(ភ្នំពេញ)៖ ដើមឆ្នាំ២០១៨នេះ ប្រជាពលរដ្ឋរាជធានីភ្នំពេញ បានទទួលកាដូផ្ទួន ពីរាជរដ្ឋាភិបាលកម្ពុជា ក្នុងការធ្វើដំណើរតាមផ្លូវគោក ផ្លូវទឹក និងផ្លូវដែក ដោយបច្ចុប្បន្ននេះ កម្មករ កម្មការិនី ជិះរថយន្ដក្រុងដោយឥតគិតថ្លៃ ហើយនៅក្នុងឱកាសចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ នឹងទទួលបានការធ្វើដំណើរ ដោយគិតថ្លៃបន្ថែមទៀត តាមផ្លូវទឹក ផ្លូវដែក បន្ទាប់ពីគម្រោងទាំងពីរនេះ នឹងបញ្ចប់ការសាងសង់ និងដាក់ដំណើរ ក្នុងដើមខែមេសាខាងមុខនេះ។
ទេសរដ្ឋមន្ត្រី ស៊ុន ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានថ្លែងថា ក្រោមកិច្ចខិតខំប្រឹងប្រែង និងការដឹកនាំដ៏រឹងមាំរបស់រាជរដ្ឋាភិបាលកម្ពុជា បាននឹងកំពុងពន្លឿនការសាងសង់ទាំងផ្លូវទឹក និងផ្លូវដែក ឲ្យបានចប់រួចរាល់មុនចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរខាងមុខនេះ ដើម្បីសម្រួលដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ កុំឲ្យមានការកកស្ទះចរាចរណ៍ និងមិនចំណាយពេលវេលាយូរ ក្នុងការធ្វើដំណើរ និងកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ នឹងទទួលបានការធ្វើដំណើរ ដោយឥតគិតថ្លៃផងដែរ ។
ការបញ្ជាក់យ៉ាងដូច្នេះ ត្រូវបានធ្វើឡើងនៅក្នុងឱកាសទេសរដ្ឋមន្ត្រី អញ្ជើញចុះត្រួតពិនិត្យការដ្ឋានសាងសង់ ចំណតកំពង់ផែដឹកជញ្ជូនអ្នកដំណើរ តាមផ្លូវទឹក ត្រង់ចំណុច ទីលានប្រជាធិបតេយ្យថ្មី ខាងត្បូងការដ្ឋានស្ពានបាឡេ តាមបណ្ដោយផ្លូវជាតិ លេខ៥ នៅថ្ងៃទី១០ ខែមីនា ឆ្នាំ២០១៨នេះ ។
ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានថ្លែងទៀតថា «កាណូតដឹកអ្នកដំណើរ តាមផ្លូវទឹកចេញពីខណ្ឌព្រែកព្នៅ ឆ្ពោះទៅក្រុងតាខ្មៅ ខេត្តកណ្ដាល តាមបណ្ដោយទន្លេសាប និងទន្លេបាសាក់ ដែលនឹងដាក់ដំណើរការនៅថ្ងៃទី០៦ ខែមេសា ឆ្នាំ២០១៨ ដែលបច្ចុប្បន្ននេះ កំពុងរៀបចំសាងសង់ កំពង់ផែនីមួយៗដែលមានចំនួន៦ទីតាំង និងកំពុងផលិតកាណូតចំនួន២គ្រឿង ដែលនាំចូលពីប្រទេសវៀតណាម ដោយក្នុងមួយគ្រឿងតម្លៃ២០ម៉ឺនដុល្លារ និងកាណូតចាស់ ដែលកំពុងជួសជុល២គ្រឿងទៀត សរុបនឹងដំណើរការរត់ ទៅមកបណ្ដោះអាសន្នចំនួន៤គ្រឿងសិន ក្នុងថ្ងៃដាក់ឲ្យដំណើរនោះ ដែលគម្រោងទាំងនេះ គឺរាជរដ្ឋាភិបាលយើង ផ្គត់ផ្គង់ទាំងស្រុងតែម្ដង»។
លោកបានបញ្ជាក់ថា «ក្រសួងសាធារណការ នឹងរៀបចំដាក់ឲ្យដំណើរការនូវកាណូតនេះ ឲ្យបានរួចរាល់ តាមដែលការសន្យា ហើយក្រោយពេលដែលដំណើរការរលូនហើយ យើងអាចផ្ទេរមកមន្ទីរសាធារណការរាជធានីភ្នំពេញ ដើម្បីធ្វើយ៉ាងណា តភ្ជាប់ផ្លូវទឹក និងផ្លូវគោករបស់យើងនេះ ដែលមានរថយន្ដក្រុង តភ្ជាប់ជាមួយនឹងកាណូតយើង [...] ដែលយើងនឹងពិភាក្សាជាមួយអភិបាលរាជធានីភ្នំពេញ ធ្វើយ៉ាងដើម្បីសម្រួលដល់ប្រជាពលរដ្ឋធ្វើដំណើរផ្លូវគោក ផ្លូវទឹក និងផ្លូវដែក ថាតើអាចមានទិញសំបុត្រជិះឡានក្រុងតែមួយ ហើយអាចជិះកាណូតថែមទៀតបានទេ ឬជិះកាណូត ហើយចុះមកជិះឡានក្រុងវិញ ក្នុងតម្លៃមួយសមរម្យណាមួយ ដែលកុំឲ្យប្រជាពលរដ្ឋយើង ចំណាយថវិកាអស់ច្រើន ព្រោះអីក្នុងនោះ រាជរដ្ឋាភិបាលយើង ក៏បានអនុវត្ដន៍រួចមកហើយ ដោយឲ្យកម្មករ កម្មការិនី ជិះឡានក្រុងដោយឥតគិតថ្លៃ ចុះសម្រាប់ជិះកាណូត វិញយ៉ាងណានោះ ។ ដូច្នេះ យើងនឹងផ្ដល់ដំណឹងល្អតាមក្រោមបន្ថែមទៀត»។
គួរបញ្ជាក់ថា គម្រោងផ្លូវដែក និងផ្លូវទឹកទាំង៣ ដែលកំពុងមមាញឹកក្នុងការសាងសង់នោះ រួមមាន៖
១៖ ផ្លូវដែកបំបែកពីផ្លូវចាស់ (ដែលចេញពីស្ថានីយ៍រថភ្លើងរាជធានីភ្នំពេញ ឆ្ពោះទៅខេត្តព្រះសីហនុ) ចូលទៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ។ កំណាត់ថ្មីនេះមានប្រវែង ១,៩១៣ម៉ែត្រ ហើយរថភ្លើង៣គ្រឿង (កំពុងផលិតនៅប្រទេសម៉ិកស៊ីកូ) នឹងដាក់ឲ្យដំណើរមុនចូលឆ្នាំខ្មែរ សម្រាប់ដឹកជញ្ជូនភ្ញៀវទេសចរ ចេញចូលអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ។ ចំពោះកន្លែង Check in ក្រសួងសាធារណការ កំពុងតែពិភាក្សាជាមួយអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ដើម្បីឲ្យភ្ញៀវអាច Check in បាននៅស្ថានីយរថភ្លើងរាជធានីភ្នំពេញ។
២៖ ផ្លូវដែកចេញពីក្រុងប៉ោយប៉ែត ឆ្ពោះទៅស្វាយស៊ីសុផុន មានប្រវែង៤៨គីឡូម៉ែត្រ នឹងដាក់ដំណើរនៅថ្ងៃទី០៤ ខែមេសា ឆ្នាំ២០១៨ ខាងមុខ។ ត្រង់ចំណុចនេះ លោកទេសរដ្ឋមន្ត្រីបានបញ្ជាក់ទៀតថា នឹងដាក់ដំណើរខ្សែរត់ចាស់ឡើងវិញ ពោលចេញពីក្រុងប៉ោតប៉ែត កាត់តាមស្វាយស៊ីសុផុន ខេត្តបាត់ដំបង ពោធិ៍សាត់ កំពង់ឆ្នាំង ឆ្ពោះមករាជធានីភ្នំពេញ នឹងដាក់ដំណើរផ្លូវការនៅអំឡុងខែមិថុនា ឆ្នាំ២០១៨ ខាងមុខ។
៣៖ ផ្លូវទឹកចេញពីខណ្ឌព្រែកព្នៅ ឆ្ពោះទៅក្រុងតាខ្មៅ ខេត្តកណ្ដាល តាមបណ្ដោយទន្លេសាប និងទន្លេបាសាក់ នឹងដាក់ដំណើរការនៅថ្ងៃទី០៦ ខែមេសា ឆ្នាំ២០១៨ ដែលបច្ចុប្បន្ននេះកំពុង រៀបចំសាងសង់កំពុងផែ និងផលិតកាណូតចំនួន២គ្រឿង និងកាណូតចាស់ដែលកំពុងជួសជុល២គ្រឿងទៀត សរុបនឹងដំណើរការរត់ទៅមកបណ្ដោះអាសន្នចំនួន៤គ្រឿងសិន ។
ទីតាំងសម្រាប់ចំណតនាវាអ្នកដំណើររវាងរាជធានីភ្នំពេញ ទៅក្រុងតាខ្មៅ ខេត្តកណ្តាល ស្ថិតនៅក្នុងដំណើរការសាងសង់ រួមមាន៖
*ទីតាំងទី១៖ កំពង់ផែ ព្រែកព្នៅ ដំឡើងពោង ១០%
*ទីតាំងទី២៖ កំពង់ផែ មុខឃ្លាំងសាំងឫស្សីកែវ ឬនៅទីលានប្រជាធិបតេយ្យ៖ ចាប់ផ្តើមសាងសង់ថ្ងៃទី១០ ខែមករា ឆ្នាំ២០១៨ តម្លើងពោង ៤០%, គ្រឹះ ៧០%, អគ្គាររដ្ឋបាល ៣០% និងចប់សព្វគ្រប់នៅសប្តាហ៍ទី១ ខែមេសា ឆ្នាំ២០១៨។
*ទីតាំងទី៣៖ កំពង់ផែ ផែបណ្តែត ទល់មុខផ្សាររាត្រី៖ តម្លើងពោង ៥០% ចប់សព្វគ្រប់ នៅចុងខែមិនា ឆ្នាំ២០១៨។
*ទីតាំងទី៤៖ កំពង់ផែ ណាហ្គា នៅក្បែរកោះពេជ្រ៖ ការរៀបចំនៅទីតាំងមិនទាន់បានចាប់ផ្តើមនៅឡើយ តម្លើងពោង ៥០% និងចប់សព្វគ្រប់ នៅចុងខែមីនា ឆ្នាំ២០១៨ (អាចប្រើពេលវេលាយ៉ាងយូរ១៥ថ្ងៃ)។
*ទីតាំងទី៥៖ កំពង់ផែ ភូមិដើមចាន់ នៅច្បារអំពៅ៖ ចាប់ផ្តើមសាងសង់ថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០១៨
*ទីតាំងទី៦៖ កំពង់ផែ សួនច្បារតាខ្មៅ៖ ចាប់ផ្តើមសាងសង់ថ្ងៃទី១៨ ខែមករា ឆ្នាំ២០១៨ តម្លើងពោង ៩០% (៦ពោងក្នុងមួយផែ បានផ្សាររួចហើយ), គ្រឹះ ៥០%, អគ្គារ ៣០% និងចប់សព្វគ្រប់នៅក្នុងខែមីនា ឆ្នាំ២០១៨ ៕