(ត្បូងឃ្មុំ)៖ លោកទេសរដ្ឋមន្រ្តី ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគររូបនីយកម្ម និងសំណង់ និងជាអនុប្រធានទី១ ចុះជួយខេត្តត្បូងឃ្មុំ បានអញ្ជើញចុះជួបសំណេះសំណាលជាមួយសមាជិក សមាជិកាគណបក្សប្រជាជន ជាង៥០០០នាក់ មកពី១៩ភូមិ ក្នុងឃុំជីគរ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ នៅព្រឹកថ្ងៃសុក្រ ៨រោច ខែផល្គុន ឆ្នាំរកា នព្វស័ក ពុទ្ធសករាជ២៥៦១ ត្រូវនឹងថ្ងៃទី៩ ខែមីនា ឆ្នាំ២០១៨នេះ។

លោករដ្ឋមន្ត្រី ជា សុផារ៉ា បាននាំមកនូវប្រសាសន៍ផ្ដាំផ្ញើសាកសួរសុខទុក្ខពីសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា ជូនចំពោះបងប្អូន សមាជិកជាង៥០០០នាក់នាឱកាសនោះ។

លោកទេសរដ្ឋមន្រ្តី បានប្រាប់ទៅប្រជាពលរដ្ឋទាំងអស់កុំជឿ តាមការញុះញង់របស់ជនបរទេស ឬជនអគតិមួយចំនួន ដែលមានគំនិតចង់ធ្វើបដិវត្តន៍ ដែលអាចបណ្ដាលឱ្យប្រទេសធ្លាក់ ក្នុងភ្នក់ភ្លើងសង្គ្រាមដូចអតីតកាល។ លោកបានបន្តថា «ដូច្នេះហើយ សូមបងប្អូនសមាជិកគណបក្ស និងប្រជាពលរដ្ឋទាំងអស់ ត្រូវបន្តការគាំទ្រ និងមានជំនឿជឿជាក់លើរាជរដ្ឋាភិបាល ដែលមានសម្ដេចតេជោ ហ៊ុន សែន ជាប្រមុខ ដើម្បីការពារសន្ដិភាព ស្ថិរភាពនយោយ និងការពារបូរណភាពទឹកដី និងបន្តអភិវឌ្ឍន៍ប្រទេសជាតិ ឱ្យបានរីកចម្រើនរុងរឿងជាបន្តទៀត»

លោកទេសរដ្ឋមន្ត្រី ក៏បានថ្លែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះលទ្ធផលការងារ ទទួលបានយ៉ាងល្អប្រសើរ ក្រោមកិច្ចខិតខំប្រឹងប្រែងរបស់សមាជិកបក្សគ្រប់ៗរូប ព្រមទាំងបានធ្វើការផ្តាំផ្ញើរ ដល់សមាជិកគណបក្សទាំងអស់ ត្រូវរួបរួមសាមគ្គីគ្នា ដើម្បីបន្តយកឈ្នះអោយបាន សម្រាប់ការបោះឆ្នោតនាខែកក្កដា ខាងមុខនេះ៕