(ភ្នំពេញ)៖ ការផ្សាយព័ត៌មានពេញពិភពលោកថា មានមនុស្សស្លាប់៦នាក់ និងរបួសជាង៤០នាក់ ដោយការបាញ់ប្រហាររបស់អាជ្ញាធរក្នុងខេត្តក្រចេះ ដោយវិទ្យុអាសេរីព្រឹកថ្ងៃសុក្រទី៩ មីនា ហ៊ានបំប៉ោងរហូតដល់ថា អ្នកស្លាប់បានកើនឡើងដល់៨នាក់ គឺជាការប្រឌិតព័ត៌មានដ៏អាក្រក់បំផុត ក្នុងចេតនាបង្ខូចឈ្មោះរាជរដ្ឋាភិបាល និងដុតបញ្ឆេះកំហឹងពលរដ្ឋ ឲ្យប្រឆាំងអាជ្ញាធរ។
ករណីនេះជាឧទាហរណ៍ថ្មីដ៏សំខាន់មួយទៀត ដែលបង្ហាញពីកង្វះវិជ្ជាជីវៈយ៉ាងធ្ងន់ធ្ងរ នៃពពួកមនុស្សបីប្រភេទដែលមហាជនត្រូវតែប្រុងប្រយ័ត្ន៖
ទី១៖ គឺកង្វះវិជ្ជាជីវៈរបស់អ្នកសារព័ត៌មាន៖ ក្នុងអាជីពជាអ្នកសារព័ត៌មាន គេបង្រៀនឲ្យអ្នកប្រកបអាជីពនេះប្រុងប្រយ័ត្នខ្លាំងណាស់ ដើម្បីកុំឲ្យព័ត៌មានរបស់ខ្លួនខុស ពីព្រោះការផ្សាយព័ត៌មានខុស ជាពិសេសក្នុងរឿងរសើបៗអាចបង្កឲ្យមានគ្រោះថ្នាក់យ៉ាងធំធេងដល់សង្គម ឬដល់មនុស្សដែលទទួលរងផលប៉ះពាល់។ អ៊ីចឹងហើយបានជាគេបង្រៀនអ្នកកាសែតឲ្យចេះវិធីផ្ទៀងផ្ទាត់ព័ត៌មានតាមរយៈការសាកសួរប្រភពឲ្យបានច្រើនខុសគ្នា ហើយប្រសិនបើប្រភពនិយាយខុសគ្នា គេមិនអាចសន្និដ្ឋានបានឡើយថាអ្វីជាការពិតនោះ?
ប៉ុន្តែតាមរយៈសំណុំរឿងនៅខេត្តក្រចេះ គេបានមើលឃើញយ៉ាងច្បាស់ថាសារព័ត៌មានដែលបម្រើនយោបាយឲ្យក្រុមប្រឆាំងខ្វះវិជ្ជាជីវៈយ៉ាងខ្លាំង។ កាសែតភ្នំពេញប៉ុស្តិ៍ ហ៊ានសរសេរព័ត៌មានភ្លាមៗថា មនុស្សស្លាប់៦នាក់ និងរងរបួស ៤០នាក់ ដោយអាជ្ញាធរបាញ់សម្លាប់ក្នុងខេត្តក្រចេះ។ រឿងធំដល់ម្លឹង ភ្នំពេញប៉ុស្តិ៍ដែលជាកាសែតបរទេសមួយ ដែលធ្លាប់តែអួតខ្លួនថា ឯករាជ្យ និងវិជ្ជាជីវៈបែរជាស្រង់សម្តីមនុស្សម្នាក់ជាមន្ត្រីអង្គការសង្គមស៊ីវិល ហើយមន្ត្រីនោះទៀតសោត មិនបានស្ថិតក្នុងហេតុការណ៍ទេ គឺគ្រាន់តែលឺគេថា ក៏ថាតាមគេប្រាប់អ្នកកាសែត? និយាយរួម ទាំងអ្នកកាសែត ទាំងប្រភព គឺមិនស្ថិតក្នុងហេតុការណ៍ទាំងអស់ហើយចេះអង្គុយសរសេរបិទភ្នែកទៅកើត? បែបនេះគេហៅថា កាសែតខ្ចប់មមិសមាន់ មិនមែនកាសែតវិជ្ជាជីវៈឡើយ។
និយាយពីអាស៊ីសេរីវិញ គ្រាន់តែឃើញភ្នំពេញប៉ុស្តិ៍ចេញភ្លាម ខ្លួនក៏ប្រញាប់បង្ហោះភ្លែតតាមវេបសាយដែរនូវព័ត៌មានដូចគ្នាបេះបិទនេះ។ មិនត្រឹមតែក្នុងវេបសាយឯណា រហូតដល់ម៉ោងផ្សាយព័ត៌មានពេលយប់ក៏ចេញមាតិកាដូចគ្នា នឹងភ្នំពេញប៉ុស្តិ៍ដែរ ដោយគ្មានញញើតបើទោះបីជាអាជ្ញាធរខេត្តចេញមុខបដិសេធព្រោងព្រាតហើយក៏ដោយ។ មិនត្រឹមតែមិនយកប្រភពពីអាជ្ញាធរមកប្រើប៉ុណ្ណោះទេ ប៉ុន្តែអាស៊ីសេរីបែរជាចំអកឲ្យសារព័ត៌មានដែលចុះផ្សាយសេចក្តីបដិសេធរបស់អាជ្ញាធរថាជាសារព័ត៌មានគាំទ្ររបបដឹកនាំក្រុងភ្នំពេញ ហើយថាគេបំភ្លៃព័ត៌មានទៅវិញ។ ខ្លួននៅចម្ងាយរាប់ម៉ឺនគីឡូម៉ែត្រពីកន្លែងកើតហេតុ ហើយហ៊ានចុះផ្សាយព័ត៌មានដ៏ធំមួយដោយគ្មានការផ្ទៀងផ្ទាត់ទាល់តែសោះ ហើយបានធ្វើការសន្និដ្ឋានយ៉ាងច្បាស់លាស់ ដើម្បីទម្លាក់កំហុសលើគេ គឺជាកំហុសវិជ្ជាជីវៈដ៏ធ្ងន់ធ្ងរបំផុតដែលមិនអាចអត់ឱនបាន។ ជុន ច័ន្ទបុត្រ ដែលគេស្គាល់ថា ជាអ្នកនយោបាយគាំទ្របក្សប្រឆាំងយ៉ាងងប់ងល់តែពាក់ស្លាកកាសែត បានសម្ភាសន៍ពលរដ្ឋម្នាក់ពីរាប់ម៉ឺនគីឡូម៉ែត្រ ហើយអ្នកនិយាយប្រាប់ទៀតសោត និយាយត្រឡប់ត្រឡិន ម្តងថា ឃើញអ្នកស្លាប់ពីរនាក់នៅនឹងមុខហើយត្រូវអាជ្ញាធរដឹកចេញទៅបាត់ ម្តងថា រកឃើញសាកសពពីក្នុងព្រៃអស់ហើយ រីឯអាជ្ញាធរក៏ដកថយអស់ហើយដែរ...។ ប៉ុន្តែ បុគ្គល ជុន ច័ន្ទ្របុត្រ នេះ នៅតែមិនចោលចរិតសប្បាយចិត្តនឹងការលាបពណ៌ដល់រដ្ឋាភិបាល ហើយក៏នៅបន្តប្រើប្រាស់ប្រភពដែលគួរឲ្យសង្ស័យនេះមកធ្វើជាប្រភពពិតរបស់ខ្លួនដើម្បីបំភាន់អ្នកស្តាប់ និងបង្ខូចឈ្មោះអាជ្ញាធររាជរដ្ឋាភិបាលយ៉ាងកំរោលបំផុត។
លើសពីនេះទៅទៀត លុះព្រឹកឡើងថ្ងៃទី ៩ មីនាទៅហើយ អាស៊ីសេរីមិនត្រឹមតែមិនយកចិត្តទុកដាក់ចំពោះការបដិសេធរបស់អាជ្ញាធរប៉ុណ្ណោះទេ គេថែមទាំងបំប៉ោងព័ត៌មានថា អ្នកស្លាប់កើនដល់ ៨នាក់ហើយ? ប៉ុន្តែ សូម្បីរូបថតមួយសន្លឹកដែលបង្ហាញពីសាកសពក៏គ្មានដែរ? អាក្រក់ជាងនេះដើម្បីបិទបាំងការផ្សាយព័ត៌មានកុហកក្លែងក្លាយគ្មានភស្តុតាង វិទ្យុគ្មានវិជ្ជាជីវៈមួយនេះថែមទាំងបានចោទអាជ្ញាធរថា បំផ្លាញទូរស័ព្ទអ្នកថតបានសាកសពថែមទៀត។
តើអ្នកសារព័ត៌មានអាស៊ីសេរីមានឈាមជាអ្នកអាជីពបន្តិចបន្តួចក្នុងខ្លួនដែរឬទេទើបហ៊ានផ្សាយព័ត៌មានបែបនេះកើត? តើអស់លោកដឹងទេថា ខ្លួនមានកំហុសប៉ុណ្ណា? តើពួកអស់លោកមានវិប្បដិសារីខ្លះទេពេលធ្វើទង្វើបែបនេះ?
ទី២៖ កង្វះវិជ្ជាជីវៈរបស់អង្គការសង្គមស៊ីវិលចាយលុយជនបរទេស៖ និយាយពីក្រុមអង្គការសង្គមស៊ីវិលមួយចំនួនជាពិសេសអង្គការដែលធ្វើការពាក់ព័ន្ធនឹងសិទ្ធិមនុស្សមានដូចជា អង្គការអាដហុកនេះជាដើម ខ្លួនឯងមិននៅក្នុងហេតុការណ៍សោះ ហើយគ្រាន់តែលឺគេថា ក៏ហ៊ានហារមាត់និយាយប្រាប់អ្នកកាសែតដែរធ្វើដូចខ្លួនឯងបានឃើញនឹងភ្នែក។ ចុះបើមិនដឹង មិនបានឃើញ ម្តេចមិនប្រាប់គេតាមត្រង់ទៅថា មិនបានដឹងទេ ឬមិនទាន់បានទទួលព័ត៌មានទេ។ ម្តេចក៏ចូលចិត្តចង់ល្បីនឹងរឿងមិនពិតខ្លាំងម៉្លេះ រឺមួយក៍បានបើកប្រាក់ខែពីជនបរទេសហើយបាត់បង់អស់នូវមនសិការជាមនុស្ស និងឧត្តមគតិជាតិហើយបែរជាសប្បាយនៅក្នុងការអនុវត្តផែនការទុច្ចរិតបំបែកបំបាក់ជាតិ តាមរយះយុទ្ធនាការផ្សព្វផ្សាយពត៍មានកុហកក្លែងក្លាយ Dirty Faked News Campaign ? អស់លោកឃើញទេ ព័ត៌មានមិនពិតដែលអស់លោកនិយាយចេញ ពីមាត់វាបង្កផលប៉ះពាល់យ៉ាងណាដល់អ្នកដទៃ? ឬក៏នេះជាចេតនា ជាអាជីពដូរបាយរបស់អស់លោក?
មិនមែនមានតែម្នាក់នេះទេ មន្ត្រីអង្គការសង្គមស៊ីវិលមួយចំនួនទៀតក៏ប្រញាប់ចែកចាយព័ត៌មានមិនពិតក្លែងក្លាយព្រោងព្រាតក្នុងបណ្តាញសង្គម ដោយអ្នកខ្លះមិនត្រឹមតែចែកចាយទេ តែថែមទាំងធ្វើអត្ថាធិប្បាយខ្លួនឯង ដោយចោទអាជ្ញាធរថា បាញ់សម្លាប់ពលរដ្ឋដូចបាញ់សត្វចាប សត្វព្រាប ជាដើម។ តើឯណាទៅមនសិការវិជ្ជាជីវៈរបស់អស់លោក? ឬមួយអស់លោកមកធ្វើការងារក្នុងអង្គការសង្គមស៊ីវិល គ្រាន់តែបន្លំខ្លួនយកប្រាក់ខែ បោកលុយពីបរទេសមកចាយ តែតាមពិតខ្លួនជាអ្នកនយោបាយសោះ? នេះជាកង្វះវិជ្ជាជីវៈនិងអព្យាក្រិត្យភាពយ៉ាងធ្ងន់ធ្ងររបស់អង្គការសង្គមស៊ីវិលមួយក្តាប់តូចទាំងនោះ។
ទី៣៖ កង្វះវិជ្ជាជីវៈឬជាទម្លាប់អាក្រក់របស់អ្នកនយោបាយស្ទើរភ្លើង៖ វាពិតជាគួរឲ្យសង្វេគ និងគួរឲ្យអណោចអធម៍ណាស់នៅពេលដែលលោក សម រង្ស៊ី ស្រាប់តែចេញសាររម្លែកទុក្ខអ្នកស្លាប់ ៦ នាក់ក្នុងព្រឹត្តការណ៍ខេត្តក្រចេះ។ តើរម្លែកទុក្ខអ្នកណាបើគ្មានមនុស្សស្លាប់ផងហ្នឹង? មិនត្រឹមតែលោក សម រង្ស៊ី មេដឹកនាំក្រុមឧទ្ទាមតែម្នាក់ទេ ប៉ុន្តែ មានគូកនរបស់ សម រង្ស៊ី ជាច្រើនទៀត ក៏បានយកព័ត៌មានប្រឌិត កុហកក្លែងក្លាយមួយនេះទៅបំប៉ោងព្រោងព្រាតដែរដោយមិនខ្វល់ពីការផ្ទៀងផ្ទាត់រកការពិតអ្វីឡើយឲ្យតែខ្លួនបានចំណេញនយោបាយ។ តើអស់លោកមានខ្មាសគេ ខ្មាសខ្លួនឯងបន្តិចបន្តួចដែរឬទេនៅពេលបានធ្វើទង្វើថោកទាបបែបនេះ?
ជាការពិតណាស់ នេះជាឧទាហរណ៍ជាក់ស្តែងមួយ តែវាមិនមែនជាលើកទី១ទេ ដែលក្រុមប្រឆាំងបានចងគ្នាជាបណ្តាញ មានអ្នកនយោបាយ សង្គមស៊ីវិល និងសារព័ត៌មានតែងតែផ្តុំគ្នា ធ្វើរឿងបែបនេះ។ ភាគច្រើននៃព័ត៌មានរបស់គេគឺ ការប្រឌិត ឬបំប៉ោង បំភ្លៃ ដើម្បីតែកេងចំណេញនយោបាយដោយបំភ្លេចចោលទាំងស្រុងនូវមនសិការវិជ្ជាជីវៈ។ ប៉ុន្តែករណីជាក់ស្តែង ចុងក្រោយនេះ គឺជាការបកស្បែកមុខអ្នកនយោបាយ សង្គមស៊ីវិល និងសារព័ត៌មាន ទុច្ចរិតជាពិសេស វិទ្យុអាស៊ីសេរី កាសែតភ្ម្នំពេញប៉ុស្តិ៍ ។ល។ ដើម្បីអោយសាធារណមតិជាតិ និងអន្តរជាតិបានឃើញយ៉ាងច្បាស់។ និយាយតាមបែបផ្សេងគឺដោយសារតែពួកគេអស់លក្ខណ៍។
ករណីនេះទៀតសោតត្រូវបានក្រុមអ្នកវិភាគមើលឃើញថា អាចមិនមែនជាការចៃដន្យទេ តែជាការរៀបចំឈុតឆាកជាបណ្តាញដើម្បីបង្ខូចកេរ្តិ៍ឈ្មោះរដ្ឋាភិបាលដោយចេតនាតែម្តង ជាពិសេសក្នុងពេលដែលអ្នករាយការណ៍ពិសេសអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សនៅកម្ពុជាគឺលោកស្រីរ៉ូណាស្មីតកំពុងទស្សនៈកិច្ចនៅកម្ពុជា ក៏ដូចជាកៀកពេលដែល នាយករដ្ឋមន្ត្រី ហ៊ុន សែន ចេញទៅទស្សនៈកិច្ចនៅប្រទេសអូស្ត្រាលីផងដែរ។ ដូច្នេះអាជ្ញាធរមានសមត្ថកិច្ច គួរបើកការស៊ើបអង្កេតឲ្យបានស៊ីជម្រៅអំពីរឿងនេះ។
ក្នុងករណីការបកស្បែកមុខយ៉ាងជាក់ស្តែងបំផុតចំពោះអ្នកប្រឌិតព័ត៌មានដ៏អាក្រក់នេះកំពុងដំណើរការ គេកំពុងរង់ចាំមើលថា តើអ្នកណាខ្លះហ៊ានចេញមុខទទួលខុសត្រូវ? ទាំងអ្នកសារព័ត៌មាន ទាំងអង្គការសង្គមស៊ីវិល និងអ្នកនយោបាយដូចបានលើកឡើងខាងដើម តើមានសេចក្តីក្លាហានទេដែលត្រូវចេញមុខទទួលខុសត្រូវ ចំពោះកំហុសវិជ្ជាជីវៈដ៏ធ្ងន់ធ្ងររបស់ខ្លួន? វិទ្យុអាស៊ីសេរីត្រូវសុំទោសយ៉ាងដូចម្តេចចំពោះអ្នកស្តាប់របស់ខ្លួន?
អង្គការសង្គមស៊ីវិលត្រូវធ្វើអ្វីខ្លះដើម្បីបង្ហាញពីការទទួលខុសត្រូវរបស់ខ្លួនចំពោះករណីនេះ? ចំណែកអ្នកនយោបាយវិញ តើមានមនសិការខ្មាសអៀនឬទេដែលបានធ្វើអំពើគួរឲ្យសង្វេគនិង
អសិលធម៍បែបនេះ?
គេមិនរំពឹងថា សារព័ត៌មានបែបអាស៊ីសេរី-ភ្នំពេញប៉ុស្ដិ៍ ទទួលស្គាល់កំហុសឡើយពីព្រោះការប្រឌិត បំភ្លៃ ដើម្បីបំភាន់ មិនត្រឹមតែជាជំនាញរបស់ពួកគេស្រាប់ទៅហើយប៉ុណ្ណោះទេ ប៉ុន្តែនេះក៍ផែនការនៃយុទ្ធនាការរបស់ពួកគេក្នុងការផ្យាយពត៍មានក្លែងក្លាយ Faked News Spread ផងដែរ ដើម្បីបង្កអស្ថេរភាពនិងភាពវឹកវរចលាចលក្នុងសង្គម ដើម្បីបង្កើតឱកាសឲ្យពួកប្រឆាំង និងចៅហ្វាយនាយបរទេសអាចលូកដៃចូលមកកកូរកកាយក្នុងប្រទេសជាតិបាន។ ចំណែកអ្នកនយោបាយដូចលោក សម រង្ស៊ី នេះក៏មានជំនាញខ្ពស់ក្នុងរឿងបែបនេះស្រាប់ហើយដែរ។ ដូច្នេះមិនរំពឹងថាមនុស្សពីរជំពូកនេះចេះខ្មាសអៀនហើយទទួលកំហុសនោះឡើយ។ ប៉ុន្តែ យ៉ាងហោចណាស់ អង្គការសង្គមស៊ីវិលត្រូវលុបលាងកំហុសរបស់ខ្លួន ដោយហ៊ានទទួលស្គាល់ការពិតថា ពិតជាគ្មានមនុស្សស្លាប់ទេក្នុងហេតុការណ៍នេះ ហើយត្រូវហ៊ានថ្កោលទោសចំពោះអ្នកប្រឌិតព័ត៌មាន ឬហ៊ានដាក់ទោសចំពោះមន្ត្រីរបស់ខ្លួនណាដែលខ្វះវិជ្ជាជីវៈ។
កន្លងទៅ គេមិនដែលបានឃើញអង្គការសង្គមស៊ីវិលណាហ៊ានធ្វើបែបនេះទេ។ គេចាំតែចេញសេចក្តីថ្លែងការណ៍ថ្កោលទោសអាជ្ញាធររដ្ឋាភិបាលតែប៉ុណ្ណោះ ទោះជារឿងនោះពិតឬមិនពិតយ៉ាងណា តែបើក្រុមផ្សេងជាគ្នា គេធ្វើខុសវីញ គឺគេនៅស្ងៀម គេធ្វើនៅបន្តអូសក្រឡាថា មិនទាន់ទទួលបានព័ត៌មានជាក់លាក់ ឬនៅបន្តស៊ើបអង្កេតសិន។ នេះជាទម្លាប់របស់អង្គការសង្គមស៊ីវិលដែលទទួលលុយពីប្រទេសលោកខាងលិចហើយធ្វើសកម្មភាពនៅកម្ពុជា។ ក្នុងករណីចុងក្រោយនេះ ក៏ទំនងជាមិនខុសគ្នាដែរ។
សរុបទៅ មហាជនកាន់តែអស់ជំនឿលើបណ្តាញផ្សាយព័ត៌មាន សង្គមស៊ីវិល និងអ្នកនយោបាយគ្មានអាជីពទាំងនោះទៀតហើយ។ នេះជាទណ្ឌកម្មដែលពួកគេត្រូវទទួលក្រោមរូបភាព កម្មដែលអ្នកសាងយ៉ាងណា អ្នកត្រូវទទួលផលយ៉ាងនោះ។ ម៉្យាងវិញទៀត កូនខ្មែរ ក៏សំណូមពរអោយរដ្ធាភិបាលពិនិត្យរៀបចំច្បាប់ដើម្បីទប់ស្កាត់ប្រឆាំងនឹងពត៍មាន ក្លែងក្លាយ Anti-Faked News Legislation ដើម្បីធានារក្សាបាន នូវស្ថេរភាពសង្គមនិងការឯកភាពជាតិយូរអង្វែង។
ដោយ៖ កូនខ្មែរ