(ភ្នំពេញ)៖ នៅរសៀលថ្ងៃទី១០ ខែមីនា ឆ្នាំ២០១៨នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា នឹងអញ្ជើញចូលរួមក្នុងពិធីបុណ្យទន្លេ ប្រចាំឆ្នាំ ដែលប្រារព្ធឡើងរយៈពេល៣ថ្ងៃ នៅខេត្តកណ្តាល។ ជាមួយគ្នានេះ សម្តេចតេជោ ហ៊ុន សែន បានអំពាវនាវដល់ប្រជាពលរដ្ឋនានា ឱ្យចូលរួមសប្បាយរីករាយជាមួយបុណ្យទន្លេលើកទី៤នេះ។
សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់នៅលើបណ្តាញសង្គម Facebook ឱ្យដឹងថា «នៅរសៀលថ្ងៃនេះដែរ ខ្ញុំនឹងទៅចូលរួមពិធីបុណ្យទន្លេនៅខេត្តកណ្តាល។ សូមអញ្ជើញបងប្អូនចូលរួមកំសាន្តសប្បាយទាំងអស់គ្នា។ ដើម្បីសុវត្ថិភាព សូមបើកបរគោរពច្បាប់ចរាចរណ៍ទាំងអស់គ្នា»។
ក្នុងឱកាសនេះ សម្តេចតេជោ ក៏បានជូនពរជនរួមជាតិទាំងក្នុង និងក្រៅប្រទេស ឱ្យជួបតែសេចក្តីសុខ សំណាងល្អ ព្រមទាំងបានសប្បាយរីករាយនៅក្នុងថ្ងៃសម្រាកចុងសប្តាហ៍គ្រប់ៗគ្នា។ សម្តេចគូសបញ្ជាក់ថា ចំពោះធាតុអាកាសក្តៅបែបនេះ សមុទ្រគឺជាទីជម្រើសដ៏ល្អ។
សូមបញ្ជាក់ថា ពិធីបុណ្យទន្លេលើកទី៤ នៅឆ្នាំនេះ ត្រូវបានរៀបចំនៅខេត្តកណ្តាល រយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី០៩ ដល់១១ ខែមីនា ឆ្នាំ២០១៨ ក្រោមប្រធានបទ «ទន្លេសន្តិភាព មិត្តភាព និងនិរន្តរភាពទេសចរណ៍»។ បុណ្យនេះ ត្រូវបានក្រសួងទេចរណ៍បានរៀបចំឡើង ដើម្បីជំរុញឲ្យមានកំណើនភ្ញៀវទេសចរជាតិ និងអន្តរជាតិ ទៅកាន់ខេត្តនៅដងទន្លេ នៃប្រទេសកម្ពុជា, លើកកម្ពស់ផលិតផលតាមដងទន្លេ និងលើកកម្ពស់ជីវភាពរបស់ប្រជាពលរដ្ឋមានភាពប្រសើរឡើងផងដែរ៕