(ភ្នំពេញ)៖ អគ្គនាយកដ្ឋានពន្ធដារ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានចេញសេចក្តីជូនដំណឹងមួយ ដោយព្រមានថានឹងចាត់វិធានការចំពោះសហគ្រាសណា ដែលមិនព្រមចូលខ្លួន មកទូទាត់បំណុលពន្ធជូនរដ្ឋ។
បើតាមសេចក្តីជូនដំណឹងរបស់អគ្គនាយកដ្ឋានពន្ធដារ ដែលអង្គភាព Fresh News ទទួលបាននៅព្រឹកថ្ងៃទី១០ ខែមីនា ឆ្នាំ២០១៨នេះ បានឲ្យដឹងថា មូលហេតុនៃការព្រមាននេះ ធ្វើឡើងបន្ទាប់ពីអគ្គនាយកដ្ឋានពន្ធដារ សង្កេតឃើញមានសហគ្រាសមួយចំនួន មិនបានចូលមកទូទាត់បំណុលពន្ធរបស់ខ្លួនឡើយ។
អគ្គនាយដ្ឋានពន្ធដារ ព្រមានថា «ក្នុងករណីដែលលោក-លោកស្រី នាយកសហគ្រាសខកខាន មិនបានមកទូទាត់បំណុលពន្ធនោះទេ អគ្គនាយកដ្ឋានពន្ធដារ នឹងចាត់វិធានការចុះផ្សាយលើទំព័រសារព័ត៌មាន នូវឈ្មោះសហគ្រាស និងកម្មសិទ្ធិករក្នុងពេលឆាប់ៗនេះ ហើយនឹងបន្តចាត់វិធានការតឹងទារបំណុលពន្ធ ដោយអនុលោមតាមច្បាប់ និងបទប្បញ្ញត្តិ ស្តីពីពន្ធដារនៃកម្ពុជាជាធរមាន»៕