(កំពង់ធំ)៖ នៅម៉ោង១១៖៤៨នាទី ថ្ងៃទី៩ ខែមីនា ឆ្នាំ២០១៨ ស្ថិតនៅតាមផ្លូវជាតិលេខ៦ ត្រង់ចន្លោះគីឡូម៉ែត្រលេខ១១៦ និង១១៧ នៅចំណុចភូមិសំរោង ឃុំបារាយណ៍ ស្រុកបារាយណ៍ ខេត្តកំពង់ធំ មានករណីគ្រោះថ្នាក់ចរាចរណ៍ រវាងរថយន្ត និងរថយន្តក្នុងដំណើរបញ្ច្រាសទិសគ្នា បណ្តាលឲ្យមនុស្ស២នាក់ស្លាប់ របួសធ្ងន់២នាក់ និងស្រាល២នាក់។

តាមប្រភពព័ត៌មានពីសមត្ថកិច្ចបានឲ្យដឹងថា គ្រោះថ្នាក់ចរាចរណ៍នេះ កើតឡើងរវាងរថយន្ត កាម៉ារីបាឡែន ពណ៌ទឹកប្រាក់ ពាក់ផ្លាកលេខ ភ្នំពេញ 2R-4622 ក្នុងទិសដៅពីជើងទៅត្បូង បើកបរដោយឈ្មោះ ម៉ាក រ៉ាដែន ភេទប្រុសអាយុ១៩ឆ្នាំ រស់នៅភូមិតាំងគោក ឃុំសូយោង ស្រុកបារាយណ៍ ខេត្តកំពង់ធំ រត់គេចខ្លួនបាត់ អ្នករួមដំណើរ ឈ្មោះ វុទ្ធី ភេទប្រុស អាយុ២៤ឆ្នាំ រស់នៅភូមិព្រៃស្រង៉ែ ឃុំបល្ល័ង្គ ស្រុកបារាយណ៍ ខេត្តកំពង់ធំ (របួសស្រាល) អ្នករួមដំណើរឈ្មោះ ជា ចាន់ណារិទ្ទ ភេទប្រុស អាយុ២២ឆ្នាំ រស់នៅ ភូមិត្រពាំងស្វាយ ឃុំបល្ល័ង្គ ស្រុកបារាយណ៍ ខេត្តកំពង់ធំ (ស្លាប់នៅនឹងកន្លែងកើតហេតុ) បុកជាមួយរថយន្តម៉ាក កូរ៉ូឡាពណ៌ស ពាក់ផ្លាកលេខ ភ្នំពេញ 2E-6221 ក្នុងទិសដៅពីត្បូងមកជើង បើកបរដោយឈ្មោះ ឡុង ប៊ី ភេទប្រុស អាយុ៦៦ឆ្នាំ រស់នៅ ភូមិដំរីជាន់ខ្លា សង្កាត់ដំរីជាន់ខ្លា ក្រុងស្ទឹងសែន ខេត្តកំពង់ធំ (របួសបាក់កជើងស្តាំ) អ្នករួមដំណើរឈ្មោះ សុជាតា ភេទស្រី អាយុ២៨ឆ្នាំ រស់នៅភូមិឃុំខាងលើ (របួសបាក់ឆ្អឹងស្មាស្តាំ) ម្នាក់ទៀតឈ្មោះ ជា ឡែន ភេទប្រុស អាយុ៣៦ឆ្នាំ រស់នៅភូមិឃុំខាងលើ (ស្លាប់នៅកន្លែងកើតហេតុ)។

មូលហេតុបឋមនៃគ្រោះថ្នាក់នេះ ត្រូវបានសមត្ថកិច្ចបញ្ជាក់ថា មកពីរថយន្តម៉ាកកាម៉ារីបាឡែន បានបើកបរមកពីជើងទៅត្បូង ប្រជែងក្នុងស្ថានភាពគ្រោះថ្នាក់ ប៉ះនឹងរថយន្តស្របទិសជ្រុលមកបុកនឹងរថយន្តម៉ាកកូរ៉ូឡា បើកបរមកពីទិសផ្ទុយគ្នា៕