(កំពង់ស្ពឺ)៖ កម្លាំងអាវុធហត្ថខេត្តកំពង់ស្ពឺ បើកប្រតិបត្តិការ ចុះបង្ក្រាបករណីជួយដូរ និងប្រើប្រាស់គ្រឿងញៀន ឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់ និងមានម្នាក់ជាមុខសញ្ញាចោរប្លន់ប្រដាប់អាវុធ នៅរាជធានីភ្នំពេញម្នាក់ រួមទាំងដកហូតបានថ្នាំញៀន និងសម្ភារមួយចំនួន ស្ថិតនៅចំណុចភូមិថ្មី ឃុំខ្ទុំក្រាំង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។
លោកឧត្តមសេនីយ៍ត្រី ជូ សារុន មេបញ្ជាការកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ បានថ្លែងប្រាប់ភ្នាក់ងារព័ត៌មាន Fresh News នៅព្រឹកថ្ងៃទី១០ ខែមីនា ឆ្នាំ២០១៨នេះថា នាថ្ងៃទី០៩ ខែមីនា ឆ្នាំ២០១៨ម្សិលមិញ កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ បានសហការណ៍ ជាមួយកម្លាំងកងរាជអាវុធហត្ថ រាជធានីភ្នំពេញ ដោយមានការសម្របសម្រួលពីលោក កែវ សុធា ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកំពង់ស្ពឺ បានឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់។
លោកឧត្តមសេនីយ៍ បានបន្តថា ជនសង្ស័យទី១៖ ឈ្មោះ ម៉ាន់ អាម៉ាត់ អាយុ២៤ឆ្នាំ មុខរបរជាងទូរស័ព្ទ មានទីលំនៅភូមិថ្មី ឃុំខ្ទុំក្រាំង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ, ទី២៖ ឈ្មោះ សាត អៀងហ៊ន អាយុ២៥ឆ្នាំ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិ ឃុំជាមួយគ្នា និងទី៣៖ ឈ្មោះ សយ ពិសី អាយុ៣០ឆ្នាំ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិ ឃុំជាមួយគ្នា។ វត្ថុតាងដកហូតបានរួមមាន៖ ម៉ូតូចំនួន៣គ្រឿង, ថ្នាំញៀនម៉ាទឹកកក ចំនួន០៣កញ្ចប់ តូច១កញ្ចប់ ធំ២កញ្ចប់ ស្មើរនឹង២៩.៧៤ក្រាម, ជញ្ជីងថ្លឹងថ្នាំ១។
ក្នុងចំណោមជនសង្ស័យទាំង៣នាក់ខាងលើ មានម្នាក់ជាមុខសញ្ញាចាស់ប្លន់ក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ នៅខណ្ឌជ្រោយចង្វារ កាលពីថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០១៨កន្លងទៅ។
បច្ចុប្បន្នជនសង្ស័យទាំង៣នាក់ រួមជាមួយវត្ថុតាងត្រូវកម្លាំងជំនាញកសាងសំណុំរឿង ដើម្បីបញ្ជូនទៅកាន់តុលាការចាត់ការតាមនីតិវិធីច្បាប់៕