំពេញ)៖ អ្នកជំនាញអារ្យធម៌ខ្មែរ និងជាអ្នកនិពន្ធសៀវភៅស្ដីពីប្រវត្ដិទង់ជាតិ ភ្លេងជាតិ នគររាជ លោក រត្ន័ សណ្ដាប់ បានថ្លែងអះអាងប្រាប់អង្គភាពព័ត៌មាន Fresh News ឲ្យដឹងនៅល្ងាចថ្ងៃទី១០​ ខែមីនា ឆ្នាំ២០១៨នេះថា បើនិយាយពីកិច្ចព្រមព្រៀងរវាងលោក សម រង្ស៊ី នឹងលោក Kok Ksor (កុក ស) ជាជនជាតិភាគតិច «Degar-ដេកា» ហៅថា «ម៉ុងតាញ៉ា» ដូចយើងឃើញមានការបែកធ្លាយតាមបណ្ដាញសង្គមយ៉ាងផុលផុសសព្វថ្ងៃនេះ ដោយប្រើទង់ជាតិព្រះរាជាណាចក្រកម្ពុជា, ទង់ជាតិ (ម៉ុងតាញ៉ា) និងទង់ជាតិអាមេរិកំាង ស្ថិតចំកណ្ដាល ក្នុងការកាត់ខេត្ដខ្មែរបួនគឺ៖ មណ្ឌលគីរី រតនគីរី ក្រចេះ នឹងស្ទឹងត្រែង ជាស្វ័យភាពឲ្យជនបរទេសនោះ គឺបង្ហាញយ៉ាងច្បាស់ថា ជនជាតិម៉ុងតាញ៉ានេះគឺជារដ្ឋអធិបតេយ្យ មួយយ៉ាងពិតប្រាកដ ពីព្រោះទង់ជាតិ គឺជានិមិត្ដរូបតំណាងឲ្យអធិបតេយ្យជាតិបូរណភាពទឹកដីនៃរដ្ឋនីមួយៗ។ មានន័យថា «ចំពោះការប្រើទង់ជាតិជនជាតិ (ម៉ុងតាញ៉ា)នេះគឺជនជាតិ នេះស្មើនឹងរដ្ឋអធិបតេយ្យដូចខ្មែរ ឬអាមេរិកំាង» យ៉ាងដូច្នោះដែរ។

លោក រត្ន័ សណ្ដាប់ សូមច្រានចោលផងដែរ ចំពោះមតិខ្លះដែលអះអាងថា ជនជាតិម៉ុងតាញ៉ា ជាជនជាតិភាគតិចរស់នៅក្នុងប្រទេសកម្ពុជាយើងនេះ។

ចំពោះករណីកិច្ចព្រមព្រៀងរវាងលោក សម រង្ស៊ី នឹងលោក កុក ស គឺពិតជាបង្ហាញអំពីស្មារតីផ្ទុយរដ្ឋធម្មនុញ្ញា និងច្បាប់អន្ដរជាតិយ៉ាងពិតប្រាកដ។ បានសេចក្ដីថា រដ្ឋធម្មនុញ្ញាកម្ពុជា គឺពុំអនុញាតឲ្យជនបរទេសប្រើប្រាស់ទឹកដីខ្មែរជាដាច់ខាត។ រីឯច្បាប់អន្ដរជាតិនេះទៀតសោត ក៏ដូច្នោះដែរ ក្នុងករណីជនជាតិទំាងទ្បាយណាដែលជាជនភៀសខ្លួនមកស្នាក់នៅ ប្រទេសណាមួយជាអាទិ៍៖ ប្រទេសកម្ពុជាជាដើមគឺ៖ ចំពោះការទទួលស្គាល់ ឬមិនទទួលស្គាល់ជាជនភៀសខ្លួន គឺអាស្រ័យលើអង្គការសហប្រជាជាតិ ទទួលបន្ទុកជនជាតិ ភៀសខ្លួនជាអ្នកសម្រេច។ បានន័យថា បើជនភៀសខ្លួនណាត្រូវបានអង្គការសហប្រជាជាតិទទួលបន្ទុកជនភៀសខ្លួនទទួលស្គាល់ គឺគេអាចស្វែងរក ឬបញ្ជួនឲ្យទៅរស់នៅប្រទេសទី៣បាន។ ផ្ទុយទៅវិញ បើជនភៀសខ្លួនណាពុំត្រូវបានអង្គការសហប្រជាជាតិទទួលស្គាល់នោះទេ គឺគេអាចបញ្ជួនឲ្យត្រទ្បប់ទៅប្រទេសសាមីដើមវិញ។

បើដូច្នេះបើនិយាយពីជនជាតិម៉ុងតាញ៉ា គឺពុំមែនជាជនជាតិតំណាងឲ្យរដ្ឋអធិបតេយ្យណាមួយនោះទេ គឺគ្រាន់តែជាជនជាតិភាគតិចមួយរស់នៅតំបន់ភ្នំប្រទេសវៀតណាមតែប៉ុណ្ណោះឯង។

លោក រត្ន័ សណ្ដាប់ បន្ដថា ចំពោះពាក្យថា «Montagnard» ជាពាក្យភាសាបារំាងបានន័យថា «ជនជាតិរស់នៅព្រៃភ្នំ ឬអ្នកព្រៃភ្នំ» ព្រោះបារំាងគ្រប់គ្រងវៀតណាមមុនអាមេរិក ហើយដល់អាមេរិកំាងគ្រប់គ្រងវៀតណាមខាងត្បូង ក៏បន្ដហៅមិនខុសគ្នាដែរ។ ដោយហេតុនេះបើនិយាយពីជនជាតិភាគតិច គឺពុំមានជនជាតិភាគតិចណាមួយ ប្រើទង់ជាតិជាតំណាង រដ្ឋបាននោះទេ។ ហើយទន្ទឹមនឹងនេះ លោក រត្ន័ សណ្ដាប់ ក៏បានច្រានចោលផងដែរ ចំពោះមតិខ្លះដែលអះអាងថា ជនជាតិម៉ុងតាញ៉ា ជាជនជាតិភាគតិចរស់នៅក្នុងប្រទេសកម្ពុជា យើងនេះ។ ដោយលោកចោទជាចម្ងល់ថា បើជាជនជាតិម៉ុងតាញ៉ារស់ក្នុងប្រទេសកម្ពុជាយើង តើចំាបាច់អីមេដឹកនំាគណបក្សនយោបាយមួយប្រើទង់ជាតិ តំណាងអធិបតេយ្យជាតិ ទៅចុះកិច្ចព្រមព្រាងជាមួយជនជាតិភាគតិចខ្លួនមានទង់ជាតិ (ជាតំណាងអធិបតេយ្យ) មួយទៀតយ៉ាងដូច្នេះធ្វើអ្វី?

បើហេតុនេះបើថ្លែងពីសាវតារជនជាតិម៉ុងតាញ៉ានេះទៀតសោត ដោយកាលពីទវត្សរ៍ទី១៩៧០ គឺក្នុងសង្រ្គាមរវាងអាមេរិកំាង និងវៀតណាម គឺជនជាតិម៉ុងតាញ៉ានេះក៏ធ្លាប់បានជួយការពារ នឹងលាក់បំពួនដល់ទាហានអាមេរិកំាងយ៉ាងច្រើនផងដែរ។ ដោយសារកត្ដានេះហើយ ទើបយើងឃើញថា ចំពោះករណីជនជាតិម៉ុងតាញ៉ានេះហាក់ត្រូវបានអាមេរិកំាងផ្ដល់សិទ្ធិនឹងអនុគ្រោះ ជាពិសេសបំផុតផងដែរ។ ជាក់ស្ដែងដូចជាការប្រើប្រាស់កញ្ជាជាដើម បើទោះបីច្បាប់អាមេរិកំាងតឹងរឹងយ៉ាងណាក៏ដោយ ក៏ជនជាតិនេះគឺអាចប្រើប្រាស់បានដោយពុំមានទោសពៃអ្វីទ្បើយ៕