(ភ្នំពេញ)៖ រាជរដ្ឋាភិបាលកម្ពុជា កំពុងតែពន្លឿនការសាងសង់ផ្លូវដែកចំនួន២ខ្សែ និងផ្លូវទឹក១ខ្សែបន្ថែមទៀត ឲ្យបានរួចរាល់ និងដាក់ឲ្យប្រើប្រាស់ជាផ្លូវការ នៅមុនចូលឆ្នាំថ្មីប្រពៃណីខ្មែរ ដើម្បីសម្រួលដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ និងភ្ញៀវទេសចរដែលមកទស្សនាកម្ពុជា។ នេះបើតាមទេសរដ្ឋមន្ត្រី ស៊ុន ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន។
ការបញ្ជាក់យ៉ាងដូច្នេះ ត្រូវបានធ្វើឡើងនៅក្នុងឱកាសទេសរដ្ឋមន្ត្រីដឹកនាំការបើកការដ្ឋានសាងសង់ផ្លូវរថភ្លើងមួយខ្សែ ដែលគោលដៅរបស់ផ្លូវនេះ គឺចេញពីស្ថានីយ៍រថភ្លើងរាជធានីភ្នំពេញ ទៅកាន់អាកាសយានដ្ឋានអន្តរជាតិភ្នំពេញ នាយប់ថ្ងៃទី០៩ ខេមីនា ឆ្នាំ២០១៨ ជាមួយវត្តមានអភិបាលរាជធានីភ្នំពេញ លោក ឃួង ស្រេង, ប្រធានមន្ទីរសាធារណការរាជធានីភ្នំពេញ លោក សាំ ពិសិដ្ឋ, អភិបាលខណ្ឌពោធិ៍សែនជ័យ លោក ហែម ដារិទ្ឋ និងមន្រ្តីពាក់ព័ន្ធជាច្រើននាក់ទៀតផងដែរ។
ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានឲ្យដឹងថា រាជរដ្ឋាភិបាល ដែលមានក្រសួងសាធារណការជាសេនាធិការ កំពុងតែសហការជាមួយអាជ្ញាធរពាក់ព័ន្ធ ខិតខំពន្លឿនការសាងសង់ និងរៀបចំផ្លូវដែកចំនួន២ខ្សែ និងផ្លូវទឹក១ខ្សែបន្ថែមទៀត ធ្វើយ៉ាងណាឲ្យបានរួចរាល់ និងដាក់ឲ្យប្រើប្រាស់ជាផ្លូវការនៅមុនចូលឆ្នាំថ្មីប្រពៃណីខ្មែរ ដោយលោកបានថ្លែងយ៉ាងដូច្នេះថា «គម្រោង៣ ដែលយើងខ្ញុំបានសន្យាដែលរាជរដ្ឋាភិបាល ក្រសួងសាធារណការ និងដឹកជញ្ជូន ជាមួយអាជ្ញាធរទាំងអស់ បានសន្យាថាមុនចូលឆ្នាំ យើងមានគម្រោង៣ហ្នឹង ហើយនឹងធ្វើឲ្យបានជោគជ័យមុនចូលឆ្នាំ បានចប់ជាស្ថាពរទាំង៣»។
លោកបានបញ្ជាក់ថា គម្រោងផ្លូវដែក និងផ្លូវទឹកទាំង៣ ដែលកំពុងមមាញឹកក្នុងការសាងសង់នោះ រួមមាន៖
១៖ ផ្លូវដែកបំបែកពីផ្លូវចាស់ (ដែលចេញពីស្ថានីយ៍រថភ្លើងរាជធានីភ្នំពេញ ឆ្ពោះទៅខេត្តព្រះសីហនុ) ចូលទៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ។ កំណាត់ថ្មីនេះមានប្រវែង ១,៩១៣ម៉ែត្រ ហើយរថភ្លើង៣គ្រឿង (កំពុងផលិតនៅប្រទេសម៉ិកស៊ីកូ) នឹងដាក់ឲ្យដំណើរមុនចូលឆ្នាំខ្មែរ សម្រាប់ដឹកជញ្ជូនភ្ញៀវទេសចរ ចេញចូលអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ។ ចំពោះកន្លែង Chek in ក្រសួងសាធារណការ កំពុងតែពិភាក្សាជាមួយអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ដើម្បីឲ្យភ្ញៀវអាច Checkin បាននៅស្ថានីយ៍រថភ្លើងរាជធានីភ្នំពេញ។
២៖ ផ្លូវដែកចេញពីក្រុងប៉ោយប៉ែត ឆ្ពោះទៅស្វាយស៊ីសុផុន មានប្រវែង៤៨គីឡូម៉ែត្រ នឹងដាក់ដំណើរនៅថ្ងៃទី០៤ ខែមេសា ឆ្នាំ២០១៨ ខាងមុខ។ ត្រង់ចំណុចនេះ លោកទេសរដ្ឋមន្ត្រីបានបញ្ជាក់ទៀតថា នឹងដាក់ដំណើរខ្សែរត់ចាស់ឡើងវិញ ពោលចេញពីក្រុងប៉ោតប៉ែត កាត់តាមស្វាយស៊ីសុផុន ខេត្តបាត់ដំបង ពោធិ៍សាត់ កំពង់ឆ្នាំង ឆ្ពោះមករាជធានីភ្នំពេញ នឹងដាក់ដំណើរផ្លូវការនៅអំឡុងខែមិថុនា ឆ្នាំ២០១៨ ខាងមុខ។
៣៖ ផ្លូវទឹកចេញពីខណ្ឌព្រែកព្នៅ ឆ្ពោះទៅក្រុងតាខ្មៅ ខេត្តកណ្ដាល តាមបណ្ដោយទន្លេសាប និងទន្លេបាសាក់ នឹងដាក់ដំណើរការនៅថ្ងៃទី០៦ ខែមេសា ឆ្នាំ២០១៨ ដែលបច្ចុប្បន្ននេះកំពុង រៀបចំសាងសង់កំពុងផែ និងផលិតកាណូតចំនួន២គ្រឿង និងកាណូតចាស់ដែលកំពុងជួសជុល២គ្រឿងទៀត សរុបនឹងដំណើរការរត់ទៅមកបណ្ដោះអាសន្នចំនួន៤គ្រឿងសិន។
ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានសង្កត់ធ្ងន់ថា ការពង្រីកនូវប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធថ្មីទាំង៣ខ្សែនេះ គឺដើម្បីសម្រួលដល់ចរាចរណ៍ធ្វើដំណើររបស់ប្រជាពលរដ្ឋ និងភ្ញៀវទេសចរ ខណៈកំណើនភ្ញៀវទេសចរអន្តរជាតិដែលមកទស្សនានៅកម្ពុជាកំពុងកើនឡើង ប៉ុន្តែបើគ្មានសន្តិភាព គ្មានស្ថិរភាពទេនោះ ការសាងសង់ផ្លូវដែកបន្ថែមនេះមិនអាចដំណើរការបានឡើយ។
លោកក៏បានអំពាវនាវដល់ប្រជាពលរដ្ឋផងដែរ នៅពេលមានផ្លូវដែកប្រើប្រាស់ហើយ ត្រូវប្រុងប្រយ័ត្នជាប់ជានិច្ច រាល់ពេលធ្វើដំណើរតាមបណ្ដោយមហាវិថីសហព័ន្ធរុស្ស៊ី។ ការបញ្ជាក់បែបនេះ មិនមែនគ្មានស្លាកសញ្ញា ឬប្រព័ន្ធការពារអ្វីឡើយ ពោលគឺមន្ត្រីជំនាញនឹងរៀបចំបំពាក់ឲ្យបានត្រឹមត្រូវ និងមានសុវត្ថិភាពខ្ពស់បំផុត៕