(ភ្នំពេញ)៖ ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានថ្លែងប្រាប់ក្រុមអ្នកសារព័ត៌មាន​​​ថា រាជរដ្ឋាភិបានកម្ពុជាបានទទួលប្លង់ផ្លូវល្បឿនលឿន​ ភ្នំពេញ-ព្រះសីហនុ ពីក្រុមហ៊ុនចិនដែលវិនិយោគលើការសាងសង់ផ្លូវនេះ​រួចហើយ ខណៈដែលរាជរដ្ឋាភិបាលកម្ពុជាកំពុងពិនិត្យអំពីការទិញដីធ្វើផ្លូវដ៏វែងនេះ។

ការបញ្ជាក់យ៉ាងដូច្នេះ ត្រូវបានធ្វើឡើងក្នុងឱកាសលោក ដឹកនាំការបើកការដ្ឋានសាងសង់ផ្លូវរថភ្លើងមួយខ្សែ ចេញពីស្ថានីយ៍រថភ្លើងរាជធានីភ្នំពេញ ទៅមកអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ នាយប់ថ្ងៃទី០៩ ខែមីនា ឆ្នាំ២០១៨ នៅមុខអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ។

ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានអះអាងថា រាជរដ្ឋាភិបាលកម្ពុជាបានទទួលប្លង់ផែនទីផ្លូវល្បឿនលឿន រាជធានីភ្នំពេញ-ខេត្តព្រះសីហនុ ពីក្រុមហ៊ុនសំណង់គមនាគមន៍ចិនរួចហើយ ហើយគណៈកម្មការជំនាញរបស់រាជរដ្ឋាភិបាកម្ពុជា ដែលដឹកនាំដោយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក៏បាននិងកំពុងសិក្សាត្រួតពិនិត្យលើការងារទិញដីពីប្រជាពលរដ្ឋ ទុកសម្រាប់សាងសង់ផ្លូវថ្មីនេះផងដែរ ដោយលោកថ្លែងយ៉ាងដូច្នេះថា «យើងទើបតែបានប្លង់ពីក្រុងហ៊ុនចិនជាក់ស្ដែងហើយ អញ្ចឹងយើងកំពុងបញ្ជូនទៅគណៈកម្មការ ដែលដឹកនាំដោយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដោយចាប់ផ្ដើមទិញដីធ្វើផ្លូវនោះ»

គួររំឭកថា នាអំឡុងពេលដំណើរទស្សនកិច្ចនៅកម្ពុជា របស់នាយករដ្ឋមន្ត្រីសាធារណរដ្ឋប្រជាមានិតចិន លោក លី ខឺឈាង កាលពីដើមឆ្នាំ២០១៨នេះ លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូនកម្ពុជា បានចុះហត្ថលេខាជាមួយលោក លាវ ឈីថាវ ប្រធានក្រុមហ៊ុនសំណង់គមនាគមន៍ចិន លើគម្រោងសាងសង់ផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ ដែលមានប្រវែង ១៩០.៦៣គីឡូម៉ែត្រ និងមានតម្លៃប្រមាណ ២ពាន់លានដុល្លារអាមេរិក។ ពិធីចុះហត្ថលេខានេះ បានធ្វើឡើងក្រោមអធិបតីភាពសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងលោក លី ខឺឈាង នាយករដ្ឋមន្ត្រីចិន។

លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានលើកឡើងថា ក្រោយសាងសង់រួចរាល់ ផ្លូវល្បឿនលឿនដំបូងនៅកម្ពុជានេះ នឹងជួយសម្រួលដល់ការធ្វើដំណើរទៅមករាជធានីភ្នំពេញ-ខេត្តព្រះសីហនុ បានយ៉ាងឆាប់រហ័ស កាត់បន្ថយហានិភ័យគ្រោះថ្នាក់ចរាចរណ៍ កាត់បន្ថយការកកស្ទះ សម្រួលដល់ការដឹកជញ្ជូនទំនិញ ធ្វើឲ្យសេដ្ឋកិច្ចជាតិមានការរីកចម្រើន។ លើសពីនេះទៀត កម្ពុជានឹងទទួលបានផលចំណេញ ដែលមិនអាចកាត់ថ្លៃបានពីការអភិវឌ្ឍច្រករបៀង ភ្នំពេញ-ព្រះសីហនុ។

ស្របគ្នានោះដែរ រដ្ឋមន្ត្រីក្រសួងសាធារណការ ក៏បានអំពាវនារឲ្យប្រជាពលរដ្ឋទាំងអស់ មិនត្រូវជ្រួលច្របល់ទៅទិញដីដើម្បីទុកលក់ក្នុង​តម្លៃថ្លៃនោះឡើយ ដោយលោកពន្យល់ថា ការទិញលក់ដីផ្លូវល្បឿនលឿននេះ គឺអនុវត្តទៅតាមតម្លៃទីផ្សារជាក់ស្ដែង៕