(កោះកុង)៖ ជនសង្ស័យចំនួន៨នាក់ ក្នុងនោះមានស្រី២នាក់ ត្រូវបានសមត្ថកិច្ចការិល័យប្រឆាំងបទល្មើសគ្រឿងញៀន នៃស្នងការនគរបាលខេត្តកោះកុង បានរៀបចំសំណុំរឿង រួមនឹងវត្ថុតាងបញ្ជូនទៅសាលាដំបូង នៅព្រឹកថ្ងៃទី១០ ខែមីនា ឆ្នាំ២០១៨នេះ ដើម្បីចាត់ការទៅតាមនីតិវិធី។

លោក មីន រស្មី ស្នងការរងទទួលបន្ទុកផែនប្រឆាំងបទល្មើស បានឲ្យដឹងថា ចំពោះជនសង្ស័យទាំង៨នាក់ ត្រូវបានសមត្ថកិច្ច នៃស្នងការនគរបាលខេត្ត សហការជាមួយសមត្ថកិច្ចស្រុកមណ្ឌលសីមា ធ្វើការឃាត់ខ្លួន កាលពីយប់ថ្ងៃទី៨ ខែមីនា ឆ្នាំ២០១៨ ស្ថិតនៅឃុំប៉ាក់ខ្លង ស្រុកមណ្ឌលសីមា ខេត្តកោះកុង។

លោក មីន រស្មី បានឲ្យដឹងទៀតថា ចំពោះជនសង្ស័យទាំង៨នាក់រួមាន៖ ១-ឈ្មោះ ញ៉ាណ ស្រីណៃ ភេទស្រី ២-ឈ្មោះ គឹម ឆេងឡាយ ភេទប្រុស ៣-ឈ្មោះ មុំ សុខឿន ភេទស្រី ៤-ឈ្មោះ នុន សុផាត ភេទប្រុស ៥- ឈ្មោះ រៀម សុខ ភេទស្រី ៦-ឈ្មោះ ហ៑ាន តុលា ភេទប្រុស ៧-ឈ្មោះ លាង ម៉េងហួយ ភេទប្រុស ៨-ឈ្មោះ ស្រី ចាន់ថន ភេទប្រុស ជនសង្ស័យមានទីលំនៅឃុំប៉ាក់ខ្លង ស្រុកមណ្ឌលសីមា។

វត្ថុតាងដែលសមត្ថកិច្ចដកហូតបានរួមមាន៖ ម៉្សៅក្រាមពណ៌ស សង្ស័យថាជាសារធាតុញៀនចំនួន១កញ្ចប់តូច ទម្ងន់ស្មើ៤.១ក្រាម ម៉្សៅក្រាមពណ៌សចំនួន១កញ្ចប់ធំទម្ងន់១០៤.៩០ក្រាម និងនៅក្នុងទុយោមានទម្ងន់១.៤៤ក្រាម ប្រភេទយ៉ាម៉ាគ្រាប់ចំនួន១៣គ្រាប់ ជញ្ជីងថ្លឹងចំនួន១ និងឧបករណ៍ជក់មួយចំនួនផងដែរ។

លោក មីន រស្មី បានធ្វើការអំពាវរនាវដល់បងប្អូន ប្រជាពលរដ្ឋគ្រប់បណ្តាស្រុក និងនៅគ្រប់មូលដ្ឋានចូលរួមសហការ ជាមួយអាជ្ញាសមត្ថកិច្ច ក្នុងការផ្តល់ព័ត៌មានជូនសមត្ថកិច្ច បើឃើញហេតុការណ៍ ណាមួយមិនប្រក្រតី ក្នុងន័យដើម្បីអនាគតកូនចៅខ្មែរ ព្រោះគ្រឿងញៀនបំផ្លាញអនាគតពួកគេ៕