(ភ្នំពេញ)៖ វេទិកាការងារ ដែលត្រូវបានរៀបចំឡើងជារៀងរាល់ខែ ដោយទីភ្នាក់ងារជាតិមុខរបរ និងការងារ (NEA) នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានក្លាយជាកន្លែងដែលប្រមូលផ្តុំ ដោយឱកាសការងារ និងព័ត៌មានជ្រើសរើសបុគ្គលិកដ៏ទូលំទូលាយ តាមរយៈកំណើននៃក្រុមហ៊ុន/សហគ្រាសនានា ដែលមកប្រើប្រាស់សេវាជ្រើសរើសបុគ្គលិករបស់រដ្ឋមួយនេះ។ ជាក់ស្តែងក្នុងរយៈពេល២ខែដើមឆ្នាំ២០១៨នេះ NEA បានជួយសម្របសម្រួល និងជ្រើសរើសបុគ្គលិក កម្មករ និយោជិតចំនួន១,៥០០នាក់ ឲ្យទៅក្រុមហ៊ុន/សហគ្រាសនានា នៅក្នុងវេទិកាការងារទាំង៥លើករបស់ខ្លួន។
ដោយឡែកសម្រាប់ខែមីនា ឆ្នាំ២០១៨ នេះ NEA នឹងរៀបចំវេទិកាការងារចំនួន២លើក គឺលើកទី១នៅថ្ងៃទី១៥ និងលើកទីពីរនៅថ្ងៃទី២៩ ដែលនឹងនាំយកឱកាសការងារចំនួន ១,២៧៩ កន្លែង ពីក្រុមហ៊ុនធំៗចំនួន១២ រួមមាន៖ ធនាគារ ABA, ផ្សារទំនើប AEON, ក្រុមហ៊ុន GFX Investment Co., Ltd, ក្រុមហ៊ុន G-Gear, ក្រុមហ៊ុន មេហ្គាលីស៊ីង ភីអ៊ិលស៊ី, ភោជនីយដ្ឋាន ជប៉ុន សាគី ស៊ុគីស៊ុប, Naga World, Express Food Group (EFG), ក្រុមហ៊ុន ស៊ីងហាក់ហួត, Chok Chey Finance PLC, GFG Investment និង អង្គការ Digital Divide Data។
វេទិកាការងារទំាងពីលើកនេះ នឹងរៀបចំនៅមជ្ឈមណ្ឌលការងាររាជធានីភ្នំពេញ ដែលមានទីតាំងស្ថិតនៅក្នុងបរិវេណក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ចាប់ពីម៉ោង៨ព្រឹក ដល់ម៉ោង៥ល្ងាច។
លោក អាន សុំស្រ៊ុន ប្រធានផ្នែកធនធានមនុស្សរបស់ធនាគារ ABA ដែលនឹងចូលរួមជ្រើសរើសបុគ្គលិកនៅក្នុងវេទិកាការងារលើកទី១ នៅថ្ងៃទី១៥ ខែមីនានេះ លើកឡើងថា «ធនាគារ ABA នឹងជ្រើសរើសបុគ្គលិកចំនួន ៣០២នាក់ ក្នុងវេទិកាការងារ ជាមួយទីភ្នាក់ងារជាតិមុខរបរ និងការងារនាថ្ងៃទី១៥ខាងមុខនេះ។ យើងនឹងបើកទទួលពាក្យ និងសម្ភាសន៍ការងារភ្លាមៗតែម្តង។ ចំពោះលទ្ធផលនៃការសម្ភាស គឺទៅតាមមុខតំណែង មានន័យថាមុខតំណែងខ្លះក្រុមការងារយើង នឹងប្រាប់ទៅបេក្ខជនថា ជាប់ ឬធ្លាក់ក្រោយពេលសម្ភាស ហើយមុខតំណែងខ្លះទៀត គឺបេក្ខជនដែលជាប់នៅបឋម NEA នឹងត្រូវទៅសម្ភាសនៅធនាគារម្តងទៀត» ។
លោក អាន សុំស្រ៊ុន បន្ថែមថា ចំពោះសិស្ស/និស្សិត យុវជន និងអ្នកស្វែងរកការងារធ្វើ ដែលចង់បានលទ្ធផលល្អ មិនថាដាក់ពាក្យជាមួយធនាគារ ABA ឬក្រុមហ៊ុនផ្សេងទៀត ត្រូវរៀបចំប្រវត្តិរូបសង្ខេបឲ្យបានត្រឹមត្រូវ, រៀបចំខ្លួនឲ្យបានល្អ, ស្វែងរកព័ត៌មានអំពីក្រុមហ៊ុន និងមុខតំណែងដែលខ្លួនជ្រើសរើស និងត្រូវគោរពពេលវេលាជាដើម។
លោក អាំង ភារៈ ប្រធានមជ្ឈមណ្ឌលការងាររាជធានីភ្នំពេញ បានលើកឡើងថា វេទិកាការងារនេះ បានរួមចំណែកជួយដល់និយោជក ដែលកំពុងមានតម្រូវការជ្រើសរើសបុគ្គលិក ឲ្យបានជួបអ្នកកំពុងស្វែងរកការងារធ្វើផ្ទាល់តែម្តង។ អ្នកដែលមានបំណងស្វែងរកការងារ គឺគ្រាន់តែកាន់ប្រវត្តិរូបសង្ខេបរបស់ខ្លួនមកចូលរួមប៉ុណ្ណោះ។ វេទិកានេះ បានផ្ដល់ឱកាសដល់សាធារណៈជន ក៏ដូចជាដល់យុវជន ដែលចង់ស្វែងការងារធ្វើតាមរយៈស្ថាប័នរដ្ឋ ដោយមិនពិបាកដើរស្វែងរកការងារ ឬចំណាយពេលធ្វើដំណើរ ទៅដាក់ CVs នៅតាមបណ្តាក្រុមហ៊ុននោះទេ ចំពោះអ្នកដែលមានការងារធ្វើហើយ តែចង់ផ្លាស់ប្ដូរការងារ ក៏អាចចូលរួមបានផងដែរ។
សម្រាប់ព័ត៌មានបន្ថែមទាក់ទងនឹងវេទិកាការងារ សូមទាក់ទងមជ្ឈមណ្ឌលការងាររាជធានីភ្នំពេញ តាមរយៈលេខទូរស័ព្ទ៖ 016 77 66 55/077 23 23 78 ឬគេហទំព័ររបស់ទីភ្នាក់ងារជាតិមុខរបរ និង ការងារ www.nea.gov.kh និងទំព័រ facebook/neakhmer (អិនអ៊ីអេ ខ្មែរ) ដោយងាយស្រួល៕