(ស្ទឹងត្រែង)៖ បន្ទាប់ពីបានបញ្ចប់បេសកកម្មប្រគល់មេដាយការពារជាតិ និងជួបសំណេះសំណាល ជាមួយអតីតយុទ្ធជននៅតាមបណ្តាខេត្តភូមិភាគឧត្តរនៃប្រទេសហើយនោះ នាយឧត្តមសេនីយ៍ គន់ គីម អគ្គលេខាធិការសមាគមអតីតយុទ្ធជនកម្ពុជា បានបន្តដំណើរចុះទៅប្រគល់មេដាយការពារជាតិ និងសំណេះសំណាលជាមួយបងប្អូនអតីតយុទ្ធជននៅតាមបណ្តាខេត្តភូមិភាគឦសានវិញម្តង។
នៅក្នុងថ្ងៃដំបូងនៃដំបូងចុះទៅភូមិភាគឦសាននាយឧត្តមសេនីយ៍ គន់ គីម បានចុះទៅបំពាក់មេដាយការពារជាតិ និងសំណេះសំណាលជាមួយអតីតយុទ្ធជន ៨៣៥នាក់នៅក្នុងខេត្តស្ទឹងត្រែង។ ក្នុងពិធីបំបាក់មេដាយការពារជាតិជូនអតីតយុទ្ធជននេះ មានការអញ្ជើញចូលរួមពីលោក ម៉ុម សារឿន អភិបាលខេត្តស្ទឹងត្រែង និង ឧត្តមសេនីយ៍ឯក ហួត ឈាង មេបញ្ជាការយោធភូមិភាគទី១ និងជាសមាជិកអចិន្ត្រៃយ៍គណៈកម្មាធិការកណ្តាលសមាគមអតីតយុទ្ធជនកម្ពុជា។
ក្នុងពិធីប្រគល់មេដាយការពារជាតិជូនដល់អតីតកងកម្លាំងប្រដាប់អាវុធដែលសុទ្ធសឹងជាអ្នកបានតស៊ូប្រយុទ្ធ ដើម្បីការពារនូវសុខសន្តិភាព និងការរស់រៀនជាថ្មីរបស់ជាតិ និងប្រជាជនកម្ពុជានោះ នាយឧត្តមសេនីយ៍ គន់ គីម បានរំលឹក និងលើកបង្ហាញនូវគំរូវីរភាពជាច្រើនរបស់បងប្អូនអតីតយុទ្ធជន។ លោកអគ្គលេខាធិការសមាគមបានលើកឡើងថា បងប្អូនអតីតយុទ្ធជនកម្ពុជា គឺជាចំណែកដ៏សំខាន់ក្នុងរក្សានូវសុខសន្តិភាព និងភាពរស់រៀនជាថ្មីរបស់ជាតិ និងប្រជាពលរដ្ឋកម្ពុជា។
«សុខសន្តិភាព ភាពសុខសាន្ត យើងអាចនិយាយបានថា ភាពរស់រៀនជាថ្មីរបស់ជាតិ និងប្រជាពលរដ្ឋកម្ពុជាទាំងមូលតែម្តង គឺបងប្អូនអតីតយុទ្ធជនរបស់យើងបានចូលរួមចំណែកធំណាស់។ ទសវត្សរ៍ឆ្នាំ៨០ រហូតដល់៩០ គឺបងប្អូនអតីតយុទ្ធជនយើងនេះហើយ បានស្ម័គ្រស្លាប់ ដោយមិនគិតអ្វីទាំងអស់លាគ្រួសារ លាមនុស្សស្រឡាញ់ចេញទៅសមរភូមិវាយប្រយុទ្ធទប់ទល់ជាមួយកងកម្លាំងខ្មែរក្រហម ដែលតស៊ូនៅតាមជាយដែនខ្មែរ-ថៃ ហើយតែងតែយាយីរំខានការរស់នៅរបស់ប្រជាពលរដ្ឋ ជាពិសេសតែងវាយប្រយុទ្ធចង់មកកាន់កាប់ប្រទេសជាថ្មី»។ នាយឧត្តមសេនីយ៍ គន់ គីម បញ្ជាក់។
នាយឧត្តមសេនីយ៍បន្តថា «ការលះបង់របស់បងប្អូនអតីតយុទ្ធជន គឺជាចំណែកមួយដ៏ធំធេងណាស់ជាមួយរាជរដ្ឋាភិបាលកម្ពុជាដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន មេដឹកនាំនាវាកម្ពុជាដ៏ខ្លាំងក្លា ដើម្បីរក្សាបាននូវការរស់រៀនរបស់ជាតិ និងប្រជាជន ក្រោយពេលរំដោះចេញពីរបបប្រល័យពូជសាសន៍ និងនាំកម្ពុជារកឃើញពន្លឺសុខសន្តិភាព ព្រមទាំងការអភិវឌ្ឍមកដល់ពេលបច្ចុប្បន្ន»។
លោកអគ្គលេខាធិការសមាគមអតីតយុទ្ធជនដែលកំពុងធ្វើសកម្មភាពដោះស្រាយទុក្ខលំបាក និងជួយលើកកម្ពស់ជីវភាពរបស់អតីតយុទ្ធជនបានលើកឡើងថា គុណូបការៈ និងការលះបង់របស់អតីតយុទ្ធជននេះ មិនត្រូវបានរាជរដ្ឋាភិបាលកម្ពុជា ជាពិសេសសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងជាប្រធានសមាគមអតីតយុទ្ធជន ក៏ដូចជាសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា។
បើតាមនាយឧត្តមសេនីយ៍ គន់ គីម ដើម្បីជួយលើកម្ពស់ជីវភាព និងការរស់នៅរបស់អតីតយុទ្ធជនឲ្យបានសមរម្យនោះ សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត បានបង្កើតជាតំបន់អភិវឌ្ឍន៍សម្រាប់អតីតយុទ្ធជនដូចជានៅតាកែនកោះស្លាខេត្តកំពត តំបន់អភិវឌ្ឍន៍ជនពិការនៅស្រុកគូលែន ខេត្តសៀមរាប និងនៅភ្នំឆ័ត្រ ខេត្តបន្ទាយមានជ័យជាដើម។ តាមរយៈតំបន់អភិវឌ្ឍន៍ទាំងនេះ សម្តេចតេជោ បានផ្តល់ដីសម្រាប់បង្កបង្កើនផល និងធ្វើផ្ទះសម្បែងសម្រាប់អតីតយុទ្ធជនរស់នៅបានសមរម្យផងដែរ។
ក្រៅពីការផ្តល់របបគោលនយោបាយផ្សេងៗហើយនោះ នៅពេលបច្ចុប្បន្នសម្តេចនាយករដ្ឋមន្ត្រី និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត តែងតែបានសម្រេចសាងសង់ផ្ទះភ្លាមៗជូនដល់អតីតយុទ្ធជន ដែលកំពុងខ្វះខាតផ្ទះសម្បែង ហើយនៅពេលពួកគាត់ ឬក្រុមគ្រួសារទទួលមរណភាព ក៏មានការឧបត្ថម្ភនូវថវិកាសម្រាប់ដោះស្រាយការលំបាកនោះផងដែរ។
នាយឧត្តមសេនីយ៍ គន់ គីម បន្តថា លើសពីនេះទៀតដើម្បីផ្តល់តម្លៃ និងកិត្តិយសដល់អតីតយុទ្ធជនសម្តេចតេជោ ហ៊ុន សែន ក៏បានទូលថ្វាយព្រះមហាក្សត្រខ្មែរ ដើម្បីសុំព្រះរាជទានមេដាយការពារជាតិដល់អតីតយុទ្ធជនថែមទៀងផង។
នាយឧត្តមសេនីយ៍ គន់ គីម ថ្លែងទៅកាន់បងប្អូនអតីតយុទ្ធជនថា «ជារួមមកសម្តេចតេជោ ហ៊ុន សែន ដែលជាមេបញ្ជាការផុតលេខ និងធ្លាប់បានហែលឆ្លងក្នុងសមរភូមិជាមួយបងប្អូនអតីតយុទ្ធជនដែរនោះ សម្តេចមិនដែលបំភ្លេចនូវការលះបង់របស់បងប្អូនចំពោះជាតិ និងមាតុភូមិនោះឡើយ។ សុខទុក្ខរបស់បងប្អូន គឺស្ថិតនៅក្នុងបេះដូងរបស់សម្តេចជានិច្ច»។
សូមបញ្ជាក់ថា ខេត្តចំនួន៥ហើយ រួមមានឧត្តរមានជ័យ សៀមរាប កំពង់ធំ ព្រះវិហារ និងស្ទឹងត្រែង ដែលនាយឧត្តមសេនីយ៍ គន់ គីម បានអញ្ជើញចុះប្រគល់មេដាយការពារជាតិជូនអតីតយុទ្ធជនកម្ពុជា៕