(ភ្នំពេញ)៖ ដើម្បីរួមចំណែកក្នុងការជួយសង្គ្រោះអាយុជីវិតដល់កុមារកម្ពុជា គម្រោងគៀនស្វាយផ្លាហ្សា នៃក្រុមហ៊ុនមេហ្គាអាសិតមេនេចមេន បានបរិច្ចាកថវិកាចំនួន១០លានរៀល ជូនទៅកាន់មូលនិធិគន្ធបុប្ផា នាថ្ងៃទី០៩ ខែមីនា ឆ្នាំ២០១៨។
ថវិកាដែលបានបរិច្ចាកនេះ ជាផ្នែកមួយនៃសកម្មភាពសប្បុរសធម៌ របស់គម្រោងកៀនស្វាយផ្លាហ្សា ដែលទទួលបានមកពីការរៃអង្គាសថវិកាពីសប្បរសជននានាក្នុង ព្រឹត្តិការណ៍កៀនស្វាយសប្បរុសធម៌ ដែលបានប្រព្រឹត្តទៅ នៅក្នុងទីតាំងគម្រោងកៀនស្វាយផ្លាហ្សា ស្ថិតក្នុងភូមិធំ ឃុំភូមិធំ ស្រុកកៀនស្វាយ ខេត្តកណ្តាល កាលពីពេលថ្មីៗកន្លងទៅនេះ។
នេះជាលើកទីមួយហើយ ដែលគម្រោងគៀនស្វាយផ្លាហ្សា បានបរិច្ចាកថវិកាជូនទៅកាន់មន្ទីរពេទ្យគន្ធបុប្ផា ដែលជាមន្ទីរពេទ្យកុមារធំជាងគេបំផុត នៅក្នុងប្រទេសកម្ពុជា សកម្មភាពនេះ ក៏ដូចជាការជួយសង្គ្រោះជីវិតកុមារគ្រប់ស្រទាប់វណ្ណៈ និងរាប់រយពាន់នាក់ជារៀងរាល់ថ្ងៃ។
ទោះបីថវិកាខាងលើមិនអាចជួយទៅដល់ដំណើរគ្រប់គ្រង ទាំងស្រុងរបស់មន្ទីរពេទ្យក្តី តែវាជាផ្នែកតូចមួយ ក្នុងការឧបត្ថម្ភជួយជីវិតកុមារកម្ពុជាបានមួយផ្នែក និងសំខាន់បំផុតជាងគេនោះ គឺជួយផ្សព្វផ្សាយទៅកាន់សង្គម ដើម្បីជំរុញឲ្យមានសកម្មភាព មនុស្សធម៌ទៅដល់
មន្ទីរពេទ្យគន្ធបុប្ផា ជាបន្ទាប់ទៀតដូចជាភ្លៀងរលឹមអញ្ចឹងដែរ៕