(ទីក្រុងហ្សឺណែវ ប្រទេសស្វីស)៖ បន្ទាប់ពី​អញ្ជើញ​ដាក់តម្កល់​លិខិតុបករណ៍​នៃការចូលជាសមាជិកច្បាប់​ទីក្រុងហ្សឺណែវ ស្តីពីកិច្ចព្រមព្រៀង​ទីក្រុង​លីស្បោន អំពី​ឈ្មោះ​​​ប្រភព​ដើមទំនិញ និងម៉ាកសម្គាល់ភូមិសាស្ត្រទំនិញ នៅអង្គការកម្មសិទ្ធិបញ្ញាពិភពលោករួចមក កាលពីរសៀលថ្ងៃទី០៩ ខែមីនា ឆ្នាំ២០១៨ នៅទីក្រុងហ្សឺណែវ លោក ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម និង​គណៈប្រតិភូ បាន​ឆ្លៀតឱកាសជួបប្រជុំជាមួយអគ្គនាយកដ្ឋានសម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ច ការស្រាវជ្រាវ និងច្នៃប្រឌិតថ្មី និងអង្គភាពជំរុញ​ផលិតផលកសិកម្ម ដើម្បីស្វែងយល់ពីការអនុវត្ត និងស្រង់យកបទ​ពិសោធន៍​ល្អៗ ក្នុងការអភិវឌ្ឍសេដ្ឋកិច្ច ការស្រាវជ្រាវ និងច្នៃប្រឌិតថ្មី និងការជំរុញផលិតផលកសិកម្មក្នុងស្រុក តាមរយៈការប្រើប្រាស់ម៉ាកសម្គាល់ភូមិសាស្ត្រទំនិញ និង​ម៉ាក​កម្រិត​តំបន់ ​ក្នុងតំបន់ Canton of Geneva នៃប្រទេសស្វីស។

នៅក្នុងឱកាសនោះ លោករដ្ឋមន្ត្រី បានគូសបញ្ជាក់ថា ការអភិវឌ្ឍវិស័យស្រាវជ្រាវ និងអភិវឌ្ឍវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាក្នុងប្រទេសកម្ពុជានៅមានកម្រិតនៅឡើយ ដោយសារធនធានមនុស្ស ថវិកា និងហេដ្ឋារចនា សម្ព័ន្ធគាំពារនៅមានកម្រិត ដូច្នេះហើយទើបក្នុងទស្សនវិស័យ និង​​​ការវិនិយោគរយៈពេលយូររបស់រាជរដ្ឋាភិបាលកម្ពុជា បានបង្កើតឡើងក្រុមប្រឹក្សាជាតិវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាក្នុងឆ្នាំ២០១៤ ដើម្បីដាក់ចេញផែនការមេជាតិវិទ្យាសាស្ត្រ និងបចេ្ចកវិទ្យា ក្នុងទិសដៅជំរុញ និងសម្របសម្រួលការអភិវឌ្ឍវិទ្យាសាស្ត្រ និងបចេ្ចកវិទ្យានៅកម្ពុជា។

«ក្នុងដំណាក់កាល​អភិវឌ្ឍន៍នាពេលបច្ចុប្បន្ននេះ កម្ពុជាគួរផ្តោតទៅលើការជំរុញ និងអភិវឌ្ឍផលិតផលសក្តានុពលមួយចំនួន ដើម្បីផ្គត់ផ្គង់ទីផ្សារក្នុងស្រុក ក៏ដូចជាទីផ្សារអន្តរជាតិ ដោយមានប្រព័ន្ធត្រួតពិនិត្យច្បាស់លាស់លើគុណភាពផលិតផលក្នុងកម្រិតស្តង់ដារជាក់លាក់ណាមួយ ដែលធានាចំពោះមុខអតិថិជនតាំងពីកន្លែងផលិតរហូតដល់ការចែកចាយប្រើប្រាស់ចុងក្រោយ ដូចជា​ផលិតផលមានលក្ខណៈពិសេសផ្សារភ្ជាប់នឹងដែនដី អ័រហ្គានិក កសិដ្ឋានធម្មជាតិ ការជ្រើសរើសផលិតផលល្អៗធ្វើជាវត្ថុធាតុដើម។ល។ ក្រោមរូបភាពម៉ាកសម្គាល់ភូមិសាស្ត្រទំនិញ ម៉ាកសមូហភាព (ភូមិមួយផលិតផលមួយ) ម៉ាកវិញ្ញាតកម្ម។ល។ ដែលជាឧបករណ៍ពង្រីកទីផ្សារដែលត្រូវការពារក្នុងកម្រិតជាតិ ឬអន្តរជាតិឲ្យបានរឹងមាំ។ ជាក់ស្តែងនៅ Maison du Terroir ដែលជាកន្លែងបណ្តុះបណ្តាល ជំរុញ កែច្នៃ និងអភិវឌ្ឍផលិតផលរបស់ប្រទេសស្វីស ក្រោមរូបភាពសហការគ្នាជាដៃគូដែលពាក់ព័ន្ធ ដោយសំរាំងយកផលិតផលមានលក្ខណៈពិសេសផ្សារភ្ជាប់នឹងដែនដីល្បីៗមកធ្វើជាវត្ថុធាតុដើម​ ដើម្បីផលិតផលិតផលថ្មី ដូចជាសាច់ក្រក់ម៉ាក DON RECROZE បានផលិតឡើងដោយមានធាតុផ្សំមួយក្នុងចំណោមធាតុផ្សំល្បីៗដទៃទៀត គឺ “ម្រេចកំពត” ជាដើម» លោក​ ប៉ាន សូរស័ក្តិ បាន​គូស​បញ្ជាក់។

លើសពីនេះ លោករដ្ឋមន្ត្រី ក៏បានលើកឡើងផងដែរថា កសិករ ផលិតករ និងអាជីវករកម្ពុជាណាដែលប្រកាន់យកនូវគំរូ (Model) ក្នុង​ការផលិត និងកែច្នៃដូចបានបញ្ជាក់ជូន ពិតជានាំមកនូវភាពរីកចម្រើន ហើយចូលរួមចំណែកដល់ការអភិវឌ្ឍភូមិមួយផលិតផលមួយ សេដ្ឋកិច្ចជាតិ ដោយបង្កើតការងារ កាត់បន្ថយភាពក្រីក្រ និងចំណាកស្រុកជាក់ជាមិនខានឡើយ៕