(ភ្នំពេញ)៖ ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស បានចាប់ផ្តើមសាងសង់ទីលានបាល់ទាត់ថ្មី ជូនវិទ្យាល័យព្រះស៊ីសុវត្ថិ កាលពីខែមីនា ឆ្នាំ២០១៨ ដោយទីលានបាល់ទាត់ក្នុងវិទ្យាល័យនេះ នឹងប្រើប្រាស់ស្មៅសិប្បនិមិត្ដ ដោយមានទំហំដី ៥២ម៉ែត្រ គុណ ៧២ម៉ែត្រ ស្មើនឹង ៣,៧៤៤ ម៉ែត្រការ៉េ។ បើតាមការរំពឹងទុក ទីលានបាល់ទាត់នេះ នឹងបញ្ចប់ការសាងសង់នៅក្នុងខែមេសា ឆ្នាំ២០១៨។
លោកឧកញ៉ា លាង ឃុន ប្រធានក្រុមអគ្គនាយកក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស បានមានប្រសាសន៍ថា «ការចួលរួមលើកស្ទួយវិស័យកីឡា ពិសេសកីឡាបាល់ទាត់ គឺជាគោលដៅរបស់ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស។ ការរួមចំណែកនេះ មិនត្រឹមតែជួយឲ្យវិទ្យាល័យព្រះស៊ីសុវត្ថិ អាចពង្រឹងវិស័យបាល់ទាត់ក្នុងវិទ្យាល័យប៉ុណ្ណោះទេ វាថែមទាំងជួយឲ្យវិទ្យាល័យដ៏ចំណាស់ជាងគេមួយក្នុងប្រទសកម្ពុជានេះ ឲ្យមានសោភ័ណភាព កាន់តែស្រស់ស្អាតមួយកម្រិតទៀតផងដែរ»។
ក្រៅពីវិទ្យាល័យព្រះស៊ីសុវត្ថិ ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស ក៏បានជួយកែលម្អហេដ្ឋរចនាសម្ព័ន្ធក្នុងវិទ្យាល័យផ្សេងទៀតក្នុងរាជធានីភ្នំពេញ រួមមាន វិទ្យាល័យជាស៊ីម សាមគ្គី វិទ្យាល័យទួលអំពិល និងអនុវិទ្យាល័យដង្កោជាដើម៕