(បាត់ដំបង)៖ នាយឧត្ដមសេនីយ៍ មាស សុភា អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក និងជាសមាជិកអចិន្ត្រៃយ៍គណៈកម្មាធិការកណ្តាលសមាគមអតីយុទ្ធជនកម្ពុជា នៅថ្ងៃទី១០ ខែមីនា ឆ្នាំ២០១៨នេះ បានអញ្ជើញប្រគល់ផ្ទះចំនួន២ខ្នង ជូនដល់គ្រួសារអតីតយុទ្ធជនដែលជាជនពិការ នៅខេត្តបាត់ដំបង។
ពិធីនេះក៏មានការអញ្ជើញចូលរួមពីសំណាក់ឧត្តមសេនីយ៍ទោ លឹម គុណវុឌ្ឍ មេបញ្ជាការរងយោធភូមិភាគទី៥, លោក ហឿង សុគន្ធ អភិបាលរងខេត្តបាត់ដំបង, លោកឧត្តមសេនីយ៍ត្រី អ៊ុក ឃ្នួច មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងបាត់ដំបង និងជាប្រធាន ស.អ.ក ខេត្ត, លោកមេបញ្ជាការរងកងរាជអាវុធហត្ថខេត្ត, លោកស្នងការរងនគរបាលខេត្ត, លោកប្រធានមន្ទីរសង្គមកិច្ចខេត្ត អនុប្រធានប្រចាំការ ស.អ.ក ខេត្ត, លោកអភិបាលស្រុក, លោកប្រធាន អនុប្រធាន ស.អ.ក ស្រុក, ក្រុមការងារ ស.អ.ក ខេត្ត/ស្រុក, លោកប្រធាន អនុប្រធានសាខាឃុំ អាជ្ញាធរដែនដី សរុបចំនួន៦៣នាក់។
លំនៅដ្ឋានទាំង២ខ្នង ១ខ្នងទំហំ ៤ម៉ែត្រ គុណ៦ម៉ែត្រ ធ្វើអំពីឈើប្រក់ស័ង្កសី រៀបការ៉ូបាត និងរៀបជញ្ជាំងឥដ្ឋកម្ពស់១ម៉ែត្រ ចាប់ផ្តើមសាងសង់ពីថ្ងៃទី១២ ខែមករា ឆ្នាំ២០១៨ ដល់ថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០១៨ ជាអំណោយរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា ប្រធានសមាគមអតីតយុទ្ធជនកម្ពុជា ផ្តល់ជូនសមាជិកសមាគមអតីតយុទ្ធជនកម្ពុជា ខេត្តបាត់ដំបង ចំនួន២នាក់ ដែលទីទ័លក្រ និងគ្មានទីជំរករស់នៅសមរម្យ ដែលខ្នងផ្ទះទី១ ត្រូវបានប្រគល់ជូនឈ្មោះ ញ៉ាវ ជីវ អត្តលេខ HA94000656 ជាជនពិការ ភេទប្រុស អាយុ ៥៦ឆ្នាំ រស់នៅភូមិបាសែត ឃុំតាប៉ុន ស្រុកសង្កែ នឹងខ្នងផ្ទះទី២ ត្រូវបានប្រគល់ជូនឈ្មោះ យិន សុវណ្ណ អត្តលេខ HA87001091 ជាជនពិការ ភេទប្រុស អាយុ៦៦ឆ្នាំ រស់នៅភូមិពោធិ៍បាត់ដំបង ឃុំរកា ស្រុកសង្កែខេត្តបាត់ដំបង។
ម្ចាស់ផ្ទះទាំង២ខ្នង ទទួលបានគ្រឿងឧបភោគបរិភោគ ក្នុង០១គ្រួសារៗ រួមមាន៖ ថវិកា ២០០,០០០រៀល, គ្រែ១, អង្ករចំនួន១០០គីឡូក្រាម, ទឹកត្រី១យួរ, ទឹកស៊ីអីវ១យួរ, ត្រីខ១យួរ, ឆ្នាំង ចាន មុង០១, ភួយ០១ និងកន្ទេលមួយផងដែរ។
ដោយឡែក សមាជិកអតីតយុទ្ធជន ដែលមានជីវភាពទីទ័លចូលរួមចំនួន៣០នាក់ ម្នាក់ៗទទួលបាន៖ ថវិកា១០០,០០០រៀល អង្ករ៥០គ.ក្រ និងសារុង១, មេឃុំ១នាក់ មេប៉ុស្តិ៍៣នាក់ មេភូមិ២នាក់ ម្នាក់ៗ ទទួលបានថវិកា១០០,០០០រៀល ជាអំណោយរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋ មន្ត្រី នៃកម្ពុជា និងជាប្រធានសមាគមអតីតយុទ្ធជនកម្ពុជា។ ក្នុងឱកាសនេះ នាយឧត្តមសេនីយ៍ មាស សុភា ក៏បានពាំនាំការផ្តាំផ្ញើ និងសួរសុខទុក្ខពីថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ផងដែរ៕