(ភ្នំពេញ)៖ នៅម៉ោង១០ព្រឹកថ្ងៃទី១០ ខែមីនា ឆ្នាំ២០១៨នេះ លោកទេសរដ្ឋមន្ដ្រី ស៊ុន ចាន់ថុល នឹងអញ្ជើញចុះត្រួតពិនិត្យ ការដ្ឋានសាងសង់ ចំណតកំពង់ផែដឹកជញ្ជូនអ្នកដំណើរ តាមផ្លូវទឹក ត្រង់ចំណុច ទីលានប្រជាធិបតេយ្យថ្មី ខាងត្បូងការដ្ឋានបេឡេ តាមបណ្ដោយផ្លូវជាតិ លេខ៥។

សម្រាប់ទីតាំងគម្រោងកំពង់ផែកាណូត សម្រាប់ដឹកជញ្ជូនអ្នកដំណើរតាមផ្លូវទឹក គឺមាននៅតាមដងទន្លេសាប ទន្លេបាសាក់ និងទន្លេមេគង្គ ចាប់ពីព្រែកព្នៅ ដល់សួនច្បារតាខ្មៅ ខេត្តកណ្តាល។

ដោយទីតាំងកំពង់ផែកាណូតនេះ ដែលនឹងដាក់ឲ្យដំណើរការ នៅមុនបុណ្យឆ្នាំខ្មែរខាងមុខនេះ ដោយពេលនេះកំពុងតែសាងសង់ បានមួយចំនួនធំហើយមាន៖

*ទីតាំងទី១៖ កំពង់ផែ ព្រែកព្នៅ
*ទីតាំងទី២៖ កំពង់ផែ មុខឃ្លាំងសាំងឫស្សីកែវ នៅទីលានប្រជាធិបតេយ្យថ្មី
*ទីតាំងទី៣៖ កំពង់ផែ ផែបណ្តែត ទល់មុខផ្សាររាត្រី
*ទីតាំងទី៤៖ កំពង់ផែ ណាហ្គា នៅក្បែរកោះពេជ្រ
*ទីតាំងទី៥៖ កំពង់ផែ ភូមិដើមចាន់ នៅច្បារអំពៅ
*ទីតាំងទី៦៖ កំពង់ផែ សួនច្បារតាខ្មៅ។

សូមជម្រាបថា កាលថ្ងៃទី២៤ ខែមករា ឆ្នាំ២០១៨ លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានបញ្ជាក់ថា នៅមុនបុណ្យចូលឆ្នាំខ្មែរ ចូលមកដល់ក្នុងខែមេសា ឆ្នាំ២០១៨ខាងមុខនេះ ក្រសួងសាធារណការ និងដឹកញ្ជូន នឹងដាក់ឲ្យដំណើរការ នូវកាណូតដឹកអ្នកដំណើរពីព្រែកព្នៅមកភ្នំពេញ និងពីភ្នំពេញ ទៅក្រុងតាខ្មៅ ខេត្តកណ្តាល ត្រូវដាក់ឲ្យដំណើរការ ៕