(ភ្នំពេញ)៖ អគ្គនាយកមជ្ឈមណ្ឌល សកម្មភាពកម្ចាត់មីនកម្ពុជា (ស៊ីម៉ាក់) លោក ហេង រតនា បានបញ្ជាក់ប្រាប់បណ្តាញព័ត៌មាន Fresh News នៅយប់ថ្ងៃទី០៩ ខែមីនា ឆ្នាំ២០១៨នេះថា អាមេរិកបានបន្តផ្តល់ជំនួយចំនួន៤លានដុល្លារដល់ស៊ីម៉ាក់ សម្រាប់រយៈពេល២ឆ្នាំ ចាប់គិតពីថ្ងៃទី១ ខែមីនា ឆ្នាំ២០១៨ ដល់ថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០១៩ ដើម្បីស្រាវជ្រាវ និងបោសសំអាតកាកសំណល់ ពីសង្គ្រាមបណ្តាខេត្តខាងកើតនៃប្រទេស ជាពិសេសតំបន់គ្រាប់បែកចង្កោម។
លោក ហេង រតនា បានបញ្ជាក់យ៉ាងដូច្នេះថា «អង្គភាពស៊ីម៉ាក់ បានទទួលព័ត៌មានជាផ្លូវការនៅថ្ងៃនេះពីអង្គការ NPA ថា ស៊ីម៉ាក់ និង NPA បានឈ្នះការដេញថ្លៃទទួលជំនួយ ពីក្រសួងការបរទេស សហរដ្ឋអាមេរិក ដែលគំរោងរយៈពេល២ឆ្នាំ (ពីថ្ងៃទី០១ ខែមីនា ឆ្នាំ២០១៨ដល់ ថ្ងៃទី២៨ ខែកុម្ភ: ឆ្នាំ២០១៩) មានថវិកាសរុប៤លានដុល្លារសហរដ្ឋអាមេរិក ដោយគិតក្នុងឆ្នាំៗចំនួន២លានដុល្លារអាមេរិក។ ជាមួយជំនួយនេះស៊ីម៉ាក់ ធ្វើការស្រាវជ្រាវ និងបោសសំអាតកាកសំណល់ ពីសង្គ្រាមបណ្តាខេត្តខាងកើត នៃប្រទេសជាពិសេសតំបន់គ្រាប់បែកចង្កោម»។
ជាមួយគ្នានេះ អគ្គនាយករូបនេះបានបញ្ជាក់ថា នៅថ្ងៃទី០៩ ខែមីនា ឆ្នាំ២០១៨នេះ នៅទីបញ្ជាការស៊ីម៉ាក់ភ្នំពេញ លោកបានទទួលស្វាគមន៍ និងពិភាក្សាការងារជាមួយក្រុម មន្ត្រីអនុព័ន្ធយោធាអាមេរិក ប្រចាំនៅកម្ពុជា និងក្រុមយោធាចារ្យអាមេរិក មកពីទីបញ្ជាការដ្ឋានអាស៊ីប៉ាស៊ីហ្វិក។ ដោយក្នុងជំនួបពិភាក្សាគ្នានោះ កម្ពុជា និងអាមេរិក បានការពង្រឹងកិច្ចសហប្រតិបតិ្តការឡើងវិញ។ លោកថា ភាគីអាមេរិកមានចេតនា ក្នុងការបង្កើនជំនួយលើការគាំទ្រស៊ីម៉ាក់ ឲ្យផ្តល់ការហ្វឹកហ្វឺន ជូនប្រទេសដែលកំពុងរងផលប៉ះពាល់ ដោយសារសង្គ្រាម។
លោកបន្ថែមថា «ក្នុងការពិភាក្សាគ្នានេះ ក៏បានផ្តោតជាពិសេសលើបញ្ហាគ្រាប់បែកជាអាវុធគីមី កាកសំណល់ពីសង្គ្រាមផងដែរ ដែលចាំបាច់ត្រូវបោសសំអាត ហើយដែលគិតគូរជាសំខាន់លើមូលដ្ឋាន សមត្ថភាពធនធានមនុស្ស សម្ភារ និងមធ្យាបាយផងដែរ»។
គួររំលឹកថា កាលពីថ្ងៃទី៦ ខែវិចិ្ឆកា ឆ្នាំ២០១៧ អង្គការ NPA ដែលជាអង្គការដៃគូជាមួយស៉ីម៉ាក់ បានផ្តល់ព័ត៌មានថា ស្ថានទូតអាមេរិក បានសំរេចកាត់ផ្តាច់ជំនួយមនុស្សធម៌របស់ខ្លួនមកស៉ីម៉ាក់ ចាប់ពីដើមខែមករា ឆ្នាំ២០១៨តទៅ ដោយគ្មានការបញ្ជាក់ហេតុផលអ្វីច្បាស់លាស់ឡើយ។ ភ្លាមៗបន្ទាប់ពីប្រកាសផ្តាច់ជំនួយនេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានឆ្លើយតបភ្លាមៗថា រាជរដ្ឋាភិបាលកម្ពុជា ធានាគ្រប់យ៉ាងដោយឲ្យស៉ីម៉ាក់ បន្តសកម្មភាពរបស់ខ្លួន ដូចដើមមិនមានការដកថយឡើង។
បន្ទាប់ពីមានប្រតិកម្មឆ្លើយតបរបស់រាជរដ្ឋាភិបាលកម្ពុជា ចំពោះគម្រោងផ្តាច់ជំនួយនេះ ស្រាប់តែនៅថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០១៧ ស្ថានទូតសហរដ្ឋអាមេរិកប្រចាំកម្ពុជា បានផ្ញើលិខិតផ្លូវការមួយទៅកាន់ លោក ហេង រតនា ដើម្បីបញ្ជាក់ថា អាមេរិកនឹងបន្តផ្តល់ជំនួយ ក្នុងសកម្មភាពបោសសម្អាតគ្រាប់បែកខ្លួន ដែលទម្លាក់លើទឹកដីខ្មែរកាលពីអតីតកាល។ ការផ្តល់ជំនួយនេះធ្វើតាមលក្ខណៈដេញថ្លៃ។
ជាងនេះទៅទៀតនោះ កាលពីថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០១៧ មហាមិត្តរបស់កម្ពុជាគឺប្រទេសចិន ក៏បានប្រកាសជួយដល់កម្ពុជា ក្នុងសកម្មភាពបោសសំអាតគ្រាប់មីន និងយុទ្ធភណ្ឌមិនទាន់ផ្ទុះនៅកម្ពុជាឲ្យអស់ ដោយមិនរើសអើងថា ជារបស់អាមេរិក ឬប្រទេសដទៃនោះទេ។ ការប្រកាសផ្តល់ជំនួយនេះ ធ្វើឡើងនៅក្នុងជំនួបទ្វេភាគីរវាងនាយករដ្ឋមន្ត្រីនៃកម្ពុជា សម្តេចតេជោ ហ៊ុន សែន និងលោក លី កឺជាង នាយករដ្ឋមន្ត្រីចិន នៅទីក្រុងម៉ានីឡា ប្រទេសហ្វីលីពីន ដោយរដ្ឋាភិបាលចិន បានសន្យាថា នឹងជួយឱ្យអស់លទ្ធភាព ដើម្បីបោសសម្អាតមីន និងយុទ្ធភ័ណ្ឌមិនទាន់ផ្ទុះនៅកម្ពុជា ឱ្យបានឆាប់រហ័ស។
សូមជម្រាបថា បើតាមរបាយកាណ៍របស់ស៊ីម៉ាក់ បានបង្ហាញថាចន្លោះឆ្នាំ១៩៦៣ ដល់ឆ្នាំ១៩៧៥ អាមេរិកបានទម្លាក់គ្រាប់បែកជាច្រើនប្រភេទលើដីខ្មែរ ក្នុងនោះមានគ្រាប់បែកគីមីផងដែរ។ គ្រាប់ដែលទម្លាក់មានទម្ងន់ប្រមាណ ២លាន៨សែនតោន៕