២ថ្ងៃទៀត អាជ្ញាធរខណ្ឌឫស្សីកែវ នឹងចុះវាស់វែងក្បាលដី ដែលទទួលផលប៉ះពាល់សងខាងផ្លូវរថភ្លើង ក្នុង៣សង្កាត់
10-03-2018 16:54
(ភ្នំពេញ)៖ ក្រុមការងារចម្រុះរដ្ឋបាលខណ្ឌឫស្សីកែវ នឹងចុះវាស់វែងលម្អិតលើក្បាលដី ដែលរងផលប៉ះពាល់ពីគម្រោងស្ថាបនាផ្លូវបេតុងលើអតីតផ្លូវរថភ្លើង ស្ថិតនៅសង្កាត់ចំនួន៣ ក្នុងខណ្ឌឫស្សីកែវ ចាប់ពីថ្ងៃទី១២ ខែមីនា ឆ្នាំ២០១៨តទៅ ដើម្បីទទួលបានទិន្នន័យកាន់តែច្បាស់លាស់។ នេះបើតាមការប្រកាសរបស់អាជ្ញាធរខណ្ឌឫស្សីកែវ នៅថ្ងៃនេះ។
រដ្ឋបាលខណ្ឌឬស្សីកែវ ក្រោមការដឹកនាំដោយផ្ទាល់ពីលោក ជា ពីសី អភិបាលខណ្ឌ នៅថ្ងៃទី១០ ខែមីនា ឆ្នាំ២០១៨នេះ បានចាត់លោក លីន ញ៉ក់ អភិបាលរងខណ្ឌ ឲ្យជម្រាបជូនដំណឹងដល់ប្រជាពលរដ្ឋ ដែលរស់នៅអមសងខាងអតីតផ្លូវរថភ្លើង ស្ថិតក្នុងសង្កាត់ចំនួន៣ រួមមានសង្កាត់គីឡូម៉ែត្រលេខ៦ សង្កាត់ឬស្សីកែវ និងសង្កាត់ទួលសង្កែទី១ ក្នុងខណ្ឌឬស្សីកែវ នារាជធានីភ្នំពេញ ដើម្បីឱ្យបានជ្រាបអំពីសកម្មភាពរបស់អាជ្ញាធរលើកនេះ។
អាជ្ញាធរខណ្ឌឫស្សីកែវ ក៏បានអំពាវនាវដល់ ម្ចាស់ក្បាលដីទាំងអស់ឱ្យចូលរួមសហការដោយផ្ទាល់ និងបង្ហាញឯកសារពាក់ព័ន្ធការកាន់កាប់ដីធ្លីជូនក្រុមការងារក្នុងពេលចុះវាស់វែង។ ក្នុងករណីខកខានពុំបានចូលរួមក្នុងអំឡុងពេលយុទ្ធនាការចុះវាស់វែងនេះ រដ្ឋបាលខណ្ឌ ពុំទទួលខុសត្រូវចំពោះការបាត់បង់ផលប្រយោជន៍របស់បងប្អូនឡើយ៕