Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

២ខែដំបូងឆ្នាំនេះ អគ្គនាយកដ្ឋានពន្ធដារ ប្រមូលពន្ធសម្រាប់ចំណូលថវិកាជាតិ បានជាង៣១៤លានដុល្លារ

09-03-2018 19:49

(ភ្នំពេញ)៖ សម្រាប់រយៈពេល២ខែដំបូង ឆ្នាំ២០១៨នេះ អគ្គនាយកដ្ឋានពន្ធដារ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានប្រមូលចំណូលពន្ធបង់ចូលថវិកាជាតិបានជាង៣១៤លានដុល្លារអាមេរិក កើនឡើង១៦ភាគរយ បើធៀបនឹងរយៈពេលដូចគ្នា ឆ្នាំ២០១៧។

សេចក្តីប្រកាសព័ត៌មានរបស់អគ្គនាយកដ្ឋានពន្ធដារ ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី០៩ ខែមីនា ឆ្នាំ២០១៨នេះ បានបញ្ជាក់ថា « សម្រាប់រយៈពេលពីរខែ ដើមឆ្នាំ២០១៨ ចំណូលពន្ធ-អាករគ្រប់ប្រភេទដែលប្រមូលបានសរុបមានចំនួន ១,២៥៩ ៥១៩.៣៣ លានរៀល (ប្រមាណជា ៣១៤.៨៨ លានដុល្លារអាមេរិក) ស្មើនឹង១៦.៣៨% នៃផែនការច្បាប់»

ដោយឡែកក្នុងខែកុម្ភៈ ឆ្នាំ២០១៨ ចំណូលពន្ធ-អាករគ្រប់ប្រភេទ ដែលអគ្គនាយកដ្ឋានពន្ធដារប្រមូលបាន (តាមប្រព័ន្ធគ្រប់គ្រងទិន្នន័យចំណូលអនឡាញ-Online) មានចំនួន ៥៨៣,៤១៧.១៣លានរៀល (ប្រមាណជា ១៤៥.៨៥លានដុល្លារអាមេរិក) ស្នើនឹង៧.៥៨% នៃផែនការច្បាប់ និងបានធ្វើបែបបទបង់ចូលថវិកាជាតិបានចំនួន ៥៣៤,១៧៨.៥៤ លានរៀល (ប្រមាណ១៣៣.៥៤ លានដុល្លារអាមេរិក) ស្មើនឹង ៦.៩៤%នៃផែនការច្បាប់។

ថ្លែងក្នុងឱកាសអញ្ជើញជាអធិបតីភាព ក្នុងកិច្ចប្រជុំបូកសរុបលទ្ធផល ប្រមូលចំណូលពន្ធប្រចាំខែកុម្ភៈ ឆ្នាំ២០១៨ ព្រមទាំងទិសដៅសម្រាប់អនុវត្តបន្ត របស់អគ្គនាយកដ្ឋានពន្ធដារ នៅថ្ងៃសុក្រ ៨រោច ខែផល្គុណ ឆ្នាំរកា នព្វស័ក ព.ស២៥៦១ ត្រូវនឹងថ្ងៃទី០៩ ខែកុម្ភៈ ឆ្នាំ២០១៨ លោក គង់ វិបុល ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកអគ្គនាយក នៃអគ្គនាយកដ្ឋានពន្ធដារ បានវាយតម្លៃខ្ពស់ និងថ្លែងនូវអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះថ្នាក់ដឹកនាំ និងមន្ត្រីរាជការពន្ធដារគ្រប់ជាន់ថ្នាក់ នៅតាមអង្គភាពក្រោមឱវាទអគ្គនាយកដ្ឋានពន្ធដារ ដែលបាននិងកំពុងចូលរួម យ៉ាងសកម្មក្នុងការខិតខំប្រឹងប្រែង ប្រមូលចំណូលរហូតទទួលបានលទ្ធផលយ៉ាងល្អប្រសើរ ដែលនេះគឺជាជោគជ័យរួមរបស់អគ្គនាយកដ្ឋានពន្ធដារ ក្នុងការសម្រេចបាននូវលទ្ធផល នៃការប្រមូលចំណូលពន្ធ សម្រេចបានផ្លែផ្កាយ៉ាងត្រចេះត្រចង់។

ទន្ទឹងមនឹងគ្នានេះ លោកក៏បានណែនាំបន្ថែមដល់គ្រប់អង្គភាព អោយបន្តខិតខំពង្រឹងការអនុវត្តច្បាប់ វិន័យការងារ និងត្រូវមានភាពទន់ភ្លន់តែម៉ឺងម៉ាត់ ដោយផ្អែកទិដ្ឋភាពច្បាប់ ក្នុងការឆ្លើយតបទៅកាន់អ្នកជាប់ពន្ធ ឲ្យអ្នកជាប់ពន្ធរីករាយទទួលយក និងស្ម័គ្រចិត្តបង់ពន្ធគ្រប់ៗគ្នា ធ្វើយ៉ាងណាកាត់បន្ថយជាអតិបរមា ឬមិនអោយអ្នកជាប់ពន្ធមានការរអ៊ូរទាំ និងផ្តល់កិច្ចសហការល្អក្នុងការបង់ពន្ធជូនប្រជាពលរដ្ឋ ព្រមទាំងប្រកាន់ខ្ជាប់នូវអភិក្រមការងារ «ឆ្លុះកញ្ចក់ មុជទឹក ដុសក្អែល ព្យាបាល និងវះកាត់»