(ស្វាយរៀង)៖ នាយឧត្តមសេនីយ៍ ចៅ ភិរុណ អគ្គនាយកនៃនាយកដ្ឋានសម្ភារបច្ចេកទេស នៃក្រសួងការពារជាតិ បានអំពាវនាវឲ្យខ្មែរទាំងអស់គ្នា ត្រូវរួមគ្នាថែរក្សាតំលៃសន្តិភាពនេះឲ្យរស់ស្ថិតស្ថិរ គង់វង្ស មិនឲ្យមានអ្នកណាមួយមកបំផ្លាញបានឡើយ ព្រោះសន្តិភាពនេះរកមកដោយលំបាក ជាការលះបង់ដ៏ធំធេងរបស់ថ្នាក់ដឹកនាំ គណបក្សប្រជាជនកម្ពុជា ទើបមាននូវអ្វីៗសព្វថ្ងៃនេះ។
នាយឧត្តមសេនីយ៍ ចៅ ភិរុណ បានឲ្យដឹងបន្តថា រាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេចតេជោដឹកនាំ មិនចង់បានអ្វីក្រៅពីឃើញពលរដ្ឋរស់ នៅមានជីវភាពសមរម្យ រស់ដោយប្រទេសជាតិមានសុខសន្តិភាព វឌ្ឍនភាព សង្គមរស់ដោយសេចក្តីថ្លៃថ្នូរនោះឡើយ។
ការលើកឡើងរបស់នាយឧត្តមសេនីយ៍បែបនេះ បានធ្វើឡើងក្នុងពិធីបញ្ចុះបឋមសិលា កសាងឧបដ្ឋានសាលា វត្តរតនារាម (ហៅវត្តទួលធាតុ) ស្ថិតនៅក្នុងភូមិដូនលែប ឃុំគោកព្រីង ស្រុកស្វាយជ្រុំ ខេត្តស្វាយរៀង នៅព្រឹកថ្ងៃទី១០ ខែមីនា ឆ្នាំ២០១៨នេះ ដែលមានប្រជាពលរដ្ឋចូលរួមយ៉ាងច្រើនកុះករ។
នាយឧត្តមសេនីយ៍ បានបញ្ជាក់ថា «សូមប្រជាពលរដ្ឋទាំងអស់ ត្រូវជឿទុកចិត្តលើគណបក្សប្រជាជនកម្ពុជា និងរាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេចតេជោ ហ៊ុន សែន ជាប្រមុខដឹកនាំ ដែលបានប្រែក្លាយប្រទេស តាំងពីបាតដៃទទេ ឲ្យមានការរីកចំរើនលើគ្រប់វិស័យ»។
លោកក៏បានជម្រុញឲ្យអាជ្ញាធរកងកម្លាំង គ្រប់លំដាប់ថ្នាក់ ការពារសន្តិសុខសុវត្ថិភាព ជូនប្រជាពលរដ្ឋឲ្យបានល្អបន្ថែមទៀត ជាពិសេសអនុវត្តន៍គោលនយោបាយភូមិឃុំ មានសុវត្ថិភាពឲ្យទទួលបានជោគជ័យ។
នាយឧត្តមសេនីយ៍ ចៅ ភិរុណ បានលើកឡើងថា ព្រះពុទ្ធសាសនា បានដើរតួនាទីយ៉ាងសំខាន់ ក្នុងការអប់រំមនុស្សធ្វើអំពើល្អ ស្គាល់បាប ស្គាល់បុណ្យ ស្គាល់គុណ ស្គាល់ទោស ហើយទីអារ៉ាម គឺជាថ្នាលបណ្ដុះណ្តាលធនធានមនុស្ស ឲ្យមានអនាគតភ្លឺស្វាង និងក្លាយជាថ្នាក់ដឹកនាំប្រទេស ប្រកបដោយគុណធម៌ផងដែរ។
លោកនាយឧត្តមសេនីយ៍ បានឲ្យដឹងថា សព្វថ្ងៃនេះព្រះពុទ្ធសាសនា មានការរីកចម្រើនគួរឲ្យកត់សម្គាល់ ដោយប្រទេសកម្ពុជា មានវត្តអារាម ប្រមាណជាង៤០០វត្ត និងព្រះសង្ឃជាង៦ម៉ឺនអង្គឯណោះ នៅទូទាំងប្រទេស ហើយបើវិស័យព្រះពុទ្ធចក្ររីកចម្រើន វិស័យអាណាចក្រក៏រីកចម្រើនដែរ ពោលគឺត្រូវតែដើរទន្ទឹមគ្នា៕