(ភ្នំពេញ)៖ លោកវេជ្ជបណ្ឌិត អាំង ហុកស្រ៊ុន ប្រធានការិយាល័យសុវត្ថិភាពចំណីអាហារ នាយកដ្ឋានឱសថ ចំណីអាហារ បរិក្ខារពេទ្យ និងគ្រឿងសំអាង នៃក្រសួងសុខាភិបាល បានថ្លែងអំពាវនាវជាថ្មី ដល់ម្ចាស់ភោជនីយដ្ឋានទូទាំងប្រទេស ឲ្យមកចុះវិញ្ញាបនបត្របញ្ជាក់អនាម័យចំណីអាហារ និងវិញ្ញាបនបត្របញ្ជាក់គោលការណ៍អនុវត្ដអនាម័យល្អ (Logo) ដើម្បីការពារ និងកាត់បន្ថយការពុលអាហារដល់ប្រជាពលរដ្ឋ ។
លោកថ្លែង ក្នុងឱកាសចែកវិញ្ញាបនបត្រ ដល់ម្ចាស់អាជីវកម្ម នៅថ្ងៃទី០៩ ខែមីនា ឆ្នាំ២០១៨ នាទីស្ដីការក្រសួងសុខាភិបាលទៀត ថា ពិតណាស់ការចុះវិញ្ញាបនបត្រ នេះ គឺមានសារៈសំខាន់ខ្លាំងណាស់ ក្នុងការធានា និងជំនឿចិត្ដដល់អតិថិជន ជាតិអន្ដរជាតិ ពិសេសអាចទាក់ទាញភ្ញៀវទេសចរណ៍មួយចំណែកផងដែរ ហើយការអនុវត្ដន៍នេះ មិនមែនតែស្រុកយើងទេ គឺមាននៅគ្រប់បណ្ដាប្រទេសផងដែរ ដើម្បីបញ្ជាក់នូវស្ដង់ដា គុណភាព និងអនាម័យជូនអ្នកបរិភោគ ។
លោកវេជ្ជបណ្ឌិត អាំង ហុកស្រ៊ុន ថ្លែងទៀតថា «សម្រាប់ថ្ងៃនេះ គឺយើងបានចែកវិញ្ញាបនបត្រ ម្ចាស់អាជីវកម្ម ឬម្ចាស់ភោជនីយដ្ឋាន បានចំនួន ៣១បន្ថែមទៀត ដែលយើងតែងតែធ្វើជារៀងរាល់មួយម្ដង ដូចនេះ បើគិតមកត្រឹមថ្ងៃនេះ យើងបានប្រគល់នូវវិញ្ញាបនបត្រនេះរហូតដល់ទៅជិត២ពាន់ភោជនីយដ្ឋាន ក្នុងចំណោមភោជនីយដ្ឋានសរុប ជិត៤ពាន់កន្លែង ទូទាំងប្រទេស តែចំនួននេះមិនទាន់ឆ្លើយតបសមស្របនៅឡើយទេ ដូច្នេះសូមស្នើឲ្យអាជីវករ ប្រកបអាជីវកម្ម ភោជនីយដ្ឋាន អាហារដ្ឋានទាំងអស់ សហការជាមួយនឹងក្រសួងសុខាភិបាល ធ្វើយ៉ាងណាឲ្យភោជនីយដ្ឋាន ទូទាំងប្រទេសយើង ទទួលបានវិញ្ញាបនបត្រ បញ្ជាក់អនាម័យឲ្យបានគ្រប់ៗគ្នា ដើម្បីការពារអ្នកញុំា កុំឲ្យប៉ះពាល់ដល់សុខភាព ឬការពុលអាហារ និងផ្ដល់ជំនឿទុកចិត្ដ រួមទាំងទាក់ទាញភ្ញៀវកាន់តែច្រើនបន្ថែមទៀត»។
គួររម្លឹកថា កាលពីកន្លងទៅថ្មីៗនេះ លោកបណ្ឌិត ហេង ប៊ុនគៀត ប្រធាននាយកដ្ឋានឱសថ ចំណីអាហារ និងបរិក្ខារពេទ្យ និងគ្រឿងសំអាងនៃ ក្រសួងសុខាភិបាល បានឲ្យដឹងថា ដោយអនុវត្ដទៅតាមគោលនយោបាយ ដាក់ចេញរបស់រាជរដ្ឋាភិបាល និងក្រសួងសុខាភិបាល អត្រាពុលចំណីអាហារ នៅក្នុងប្រទេសកម្ពុជា នៅក្នុងឆ្នាំ២០១៧ បានធ្លាក់ចុះនៅសល់ត្រឹម៩ករណីប៉ុណ្ណោះ ខណៈដែលឆ្នាំ២០១៦ មានចំនួន១៩ករណី និងឆ្នាំ២០១៥ មានចំនួន៣៣ករណីឯណោះ៕