(ភ្នំពេញ)៖ យោងតាមគេហទំព័រ socialbakers.com បានបង្ហាញនៅថ្ងៃទី០៩ ខែមីនា ឆ្នាំ២០១៨ឲ្យដឹងថា បណ្តាញទំនាក់ទំនងសង្គម Facebook របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានស្ថិតជាប់ក្នុងលំដាប់ TOP 10 លើពិភពលោក ជាមេដឹកនាំមានចំនួនអ្នកស្រឡាញ់ចូលចិត្តច្រើនជាងគេបំផុត (Like) ។
Facebook លំដាប់ TOP 10 នេះបានបង្ហាញពីលេខរៀងដូចជា ទី១៖ អតីតប្រធានាធិបតីអាមេរិក Barak Obama, ទី់២៖ នាយករដ្ឋមន្រ្តីឥណ្ឌា និងទី៣៖ ប្រធានាធិបតី ដូណាល់ ត្រាំ, ទី៤៖ ព្រះមហេសីនៃស្តេចប្រទេស Jordan.... រហូតដល់ទី១០៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា។
ការស្ថិតជាប់នៅក្នុងលំដាប់ TOP 10 នៃបណ្តាញទំនាក់ទំនងសង្គមយក្សមួយនេះ គឺដោយសារការកើនឡើងយ៉ាងគំហុគនៃការគាំទ្រ (Like) យ៉ាងខ្លាំងពីប្រជាជនទាំងក្នុង និងក្រៅប្រទេស។ ទំព័រ Facebook របស់សម្តេចតេជោនាយករដ្ឋមន្ត្រីដែលសព្វថ្ងៃមានជាង៩លាន Like ត្រូវបានគេមើលឃើញថា ជាប្រភពផ្តល់ព័ត៌មានពិតប្រាកដ និងច្បាស់លាស់បំផុតអំពីសកម្មភាព ការងារប្រចាំថ្ងៃ របស់សម្តេចតេជោនាយករដ្ឋមន្រ្តី ក៏ដូចជាព័ត៌មានអំពីការរីកចម្រើន និងនយោបាយការបរទេសរបស់កម្ពុជា ជាមួយប្រទេសក្នុងតំបន់ និងក្នុងពិភពលោក។
ទន្ទឹមនឹងនេះដែរ គឺ Facebook សម្តេចតេជោ បានផ្តល់ភាពងាយកាន់តែស្រួលដល់សាធារណជនទូទៅ មន្រ្តីរាជការ ជាពិសេសយុវជនយុវតី មានឱកាសបានបញ្ចេញមតិយោបល់ និងជម្រាបពីកង្វាល់ និងបញ្ហាផ្សេងៗមកកាន់នាយករដ្ឋមន្រ្តី។ មាន Facebook សម្តេចតេជោ គឺប្រជាពលរដ្ឋកាន់តែមានឱកាសអាចឆ្លើយឆ្លង និងទំនាក់ទំនងដោយផ្ទាល់ជាមួយ ប្រមុខរាជរដ្ឋាភិបាល បានយ៉ាងងាយស្រួលបំផុត៕