(ភ្នំពេញ)៖ បន្ទាប់ពីបានចេញផ្សាយជាភាសាខ្មែររួចមកនោះ នៅក្នុងសប្តាហ៍នេះ អង្គភាពព័ត៌មាន និងប្រតិកម្មរហ័ស នៃទីស្តីការគណៈរដ្ឋមន្ត្រី ដែលមានបេសកកម្មក្នុងការការពារកិត្យានុភាពរបស់ រាជរដ្ឋាភិបាលកម្ពុជា ការអប់រំ និងពន្យល់សាធារណមតិ នឹងធ្វើការផ្សព្វផ្សាយនូវសៀវភៅស ជាភាសាអង់គ្លេស កម្រាស់៨៦ទំព័រ ស្តីពីស្ថានការណ៍នយោបាយនៅកម្ពុជា «ការពង្រឹងនីតិរដ្ឋនិងដំណើរការលទ្ធិប្រជាធិបតេយ្យ»។
សៀវភៅសនេះ ក៏បានបង្ហាញនូវសមិទ្ធផលជាច្រើនក្នុងរយៈពេល២០ឆ្នាំចុងក្រោយ ដែលកម្ពុជាសម្រេចបាន ប៉ុន្តែក្រុមប្រឆាំងនៅតែមិនទទួលស្គាល់នូវសមិទ្ធផលទាំងនេះ ហើយក្រុមនេះនៅតែចោទ និងប្រឌិតរឿងបំផ្លើសការពិត ដើម្បីធ្វើឲ្យមានការយល់ច្រឡំ និងញុះញង់ បំផុសគំនិតប្រឆាំងជាមួយរាជរដ្ឋាភិបាលឥតស្រាកស្រាន្ត។ ក្រុមប្រឆាំង និងសកម្មជនរបស់ពួកគេមួយចំនួននៅតែចិញ្ចឹមមហិច្ឆតា បន្តធ្វើបដិវត្តន៍ពណ៌តទៀត តាមរូបភាពនិងទំរង់ផ្សេងៗ ដូចជាការបង្កើតចលនាឧទ្ទាមខុសច្បាប់ និងការឃោសនាទុច្ចរិតនានានៅក្នុង និងក្រៅប្រទេសជាដើម។
សៀវភៅស បកប្រែជាភាសាអង់គ្លេស ស្តីពី ស្ថានការណ៍នយោបាយនៅកម្ពុជានេះផងដែរ បានគាស់រំលើងនូវឧបាយកិច្ចជាច្រើនដែលបង្កឡើងដោយក្រុមប្រឆាំង ក្នុងផែនការបំផ្លាញការបោះឆ្នោតនៅកម្ពុជា និងឈានទៅសម្រេចគោលដៅក្រោមលេសទាមទារសិទ្ធិសេរីភាព និងលទ្ធិប្រជាធិបតេយ្យ។ ប៉ុន្តែ ផែនការនោះត្រូវបរាជ័យ គឺបើទោះជាស្ថិតក្រោមតម្លៃណាក៏ដោយ ក៏រាជរដ្ឋាភិបាលប្តេជ្ញាចិត្តយ៉ាងមុតមាំឥតងាករេក្នុងការរៀបចំស្ថាប័នរដ្ឋ កសាងក្របខណ្ឌច្បាប់ អនុវត្តច្បាប់ ធានាសន្តិភាព និងស្ថិរភាពនយោបាយ និងអភិវឌ្ឍសេដ្ឋកិច្ចសង្គម ដែលជាមូលដ្ឋានគ្រឹះនៃការពង្រឹងនីតិរដ្ឋ លទ្ធិប្រជាធិបតេយ្យ និងការគោរពសិទ្ធិមនុស្សពិតប្ឲ្រាកដ អោយបានជាដាច់ខាត ក្នុងន័យថា «ប្រជាធិបតេយ្យដែលគ្មាននីតិរដ្ឋ គឺជាឬសគល់នៃអនាធិបតេយ្យ»។
តាមរយៈសៀវភៅស ដែលអង្គភាពព័ត៌មាន និងប្រតិកម្មរហ័សនឹងធ្វើការផ្សព្វផ្សាយជាសាធារណៈនេះផងដែរ ក៏បានបង្ហាញនូវគោលជំហរឥតងាករេ របស់រាជរដ្ឋាភិបាលដែលមានភារកិច្ចគ្រប់គ្រងស្ថានការណ៍ក្នុងប្រទេស អនុវត្តច្បាប់ឲ្យមានប្រសិទ្ធភាព និងលើកតម្កើងតម្លៃនៃអំណាចរដ្ឋ ។
នៅក្នុងបរិបទនេះ រាជរដ្ឋាភិបាល ក៏បានអំពាវនាវដល់មជ្ឈដ្ឋានមួយចំនួនដែលបាននិងកំពុងជ្រៀតជ្រែកចូលកិច្ចការផ្ទៃក្នុងរបស់កម្ពុជា សូមឲ្យបញ្ឈប់សកម្មភាពទាំងនេះ ហើយក៏សូមស្វាគមន៍អ្នកនយោបាយ ស្ថាប័នបរទេស និងបណ្តាប្រទេសជាមិត្ត ចូលរួមគាំទ្រ និងរួមចំណែកក្នុងបុព្វហេតុកសាងមូលដ្ឋានគ្រឹះនៃការពង្រឹងនីតិរដ្ឋ លទ្ធិប្រជាធិបតេយ្យ និងការគោរពសិទ្ធិមនុស្សជាមួយប្រជាជន និងរាជរដ្ឋាភិបាលកម្ពុជាផងដែរ។
សូមអានខ្លឹមសារទាំងស្រុង ដែលមាននៅក្នុងសៀវភៅសដូចខាងក្រោមនេះ៖
\