(កំពង់ធំ)៖ លោក ជា អឿន អ្នកតំណាងរាស្ត្រគណបក្សប្រជាជនកម្ពុជា មណ្ឌលកំពង់ធំ និងជាប្រធានក្រុមការងារចុះជួយស្រុកប្រាសាទបល្ល័ង្ក បានជំរុញឲ្យមន្ត្រីនៅក្នុងមូលដ្ឋាន ត្រូវបង្កើនសមត្ថភាព ឲ្យបានខ្លាំងក្លា ​ធ្វើអំពើល្អបន្ថែមទៀត ដើម្បីដោះស្រាយទុក្ខលំបាករបស់ប្រជាពលរដ្ឋ ជាពិសេស ត្រូវផ្តល់សេវាសាធារណតាមសំណូមពរឲ្យបានឆាប់រហ័ស។

លោក ជា អឿន បានថ្លែងជំរុញបែបនេះ ក្នុងពិធីសំណេះសំណាលជាមួយ ប្រជាមួយប្រជាពលរដ្ឋនៅឃុំដូង ស្ថិតនៅវត្តក្របៅឃុំដូង ស្រុកប្រាសាទបល្ល័ង្ក ខេត្តកំពង់ធំ នៅថ្ងៃទី១០ ខែមីនា ឆ្នាំ២០១៨នេះ ដោយមានអ្នកចូលរួមប្រមាណជិត២០០នាក់ ផងដែរ។

លោក ជា អឿន បានបន្តថា ការផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋ ជាពិសេសការផ្ដល់នូវតម្រូវការ ប្រចាំថ្ងៃជូនពួកគាត់ ដូចជាការដោះស្រាយលិខិតស្នាមផ្សេងៗ គឺត្រូវតែធ្វើឲ្យបានរហ័សទាន់ចិត្ត ប្រកបដោយតម្លាភាពត្រឹមត្រូវ និងអាកប្បកិរិយា រួសរាយរាក់ទាក់ទន់ភ្លន់ ទាំងនេះជាក្រមសីលធម៌របស់មន្ត្រី ហើយនឹងប្រាកដជាទទួលបាននូវការគាំទ្រមកវិញ ពីសំណាក់ប្រជាពលរដ្ឋ ដែលជាម្ចាស់ឆ្នោត ជាក់ជាមិនខាន។ មន្ត្រីទាំងអស់គប្បីយកចិត្តទុកដាក់ ក្នុងការបំពេញការងារ មានព្រហ្មវិហារធម៌ទាំង៤ នៅក្នុងខ្លួន មានវប្បធម៌សាមគ្គី វប្បធម៌ចែករំលែក ដល់ថ្នាក់ក្រោម និងផ្តល់គំរូល្អដល់ប្រជាពលរដ្ឋ និងអនុវត្តឲ្យបាននូវអភិក្រមទាំងប្រាំចំណុចគឺ ដុះក្អែល ងួតទឹក ឆ្លុះកញ្ចក់ ព្យាបាល និងចុងក្រោយវះកាត់។

ម៉្យាងវិញទៀត ត្រូវចុលរួមលុបបំបាត់ទាំងស្រុង នូវការបង្កើតបនល្បែងស៊ីសង និងបញ្ហាគ្រឿងញៀន និងចូលរួមអនុវត្តន៍គោលនយោបាយភូមិ-ឃុំ មានសុវត្ថិភាព ដើម្បីរក្សាឲ្យបាននូវភាពសុខសាន្តជូនប្រជាពលរដ្ឋ និងប្រទេសជាតិ និងពន្យល់ប្រជាពលរដ្ឋឲ្យយល់ពីតម្លៃ នៃការខិតខំប្រឹងប្រែងអភិវឌ្ឍរបស់រាជរដ្ឋាភិបាល។