(សៀមរាប)៖ មហាជនប្រហែលជាធ្លាប់ឮ ឬបានឃើញហើយនូវបារាយណ៍ទឹកថ្លា ឬបារាយណ៍ខាងលិច ដែលលាតសន្ធឹងដ៏ធំល្វឹងល្វើយក្នុងខេត្តសៀមរាប។ ដោយអំណាចនៃលំហទឹកឆ្ងាយដាច់កន្ទុយភ្នែក បារាយណ៍ដែលមានអាយុកាលរាប់ពាន់ឆ្នាំមួយនេះ បានជួយសម្រួលដល់ជីវភាពប្រជាពលរដ្ឋខ្មែរតាំងពីសម័យមហានគរ រហូតដល់សម័យតេជោបច្ចុប្បន្ន ព្រោះបើតាមអាជ្ញាធរជាតិអប្សរាបានឲ្យដឹងថា មេទឹកដ៏មហិមានេះ អាចស្រោចស្រប់ស្រូវ និងដំណាំផ្សេងៗរបស់ប្រជាពលរដ្ឋនៅជុំវិញនោះយ៉ាងហោចណាស់ក៏ ១៣,០០០ហិកតាដែរ។
ប្រវត្តិសាស្ត្រខ្មែរបានសរសេរថា បារាយណ៍ទឹកថ្លា ឬបារាយណ៍ខាងលិខនេះ ចាប់ផើ្តមកសាងឡើងចាប់ពីឆ្នាំ ១០០២-១០៦៦ ពោលចាប់ពីរជ្ជកាលព្រះបាទសូរ្យវរ្ម័នទី១ (១០០២-១០៥០) ហើយបានបញ្ចប់ជាស្ថាពរក្នុងរជ្ជកាលព្រះបាទឧទយាទិត្យវរ័្មនទី២ (១០៥០-១០៦៦) នៃសម័យមហានគរ ក្នុងគោលបំណងយកទឹកធ្វើប្រាសាទ ស្រោចស្រពផលដំណាំរបស់ប្រជារាស្ត្រ និងទុកប្រើប្រាស់ជាប្រយោជន៍ជាច្រើនទៀត។ បារាយណ៍នេះមានបណ្តោយ ៧,៩០០ម៉ែត្រ និងទទឹង ២,២០០ម៉ែត្រ ហើយអាចផ្ទុកទឹកពេញបានប្រមាណ ៨០,០០០,០០០ម៉ែត្រគូប និងមានជម្រៅ ៥ម៉ែត្រ។
ចំណេរកាលក្រោយមក ពិសេសក្នុងពេលកម្ពុជាទទួលបាននូវសន្តិភាពពេញលេញ ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បារាយណ៍ទឹកថ្លានេះ ត្រូវបានយកចិត្តទុកដាក់អភិរក្សការពារ និងស្ដារឡើងវិញ ដើម្បីស្តុកទឹកឲ្យបានច្រើនសម្រាប់យកទៅស្រោចស្រប់ស្រូវ និងដំណាំផ្សេងៗរបស់ប្រជាពលរដ្ឋនៅជុំវិញនោះ។
នៅឆ្នាំ២០១៤ រាជរដ្ឋាភិបាលប្រគល់សិទ្ធិឱ្យអាជ្ញាធរជាតិអប្សរាគ្រប់គ្រងទឹកបារាយណ៍ទឹកថ្លា ហើយអាជ្ញាធរជាតិអប្សរា ក៏បានសម្របសម្រួលរៀបចំ ឱ្យមានសហគមន៍ប្រើប្រាស់ទឹកឲ្យបានត្រឹមត្រូវ សម្រាប់ទាញយកទឹកបារាយណ៍ទឹកថ្លាយកទៅប្រើប្រាស់ជាប្រយោជន៍ដល់ការងារកសិកម្ម។ តាមរយៈការបោះឆ្នោតជ្រើសរើសប្រធានសហគមន៍នេះ លោក ហួត ហាយ បានជាប់ជាប្រធាននៅអាណត្តិទី១ និងបានដឹកនាំសហគមន៍អ្នកប្រើប្រាស់ទឹកបារាយណ៍ទឹកថ្លា រយៈពេល៣ឆ្នាំ។ ក្រោយបញ្ចប់អាណត្តិចាស់ នាថ្ងៃទី០៩ ខែមីនា ម្សិលមិញនេះ អាជ្ញាធរជាតិអប្សរា បានសម្របសម្រួលបោះឆ្នោតជ្រើសរើសប្រធានសហគមន៍អាណត្តិទី២ ក្នុងនោះលោក សុខ ម៉ក់ ត្រូវបានជាប់ជាប្រធាន។
លោក ជូរ៉ា ឌីណា អនុប្រធាននាយកដ្ឋានគ្រប់គ្រងទឹកនៃអាជ្ញាធរជាតិអប្សរា បានឲ្យដឹងថា ដើម្បីឱ្យការប្រើប្រាស់ទឹកនៅបារាយណ៍ទឹកថ្លាមាននិរន្តរភាព អាជ្ញាធរជាតិអប្សរាចង់ឱ្យប្រជាពលរដ្ឋទាំងផ្លាស់ប្តូរពីការធ្វើស្រែមកដាំដំណាំវិញ ព្រោះការដាំដំណាំវាប្រើប្រាស់ទឹកអស់តិច ហើយអាចបង្វែរទាំងក្នុងបារាយណ៍ទៅធ្វើទឹកស្អាតវិញ ព្រោះតម្រូវការក្នុងទីក្រុងសៀមរាបបច្ចុប្បន្ន មានការកើនឡើងខ្ពស់។ លោកបន្ថែមទៀតថា កាដាំដំណាំនេះ ក្រៅពីប្រើទឹកអស់តិចហើយនោះក៏អាចលក់បានថ្លៃជាងទៀត ដូច្នេះលើកទឹកចិត្តឱ្យពលរដ្ឋគួរងៀកទៅដាំដំណាំ និងបន្លែជំនួសវិញ។
សូមបញ្ជាក់ថា កាលពីថ្ងៃទី១ ខែកក្កដា ឆ្នាំ២០១៤ រាជរដ្ឋាភិបាលបានប្រគល់ការងារគ្រប់គ្រងទឹក និងទ្វារទឹកនៅបារាយណ៍ទឹកថ្លា (បារាយណ៍ខាងលិច) ជូនអាជ្ញាធរជាតិអប្សរា ដោយត្រូវទទួលខុសត្រូវទាំងស្រុងលើតម្រូវការទឹកសម្រាប់ស្រូវចំនួន ១,២០០០ហិកតា (ស្រូវវស្សា ៨,០០០ហិកតា ស្រូវប្រាំង ៤,០០០ហិកតា) និងដំណាំរួមផ្សំផ្សេងទៀតចំនួន ១,០០០ហិកតា និងធានាដោះស្រាយរាល់បញ្ហាគ្រោះទឹកជំនន់ និងភាពរាំងស្ងួត ដែលអាចកើតមានឡើងជាយថាហេតុ។ បន្ទាប់ពីបានទទួលគោលការណ៍នេះហើយ អាជ្ញាធរជាតិអប្សរាបានជួសជុលស្តារឡើងវិញជាបន្ទាន់នូវទ្វារទឹក និងប្រព័ន្ធប្រឡាយនៃបារាយណ៍ខាងលិច ដែលការងារនេះធ្វើឲ្យប្រជាពលរដ្ឋមានទឹកគ្រប់គ្រាន់ សម្រាប់ការបង្កបង្កើនផលបានគ្រប់រដូវ៕