(ភ្នំពេញ)៖ លោក ណី សំអុល តំណាងអចិន្រ្តៃយ៍កម្ពុជា ប្រចាំមន្ទីរអង្គការសហប្រជាជាតិ និងអង្គការអន្តរជាតិនានា នៅទីក្រុងហ្សឺណែវ ប្រទេសស្វីស បានរិះគន់ ស្នងការជាន់ខ្ពស់ របស់អង្គការសហប្រជាជាតិ ដែលចោទរាជរដ្ឋាភិបាលកម្ពុជា ដោយពុំមានភស្តុតាងថា ប្រើប្រាស់វិធានការច្បាប់ ដើម្បីរិតត្បិតសេរីភាពបញ្ចេញមតិ និងនយោបាយ។ លោកបានអះអាងថា អ្វីដែលកម្ពុជាបានធ្វើកន្លងមក គឺជាវិធានការមួយ ដែលស្របទៅតាមច្បាប់ ចំពោះការប្រព្រឹត្តខុសច្បាប់ប៉ុណ្ណោះ។
នៅក្នុងសេចក្តីថ្លែងការណ៍របស់ នៅថ្ងៃទី០៨ ខែមីនា ឆ្នាំ២០១៨ ដែលបណ្តាញអង្គភាពព័ត៌មាន Fresh News ទទួលបាននៅថ្ងៃនេះ លោក ណី សំអុល បានអះអាង ទៅកាន់ ស្នងការជាន់ខ្ពស់របស់អង្គការសហប្រជាជាតិ យ៉ាងដូច្នេះថា៖ «ឯកឧត្តមបានធ្វើការចោទប្រកាន់ ដោយពុំមានភស្តុតាងគ្រប់គ្រាន់ថា វិធានការមួយចំនួន ដែលត្រូវបានធ្វើទ្បើង ក្នុងគោលបំណងគ្រាន់តែ ដើម្បីរក្សានូវច្បាប់ និងសណ្តាប់ធ្នាប់ រក្សាសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍន៍ ដែលអនុវត្តដោយអាជ្ញាធរស្របច្បាប់ រួមទាំងការធ្វើវិសោធនកម្មច្បាប់ មួយចំនួនផង ថាជាការរិតត្បិតសេរីភាព នៃការបញ្ចេញមតិ និងជាការបង្រួមនូវលំហរផ្នែកនយោបាយទៅវិញ»។
តំណាងកម្ពុជាប្រចាំអង្គការសហប្រជាជាតិ ក៏បានសម្តែងនូវការសោកស្តាយផងដែរ ចំពោះការលើកឡើងរបស់ ស្នងការជាន់ខ្ពស់របស់អង្គការសហប្រជាជាតិ។ លោកលើកឡើងទៀតថា «ពុំមានអ្វីខុសប្លែកគ្នាពីបណ្តាប្រទេស ដែលប្រកាន់លទ្ធិប្រជាធិបតេយ្យផ្សេងៗទៀតនោះទ្បើយ រាជរដ្ឋាភិបាលកម្ពុជា មានកាតព្វកិច្ចពង្រឹង ការអនុវត្តន៍ច្បាប់ និងសណ្តាប់ធ្នាប់ ដោយពុំមានការរើសអើងចំពោះតួនាទីឋានៈបុគ្គលណាម្នាក់ទ្បើយ។ ហេតុដូច្នេះហើយ សូមកុំមានការយល់ច្រទ្បំថា ក្នុងនាមជា អ្នកការពារសិទ្ធិមនុស្ស តួអង្គផ្នែកនយោបាយ អ្នកសារព័ត៌មាន ឬជាសមាជិកនៃអ្នកគាំទ្រនៃគណបក្សនយោបាយ មានន័យថា អ្នកទាំងនោះអាចជៀសផុត ពីការទទួលទោសចំពោះការប្រព្រឹត្តល្មើសរបស់ពួកគេនោះ»។
លោកបានបន្តថា «កម្ពុជាស្វាគមន៍ និងលើកទឹកចិត្តឱ្យតួអង្គពាក់ព័ន្ធទាំងអស់ អនុវត្តន៍នូវសិទ្ធិរបស់ពួកគេ ប៉ុន្តែសិទ្ធិទាំងនេះ គឺមានដែនកំណត់។ បុគ្គលគ្រប់រូបមានកាតព្វកិច្ច ប្រើប្រាស់ នូវសិទ្ធិរបស់ខ្លួន ដោយការទទួលខុសត្រូវ ដែលជាកាតព្វកិច្ចផ្នែកច្បាប់ដ៏ចម្បង និងស្ថិតនៅក្រោមច្បាប់ សិទ្ធិមនុស្សអន្តរជាតិ។ តើវោហាសាស្រ្តនយោបាយ ដែលបង្កប់ទៅដោយការញុះញង់ ការស្អប់ខ្ពើមគ្នា ការរើសអើង និងការអំពាវនាវឱ្យ មានការបះបោលប្រឆាំងនឹងរដ្ឋាភិបាល ត្រូវបានជ្រើសតាំងដោយការបោះឆ្នោតស្របច្បាប់ គឺជាសិទ្ធិនៃការបញ្ចេញមតិយោបល់ ឬមួយយ៉ាងណា? កម្ពុជាយល់ឃើញថា វាមិនមែនជាសិទ្ធិនៃការបញ្ចេញមតិនោះទេ ហើយឯកឧត្តម ក៏ប្រហែលជាយល់ឃើញ យ៉ាងដូច្នេះដែរ»។
យ៉ាងណាក៏ដោយ លោកថ្លែងថា កម្ពុជាប្តេជ្ញាចិត្តខ្ពស់ក្នុងការចូលរួម និងសហការជាមួយគ្រប់យន្តការសិទ្ធិមនុស្សរបស់អង្គការ សហប្រជាជាតិ។ ក្នុងពេលឥឡូវនេះ លោកស្រីសាស្រ្តាចារ្យ Rhona Smith អ្នករាយការណ៍ពិសេស ស្តីពីស្ថានភាពសិទ្ធិមនុស្ស ក៏កំពុងស្ថិតក្នុងដំណើរទស្សនកិច្ចនៅក្នុងប្រទេសកម្ពុជា។ លើសពីនេះទៀត អ្នករាយការណ៍ ពិសេសផ្សេងទៀត ក៏ទទួលបានការស្វាគមន៍ ទៅធ្វើទស្សនកិច្ចនៅកម្ពុជាផងដែរ៕