Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

សប្តាហ៍ដំបូងក្នុងខែមីនានេះ រោងចក្រថ្មី៣ទៀតហើយ ត្រូវបាន CDC ចេញច្បាប់ឲ្យបើកដំណើរការវិនិយោគនៅកម្ពុជា ក្រោមទុនជិត៨០លានដុល្លារ បង្កើតការងារថ្មីជូនពលរដ្ឋខ្មែរជិត៣ពាន់កន្លែង

10-03-2018 08:37

(ភ្នំពេញ)៖ នៅក្នុងសប្តាហ៍ដំបូង ខែមីនានេះ មានរោងចក្រថ្មីៗចំនួន៣ទៀតហើយ ត្រូវបានក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) ចេញច្បាប់អនុញ្ញាតឲ្យបើកដំណើរការនៅកម្ពុជា ក្រោមទុនវិនិយោគចំនួន ៧៧.៤៤លានដុល្លារអាមេរិក និងបង្កើតការងារថ្មីជូនប្រជាជនកម្ពុជាបានចំនួន ២៨៣២កន្លែង។

យោងតាមរបាយការណ៍ដែលបង្ហោះលើ Facebook ផ្លូវការ របស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានបញ្ជាក់ថា ក្រុមហ៊ុនដែលទើបបង្កើតថ្មី ទាំងនោះរួមមាន៖

១៖ ក្រុមហ៊ុន «HELIOS GARMENT (CAMBODIA) CO.,LTD» គម្រោងបង្កើតរោងចក្រកាត់ដេរសម្លៀកបំពាក់ ដែលមានទីតាំងវិនិយោគនៅភូមិដំណាក់ធំ៣ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ មានទុនវិនិយោគប្រមាណ ២.៣៥លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ៨៥៩កន្លែង។

២៖ ក្រុមហ៊ុន «WTCPP MANAGEMENT CO., LTD» គម្រោងសាងសង់ និងធ្វើអាជីវកម្មសណ្ឋាគារលំដាប់ផ្កាយ៤ មជ្ឈមណ្ឌលពាណិជ្ជកម្ម និងផ្សារទំនើប ដែលមានទីតាំងវិនិយោគ ស្ថិតនៅដីឡូតិ៍លេខ២៨០ ផ្លូវលេខ៤៣០ កែងផ្លូវ៤៥៤ ភូមិ៤ សង្កាត់ទួលទំពូងទី២ ខណ្ឌចំការមន រាជធានីភ្នំពេញ មានទុនវិនិយោគប្រមាណ ៥០.២លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ៤១៩កន្លែង។

៣៖ ក្រុមហ៊ុន «CHHUN HONG RUBBER BETTER CO., LTD» គម្រោងបង្កើតកសិដ្ឋានដាំដំណាំកសិ-ឧស្សាហកម្ម (ដើមកៅស៊ូ) និងសាងសង់រោងចក្រកែច្នៃ ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិយាវ និងភូមិទន្សោងធ្លាក់ ឃុំកំពង់ចាម ស្រុកសំបូរ ខេត្តក្រចេះ មានទុនវិនិយោគប្រមាណ ២៤.៨៩លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ១,៥៥៤កន្លែង៕