(ព្រះវិហារ)៖ អភិបាលខេត្តព្រះវិហារលោក អ៊ុន ចាន់ដា បានដឹកនាំប្រតិភូតាមមន្ទីរ អង្គភាព អញ្ជើញទៅចូលរួមជួបប្រជុំជាមួយអភិបាលខេត្តចំប៉ាសាក់ របស់សាធារណរដ្ឋប្រជាមានិតប្រជាធិបតេយ្យឡាវ រយៈពេល២ថ្ងៃចាប់ពីថ្ងៃទី៨-៩ ខែមីនា ឆ្នាំ២០១៨នេះ ក្នុងគោលបំណងពង្រឹង កិច្ចសហប្រតិបត្តិការ រវាងខេត្តជាប់ព្រំដែន នៃប្រទេសទាំងពីរ

អភិបាលខេត្តទាំងពីរ បានសម្ដែងនូវការអបអរសាទរ ចំពោះដំណើរទស្សនកិច្ចជាមិត្តភាព និងផ្លូវការចំនួន២លើក រវាងប្រតិភូជាន់ខ្ពស់ នៃកម្ពុជាដឹកនាំដោយសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា និងប្រតិភូជាន់ខ្ពស់ នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ដឹកនាំដោយលោក ថងលុន ស៊ីស៊ូលីត នាយករដ្ឋមន្ត្រី នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ រួមមាន ថ្ងៃទី១២ ខែសីហា ឆ្នាំ២០១៧ នៅទក្រុងវៀវច័ន្ទ និងថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០១៧ នៅរាជធានីភ្នំពេញ ដើម្បីដោះស្រាយបញ្ហាព្រំដែន ដែលនៅសេសសល់ឲ្យមានស្ថិរភាព ធ្វើឲ្យព្រំដែនប្រទេសទាំងពីរមានសន្តិភាព មិត្តភាព សាមគ្គីភាព អភិវឌ្ឍន៍ និងសហការល្អរវាងប្រទេសទាំងពីរ កម្ពុជា-ឡាវ។

នៅក្នុងកិច្ចប្រជុំរវាងអភិបាលខេត្ត នៃប្រទេសទាំងពីរ ក៏បានពិភាក្សា និងឯកភាពគ្នាចំនួន៧ចំណុចរួមមាន៖
ទី១៖ បន្តអនុវត្តកិច្ចព្រមព្រៀងនានា ដែលបានចុះហត្ថលេខាដោយប្រមុខរាជរដ្ឋាភិបាលទាំង២កន្លងមក
ទី២៖ បន្តរបបប្រជុំប្តូរវេណតាមការកំណត់នៅកំរិតខេត្ត, ស្នាក់ការច្រក BLO ដើម្បីបញ្ជៀសបានបាតុភាពសន្តិសុខ ក្នុងគោលបំណងកសាងបានព្រំដែនសន្តិភាព មិត្តភាពសហប្រតិបត្តិការ និងការអភិវឌ្ឍន៍
ទី៣៖ បង្កើនការអប់រំប្រជាពលរដ្ឋនខេត្តទាំង២ ឲ្យបានយល់ដឹងនូវល្បិចកល នៃជនល្មើសឧក្រិដ្ឋជន និងច្បាប់នៅតាមព្រំដែន ដើម្បីរក្សាបាននូវស្ថេរភាព សន្តិសុខតាមព្រំដែនទាំង២ ងាមានលក្ខណៈល្អប្រសើរឡើង
ទី៤៖ បន្តសហការប្រឆាំងសកម្មភាពល្មើសច្បាប់នានា
ទី៥៖ បន្តយកចិត្តទុកដាក់តាមដានព័ត៌មានពាក់ព័ន្ធ បញ្ហាអសន្តិសុខនានា ដែលធ្វើឲ្យប៉ះពាល់ដល់ចំណងមិត្តភាពខេត្តទាំង២
ទី៦៖ បន្តផ្តល់ព័ត៌មានឲ្យគ្នា ទៅវិញទៅមកតាមរយៈ BLO នៃអគ្គកុងស៊ុលប្រទេសទាំង២ ប្រចាំខេត្តនិមួយៗ និងបន្តរក្សាសន្តិសុខល្អ តាមភូមិឃុំជាប់ព្រំដែន
ទី៧៖ បន្តពង្រឹងកិច្ចសហការល្អរវាងស្រុកជាប់ព្រំដែន តាមយន្តការដែលមានស្រាប់។

ក្រៅពីចំណុចខាងលើ ក៏មានការកំណត់ទិសដៅបន្តកិច្ចសហប្រតិបត្តិការ លើការងារសន្តិសុខ សណ្ដាប់ធ្នាប់ តាមបណ្ដោយព្រំដែន សហការទប់ស្កាត់ និងបង្ក្រាបបទល្មើសគ្រឿងញៀន សម្រួលភាពងាយស្រួល រក្សាសន្តិសុខក្នុងការឆ្លងចេញ ចូលតាមព្រំដែន ព្រមទាំងយកចិត្តទុកដាក់លើវិស័យ កសិកម្ម ធារាសាស្រ្ត វិស័យថាមពល អគ្គីសនី វិស័យសាធារណការ ដឹកជញ្ជូន និងវិស័យទេសចរណ៍ផងដែរ៕

លោកអភិបាលខេត្តព្រះវិហារបានគូសបញ្ជាក់ផងដែរថា៖នៅចុងឆ្នាំ២០១៨ ខេត្តព្រះវិហារនិងធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំការងារសន្តិសុខតាមព្រំដែនព្រះវិហារ ចម្ប៉ាសាក់៕រីឯនៅដើមឆ្នាំ២០១៩ខេត្តចម្ប៉ាសាក់និងធ្វើជាម្ចាស់ផ្ទះនៃការរៀបចំទិវាវប្បធម៍រួមគ្នា ដែលមានការប្រកួតកីឡាប្រដាល់ ប្រណាំងទូកនិងតាំងពិពណ៏ផងដែរ៕