(ភ្នំពេញ)៖ ថ្លែងបំភ្លឺច្បាស់ៗចេញពីខេត្តក្រចេះ ទីដែលមានហេតុការណ៍ប៉ះទង្គិចគ្នារវាងប្រជាពលរដ្ឋ និងកម្លាំងសមត្ថកិច្ច ជុំវិញការតវ៉ារឿងវិវាទដីធ្លីនៅក្នុងស្រុកស្នួល ខេត្តក្រចេះ, អ្នកស្រី ទិន ភ័ក្រ្ត ប្រជាពលរដ្ឋដែលស្ថិតនៅក្នុងហេតុការណ៍ប៉ះទង្គិចគ្នានោះបានអះអាងច្បាស់ៗប្រាប់បណ្តាញព័ត៌មាន Fresh News នៅក្នុងកិច្ចសម្ភាសន៍នារសៀលថ្ងៃទី០៩ ខែមីនា ឆ្នាំ២០១៨នេះថា នៅក្នុងហេតុការណ៍ប៉ះទង្គិចគ្នារវាងប្រជាពលរដ្ឋ និងសមត្ថកិច្ចកាលពីម្សិលមិញ «មិនមានមនុស្សស្លាប់នោះទេ» ហើយអ្វីដែលអ្នកស្រីនិយាយប្រាប់ វិទ្យុអាស៊ីសេរីកាលពីម្សិលមិញថា «មានអ្នកស្លាប់នោះ គឺអ្នកស្រីសុំទោសសាធារណជន និងទទួលស្គាល់កំហុសរបស់ខ្លួន គឺមិនមានមនុស្សស្លាប់ទេ មានតែអ្នករបួស២នាក់ប្រុសម្នាក់ ស្រីម្នាក់, អ្នកស្រីថ្លែងថា ដោយសាររូបគាត់ភ័យពេក គាត់ចេះតែនិយាយឲ្យតែរួចខ្លួនទៅ ព្រោះមិនដឹងថាកាសែតខាងណានោះទេ ចំណែកព័ត៌មានថា មានអ្នកស្លាប់៦នោះ គឺគាត់លឺគេថាតែប៉ុណ្ណោះ»

ក្រុមការងារបណ្តាញព័ត៌មាន Fresh News បានធ្វើដំណើរពីរាជធានីភ្នំពេញ ទៅខេត្តក្រចេះ ដើម្បីធ្វើកិច្ចសម្ភាសន៍ដោយផ្ទាល់ជាមួយប្រជាពលរដ្ឋ ក៏ដូចជាមេឃុំ២ធ្នូ ដើម្បីស្វែងការពិត នៃព័ត៌មានថា មានករណីមនុស្សស្លាប់ ឬយ៉ាងណា ? ចម្លើយពីប្រជាពលរដ្ឋ និងមេឃុំបានបញ្ជាក់យ៉ាងច្បាស់ថា មិនមានអ្នកស្លាប់នោះទេ មានតែអ្នករបួស២នាក់។ ខុសពីការផ្សាយរបស់ វិទ្យុអាស៊ីសេរី និងកាសែតភ្នំពេញប៉ុស្តិ៍។​ លោក ប៉ឹង វិន មេឃុំ២ធ្នូ បានអះអាងច្បាស់ៗថា ឥឡូវដឹងច្បាស់ហើយមិនមានអ្នកស្លាប់ទេ និងគ្មានការធ្វើបុណ្យសពអ្នកណានោះទេ។

ជុំវិញព័ត៌មានដ៏រសើបនេះ មហាជនយ៉ាងច្រើនលើកឡើងថា ទណ្ឌិត សម រង្ស៊ី អតីតប្រធានគណបក្សសង្រ្គោះជាតិ កំពុងផ្សាយព័ត៌មាននៅលើ Facebook ញុះញង់ដល់ប្រជាពលរដ្ឋ បំប៉ោងស្ថានការណ៍ ដើម្បីបង្កភាពវឹកវរដល់ស្ថេរភាពនយោបាយនៅកម្ពុជា លើករណីថា មានមនុស្សស្លាប់នៅក្នុងការប៉ះទង្គិចគ្នានៅស្រុកស្នួល ខេត្តក្រចេះ ប៉ុន្តែតាមការពិតអ្វីត្រូវបានលាតត្រដាងច្បាស់ហើយថា មិនមានអ្នកណាស្លាប់ដូចការផ្សាយរបស់ទណ្ឌិត សម រង្ស៊ី នោះទេ។

សូមស្តាប់ការរៀបរាប់របស់អ្នកស្រី​ ទិន ភ័ក្រ្ត និងមេឃុំ២ធ្នូ ដែលជាអ្នកស្ថិត​នៅក្នុងហេតុការណ៍ប៉ះទង្គិចគ្នា នៅក្នុងកិច្ចសម្ភាសន៍!