(ភ្នំពេញ)៖ ការផ្សាយព័ត៌មានពេញពិភពលោកថា មានមនុស្សស្លាប់៦នាក់ របួស៤០នាក់ ដោយការបាញ់ប្រហាររបស់អាជ្ញាធរក្នុងខេត្តក្រចេះ ឬវិទ្យុអាសេរីព្រឹកថ្ងៃសុក្រទី៩ មីនា ហ៊ានបំប៉ោងរហូតដល់ថាអ្នកស្លាប់បានកើនឡើងដល់៨នាក់ គឺជាការប្រឌិតព័ត៌មានដ៏អាក្រក់បំផុតក្នុងចេតនាបង្ខូចឈ្មោះរាជរដ្ឋាភិបាល និងដុតបញ្ឆេះកំហឹងពលរដ្ឋឲ្យប្រឆាំងអាជ្ញាធរ។
ករណីនេះជាឧទាហរណ៍មួយដ៏សំខាន់ដែលបង្ហាញពីកង្វះវិជ្ជាជីវៈយ៉ាងធ្ងន់ធ្ងរ នៃពពួកមនុស្សបីប្រភេទដែលមហាជនត្រូវប្រុងប្រយ័ត្ន៖
ទី១៖ គឺកង្វះវិជ្ជាជីវៈរបស់អ្នកសារព័ត៌មាន៖ ក្នុងអាជីពជាអ្នកសារព័ត៌មាន គេបង្រៀនឲ្យអ្នកប្រកបអាជីពនេះប្រុងប្រយ័ត្នខ្លាំងណាស់ ដើម្បីកុំឲ្យព័ត៌មានរបស់ខ្លួនខុសពីព្រោះ ការផ្សាយព័ត៌មានខុស ជាពិសេសក្នុងរឿងរសើបៗអាចបង្កឲ្យមានគ្រោះថ្នាក់យ៉ាងធំធេងដល់សង្គម ឬដល់មនុស្សដែលទទួលរងផលប៉ះពាល់។ អ៊ីចឹងហើយបានជាគេបង្រៀនអ្នកកាសែត ឲ្យចេះវិធីផ្ទៀងផ្ទាត់ព័ត៌មានតាមរយៈការសាកសួរប្រភពឲ្យបានច្រើនខុសគ្នា ហើយប្រសិនបើប្រភពនិយាយខុសគ្នា គេមិនអាចសន្និដ្ឋានបានឡើយថាអ្វីជាការពិតនោះ?
ប៉ុន្តែតាមរយៈសំណុំរឿងនៅខេត្តក្រចេះ គេបានមើលឃើញយ៉ាងច្បាស់ថា សារព័ត៌មានដែលបម្រើនយោបាយឲ្យក្រុមប្រឆាំងខ្វះវិជ្ជាជីវៈយ៉ាងខ្លាំង។ កាសែតភ្នំពេញប៉ុស្តិ៍ហ៊ានសរសេរព័ត៌មាន ភ្លាមៗថា មនុស្សស្លាប់៦នាក់ និងរងរបួស៤០នាក់ ដោយអាជ្ញាធរបាញ់សម្លាប់ក្នុងខេត្តក្រចេះ។ រឿងធំដល់ម្លឹង ភ្នំពេញប៉ុស្តិ៍ដែលជាកាសែតបរទេសមួយដែលធ្លាប់តែអួតខ្លួនថា ឯករាជ្យ និងវិជ្ជាជីវៈបែរជាស្រង់សម្តីមនុស្សម្នាក់ជាមន្ត្រីអង្គការសង្គមស៊ីវិល ហើយមន្ត្រីនោះទៀតសោតមិនបានស្ថិតក្នុងហេតុការណ៍ទេ គឺគ្រាន់តែលឺគេថា ក៏ថាតាមគេប្រាប់អ្នកកាសែត? និយាយរួម ទាំងអ្នកកាសែត ទាំងប្រភព គឺមិនស្ថិតក្នុងហេតុការណ៍ទាំងអស់ ហើយចេះអង្គុយសរសេរបិទភ្នែកទៅកើត? បែបនេះគេហៅថា កាសែតខ្ចប់មមិសមាន់ មិនមែនកាសែតវិជ្ជាជីវៈឡើយ។
និយាយពីអាស៊ីសេរីវិញ គ្រាន់តែឃើញភ្នំពេញប៉ុស្តិ៍ចេញភ្លាម ខ្លួនក៏ប្រញាប់បង្ហោះភ្លែតតាមវេបសាយដែរ នូវព័ត៌មានដូចគ្នាបេះបិទនេះ។ មិនត្រឹមតែក្នុងវេបសាយឯណារហូតដល់ម៉ោងផ្សាយ ព័ត៌មានពេលយប់ក៏ចេញមាតិកាដូចគ្នានឹងភ្នំពេញប៉ុស្តិ៍ដែរ ដោយគ្មានញញើតបើទោះបីជាអាជ្ញាធរខេត្តចេញមុខបដិសេធព្រោងព្រាតហើយក៏ដោយ។
មិនត្រឹមតែមិនយកប្រភពពីអាជ្ញាធរមកប្រើប៉ុណ្ណោះទេ ប៉ុន្តែអាស៊ីសេរីបែរជាចំអកឲ្យសារព័ត៌មានដែលចុះផ្សាយសេចក្តីបដិសេធរបស់អាជ្ញាធរថា ជាសារព័ត៌មានគាំទ្ររបបដឹកនាំក្រុងភ្នំពេញ ហើយថា គេបំភ្លៃព័ត៌មានទៅវិញ។ ខ្លួននៅចម្ងាយរាប់ម៉ឺនគីឡូម៉ែត្រពីកន្លែងកើតហេតុ ហើយហ៊ានចុះផ្សាយព័ត៌មានដ៏ធំមួយដោយគ្មានការផ្ទៀងផ្ទាត់ទាល់តែសោះ ហើយបានធ្វើការសន្និដ្ឋាន យ៉ាងច្បាស់លាស់ ដើម្បីទម្លាក់កំហុសលើគេ គឺជាកំហុសវិជ្ជាជីវៈដ៏ធ្ងន់ធ្ងរបំផុតដែលមិនអាចអត់ឱនបាន។ ជុន ច័ន្ទបុត្រ ដែលគេស្គាល់ថា ជាអ្នកនយោបាយគាំទ្របក្សប្រឆាំងយ៉ាងងប់ងល់ តែពាក់ស្លាកកាសែត បានសម្ភាសន៍ពលរដ្ឋម្នាក់ពីរាប់ម៉ឺនគីឡូម៉ែត ហើយអ្នកនិយាយប្រាប់ទៀតសោត និយាយត្រឡប់ត្រឡិនម្តងថា ឃើញអ្នកស្លាប់ពីរនាក់ នៅនឹងមុខហើយត្រូវអាជ្ញាធរ ដឹកចេញទៅបាត់ ម្តងថា រកឃើញសាកសពពីក្នុងព្រៃអស់ហើយ រីឯអាជ្ញាធរក៏ដកថយអស់ហើយដែរ...។ ប៉ុន្តែបុគ្គល ជុន ច័ន្ទ្របុត្រ នេះនៅតែមិនចោលចរិតសប្បាយចិត្ត នឹងការលាបពណ៌ ដល់រដ្ឋាភិបាល ហើយក៏នៅបន្តប្រើប្រាស់ប្រភពដែលគួរឲ្យសង្ស័យនេះមកធ្វើជាប្រភពពិតរបស់ខ្លួនដើម្បីបំភាន់អ្នកស្តាប់ និងបង្ខូចឈ្មោះអាជ្ញាធររាជរដ្ឋាភិបាលយ៉ាងកំរោលបំផុត។
លើសពីនេះទៅទៀត លុះព្រឹកឡើងថ្ងៃទី៩ មីនាទៅហើយ អាស៊ីសេរីមិនត្រឹមតែមិនយកចិត្តទុកដាក់ចំពោះការបដិសេធរបស់អាជ្ញាធរប៉ុណ្ណោះទេ គេថែមទាំងបំប៉ោងព័ត៌មានថា អ្នកស្លាប់កើនដល់៨នាក់ហើយ? ប៉ុន្តែសូម្បីរូបថតមួយសន្លឹកដែលបង្ហាញពីសាកសពក៏គ្មានដែរ? អាក្រក់ជាងនេះដើម្បីបិទបាំងការផ្សាយព័ត៌មានគ្មានភស្តុតាង វិទ្យុគ្មានវិជ្ជាជីវៈមួយនេះ ថែមទាំងបានចោទអាជ្ញាធរថា បំផ្លាញទូរស័ព្ទអ្នកថតបានសាកសពថែមទៀត។
តើអ្នកសារព័ត៌មានអាស៊ីសេរី មានឈាមជាអ្នកអាជីពបន្តិចបន្តួចក្នុងខ្លួនដែរឬទេ ទើបហ៊ានផ្សាយព័ត៌មានបែបនេះកើត? តើអស់លោកដឹងទេថា ខ្លួនមានកំហុសប៉ុណ្ណា? តើពួកអស់លោកមានវិប្បដិសារីខ្លះទេ ពេលធ្វើទង្វើបែបនេះ?
ទី២៖ កង្វះវិជ្ជាជីវៈរបស់អង្គការសង្គមស៊ីវិល៖ និយាយពីក្រុមអង្គការសង្គមស៊ីវិលមួយចំនួន ជាពិសេសអង្គការដែលធ្វើការពាក់ព័ន្ធនឹងសិទ្ធិមនុស្សមានដូចជា អង្គការអាដហុកនេះជាដើម ខ្លួនឯងមិននៅក្នុងហេតុការណ៍សោះ ហើយគ្រាន់តែលឺគេថា ក៏ហ៊ានហារមាត់និយាយប្រាប់អ្នកកាសែតដែរ ធ្វើដូចខ្លួនឯងបានឃើញនឹងភ្នែក។ ចុះបើមិនដឹង មិនបានឃើញ ម្តេចមិនប្រាប់គេតាមត្រង់ទៅថា មិនបានដឹងទេ ឬមិនទាន់បានទទួលព័ត៌មានទេ។ ម្តេចក៏ចូលចិត្តចង់ល្បីនឹងរឿងមិនពិតខ្លាំងម៉្លេះ? អស់លោកឃើញទេ ព័ត៌មានមិនពិតដែលអស់លោក និយាយចេញពីមាត់វាបង្កផលប៉ះពាល់យ៉ាងណាដល់អ្នកដទៃ? ឬក៏នេះជាចេតនា ជាអាជីពដូរបាយរបស់អស់លោក? មិនមែនមានតែម្នាក់នេះទេ មន្ត្រីអង្គការសង្គមស៊ីវិលមួយចំនួនទៀត ក៏ប្រញាប់ចែកចាយព័ត៌មានមិនពិតនេះយ៉ាងព្រោងព្រាតក្នុងបណ្តាញសង្គម ដោយអ្នកខ្លះមិនត្រឹមតែចែកចាយទេ តែថែមទាំងធ្វើអត្ថាធិប្បាយខ្លួនឯង ដោយចោទអាជ្ញាធរថា បាញ់សម្លាប់ពលរដ្ឋដូចបាញ់សត្វចាប សត្វព្រាប ជាដើម។
តើឯណាទៅមនសិការវិជ្ជាជីវៈរបស់អស់លោក? ឬមួយអស់លោកមកធ្វើការងារក្នុងអង្គការសង្គមស៊ីវិល គ្រាន់តែបន្លំខ្លួនយកប្រាក់ខែ បោកលុយពីបរទេសមកចាយ តែតាមពិតខ្លួនជាអ្នកនយោបាយសោះ? នេះជាកង្វះវិជ្ជាជីវៈយ៉ាងធ្ងន់ធ្ងររបស់អង្គការសង្គមស៊ីវិល។
ទី៣៖ កង្វះវិជ្ជាជីវៈឬជាទម្លាប់អាក្រក់របស់អ្នកនយោបាយ៖ វាពិតជាគួរឲ្យសង្វេគ និងគួរឲ្យអណោចអធមណាស់នៅពេលដែលលោក សម រង្ស៊ី ស្រាប់តែចេញសាររម្លែកទុក្ខអ្នកស្លាប់ ៦ នាក់ក្នុងព្រឹត្តការណ៍ខេត្តក្រចេះ។ តើរម្លែកទុក្ខអ្នកណាបើគ្មានមនុស្សស្លាប់ផងហ្នឹង? មិនត្រឹមតែលោក សម រង្ស៊ី មេដឹកនាំក្រុមឧទ្ទាមតែម្នាក់ទេ ប៉ុន្តែមានគូកនរបស់ សម រង្ស៊ី ជាច្រើនទៀត ក៏បានយកព័ត៌មានប្រឌិតមួយនេះទៅបំប៉ោងព្រោងព្រាតដែរ ដោយមិនខ្វល់ពីការផ្ទៀងផ្ទាត់រកការពិតអ្វីឡើយឲ្យតែខ្លួនបានចំណេញនយោបាយ។ តើអស់លោកមានខ្មាសគេ ខ្មាសខ្លួនឯងបន្តិចបន្តួចដែរឬទេ នៅពេលបានធ្វើទង្វើបែបនេះ?
ជាការពិតណាស់ នេះជាឧទាហរណ៍ជាក់ស្តែងមួយ តែវាមិនមែនជាលើកទី១ទេ ដែលក្រុមប្រឆាំងបានចងគ្នាជាបណ្តាញ មានអ្នកនយោបាយ សង្គមស៊ីវិល និងសារព័ត៌មាន តែងតែផ្តុំគ្នាធ្វើរឿងបែបនេះ។ ភាគច្រើននៃព័ត៌មានរបស់គេគឺ ការប្រឌិត ឬបំប៉ោង បំភ្លៃ ដើម្បីតែកេងចំណេញនយោបាយដោយបំភ្លេចចោលទាំងស្រុងនូវមនសិការវិជ្ជាជីវៈ។ ប៉ុន្តែ ករណីជាក់ស្តែងចុងក្រោយនេះ គឺជាការបកស្បែកមុខអ្នកនយោបាយ សង្គមស៊ីវិល និងសារព័ត៌មាន ទុច្ចរិតដើម្បីឲ្យសាធារណៈមតិជាតិ និងអន្តរជាតិបានឃើញយ៉ាងច្បាស់។
និយាយតាមបែបផ្សេងគឺដោយសារតែពួកគេអស់លក្ខណ៍។ ករណីនេះទៀតសោតត្រូវបានក្រុមអ្នកវិភាគមើលឃើញថា អាចមិនមែនជាការចៃដន្យទេ តែជាការរៀបចំឈុតឆាកជាបណ្តាញ ដើម្បីបង្ខូចកេរ្តិ៍ឈ្មោះរដ្ឋាភិបាលដោយចេតនាតែម្តង ជាពិសេសក្នុងពេលដែលអ្នករាយការណ៍ពិសេស អង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សនៅកម្ពុជា គឺលោកស្រី រ៉ូណាស្មីត កំពុងទស្សនកិច្ចនៅកម្ពុជា ក៏ដូចជាកៀកពេលដែលនាយករដ្ឋមន្ត្រី ហ៊ុន សែន ចេញទៅទស្សនកិច្ច នៅប្រទេសអូស្ត្រាលីផងដែរ។ ដូច្នេះអាជ្ញាធរមានសមត្ថកិច្ច គួរបើកការស៊ើបអង្កេតឲ្យបានស៊ីជម្រៅអំពីរឿងនេះ។
ក្នុងករណីការបកស្បែកមុខយ៉ាងជាក់ស្តែងបំផុត ចំពោះអ្នកប្រឌិតព័ត៌មានដ៏អាក្រក់នេះ គេកំពុងរង់ចាំមើលថា តើអ្នកណាខ្លះហ៊ានចេញមុខទទួលខុសត្រូវ? ទាំងអ្នកសារព័ត៌មាន ទាំងអង្គការសង្គមស៊ីវិល និងអ្នកនយោបាយដូចបានលើកឡើងខាងដើម តើមានសេចក្តីក្លាហានទេ ដែលត្រូវចេញមុខទទួលខុសត្រូវចំពោះកំហុសវិជ្ជាជីវៈដ៏ធ្ងន់ធ្ងររបស់ខ្លួន?
វិទ្យុអាស៊ីសេរី ត្រូវសុំទោសយ៉ាងដូចម្តេចចំពោះអ្នកស្តាប់របស់ខ្លួន? អង្គការសង្គមស៊ីវិលត្រូវធ្វើអ្វីខ្លះ ដើម្បីបង្ហាញពីការទទួលខុសត្រូវរបស់ខ្លួនចំពោះករណីនេះ? ចំណែកអ្នកនយោបាយវិញ តើមានមនសិការខ្មាសអៀនឬទេ ដែលបានធ្វើអំពើគួរឲ្យសង្វេគបែបនេះ?
គេមិនរំពឹងថា សារព័ត៌មានបែបអាស៊ីសេរីនេះដឹងកំហុសឡើយ ពីព្រោះការប្រឌិត បំភ្លៃ ដើម្បីបំភាន់ជាជំនាញរបស់ពួកគេស្រាប់ទៅហើយ។ ចំណែកអ្នកនយោបាយដូចលោក សម រង្ស៊ី នេះក៏មានជំនាញខ្ពស់ក្នុងរឿងបែបនេះស្រាប់ហើយដែរ។ ដូច្នេះមិនរំពឹងថាមនុស្សពីរជំពូកនេះចេះខ្មាសអៀនហើយទទួលកំហុសនោះឡើយ។ ប៉ុន្តែយ៉ាងហោចណាស់ អង្គការសង្គមស៊ីវិលចត្រូវលុបលាងកំហុសរបស់ខ្លួន ដោយហ៊ានទទួលស្គាល់ការពិតថា ពិតជាគ្មានមនុស្សស្លាប់ទេ ក្នុងហេតុការណ៍នេះ ហើយត្រូវហ៊ានថ្កោលទោសចំពោះអ្នកប្រឌិតព័ត៌មាន ឬហ៊ានដាក់ទោសចំពោះមន្ត្រីរបស់ខ្លួនណាដែលខ្វះវិជ្ជាជីវៈ។ កន្លងទៅ គេមិនដែលបានឃើញអង្គការសង្គមស៊ីវិលណាហ៊ានធ្វើបែបនេះទេ។
គេចាំតែចេញសេចក្តីថ្លែងការណ៍ថ្កោលទោស អាជ្ញាធររដ្ឋាភិបាលតែប៉ុណ្ណោះ ទោះជារឿងនោះពិតឬមិនពិតយ៉ាងណា តែបើក្រុមផ្សេងធ្វើខុសវិញ គេនៅស្ងៀម ឬនៅបន្តអូសក្រឡាថា មិនទាន់ទទួលបានព័ត៌មានជាក់លាក់ ឬនៅបន្តស៊ើបអង្កេតសិន។ នេះជាទម្លាប់របស់អង្គការសង្គមស៊ីវិលនៅកម្ពុជា។ ក្នុងករណីចុងក្រោយនេះ ក៏ទំនងជាមិនខុសគ្នាដែរ។
សរុបទៅ មហាជនអស់ជំនឿលើបណ្តាញផ្សាយព័ត៌មាន សង្គមស៊ីវិល និងអ្នកនយោបាយគ្មានអាជីពទាំងនោះទៀតហើយ។ នេះជាទណ្ឌកម្មដែលពួកគេត្រូវទទួលក្រោមរូបភាព កម្មដែលអ្នកសាងយ៉ាងណា អ្នកត្រូវទទួលផលយ៉ាងនោះ៕
ដោយ៖ កូនខ្មែរ