(ហ្វីលីពីន)៖ ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ទទួលបានថវិកាសរុបចំនួន១៩០លានដុល្លារ ដែលក្នុងនោះ៨៥លានដុល្លារ ជាហិរញ្ញប្បទានឥតសំណង និង១០៥លានដុល្លារ ជាហិរញ្ញប្បទានសម្បទាន ពីមូលនិធិអាកាសធាតុបៃតង (GCF) សម្រាប់អនុវត្តគម្រោងប្រែប្រួលអាកាសធាតុនៅកម្ពុជា ម៉ុងហ្គោលី និងតាជីគីស្ថាន ដែលជួយបង្កើនកិច្ចខិតខំប្រឹងប្រែងរបស់ ADB ក្នុងការកៀរគរហិរញ្ញប្បទានអាកាសធាតុឱ្យបានកាន់តែច្រើន សម្រាប់តំបន់អាស៊ី និងប៉ាស៊ីហ្វិក។
យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ ADB ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅរសៀលថ្ងៃទី០៩ ខែមីនា ឆ្នាំ២០១៨នេះ បានបញ្ជាក់ថា ហិរញ្ញប្បទានដែលបានពីមូលនិធិ GCF នឹងបំពេញបន្ថែមដល់កិច្ចខិតខំប្រឹងប្រែងនេះ ដើម្បីជួយប្រទេសកំពុងអភិវឌ្ឍន៍ជាសមាជិករបស់ ADB ឱ្យអាចឆ្លើយតបផលប៉ះពាល់ ដែលបង្កឡើងដោយការប្រែប្រួលអាកាសធាតុ និងបំពេញទៅតាមការប្ដេជ្ញាចិត្តរបស់ខ្លួន ក្រោមក្របខ័ណ្ឌកិច្ចព្រមព្រៀងអាកាសធាតុទីក្រុងប៉ារីស។
ហិរញ្ញប្បទានថ្មីនេះ ដែលទទួលបានការអនុម័តក្នុងកិច្ចប្រជុំលើកទី១៩ នៃក្រុមប្រឹក្សាភិបាលរបស់មូលនិធិ GCF កាលពីថ្ងៃទី ២៧ ខែកុម្ភៈ រហូតដល់ថ្ងៃទី១ ខែមីនា នៅទីក្រុងសុងដូ សាធារណរដ្ឋកូរ៉េ នឹងផ្ដល់សហហិរញ្ញប្បទានគាំទ្រដល់គម្រោងចំនួនបី ដែលទទួលបានហិរញ្ញប្បទានពី ADB។
តាមសេចក្តីប្រកាសព័ត៌មាន នៅកម្ពុជា មូលនិធិ GCF នឹងផ្ដល់ហិរញ្ញប្បទានឥតសំណង ៣០ លានដុល្លារ និងហិរញ្ញប្បទានសម្បទាន១០លានដុល្លារ ដើម្បីបំពេញបន្ថែមដល់ហិរញ្ញប្បទានសម្បទាន៩០លានដុល្លារ ដែល ADB បានផ្ដល់ ដើម្បីជួយអភិវឌ្ឍន៍សង្វាក់ផ្គត់ផ្គង់កសិពាណិជ្ជកម្ម ដែលអំណោយផលចំពោះអាកាសធាតុ។ មូលនិធិ GCF នឹងត្រូវប្រើប្រាស់ ដើម្បីបង្កើនភាពធន់ និងផលិតភាពនៃការបង្កបង្កើនដំណាំគោលដៅ ស្ដារហេដ្ឋារចនាសម្ព័ន្ធផលិតកម្ម និងក្រោយប្រមូលផល ឱ្យអាចធន់ទ្រាំទៅនឹងអាកាសធាតុ និងកាត់បន្ថយបរិមាណកាបូន ដែលបំភាយក្នុងសង្វាក់ផ្គត់ផ្គង់ តាមរយៈការជំរុញឱ្យមានការប្រើប្រាស់បច្ចេកវិទ្យាពន្លឺព្រះអាទិត្យ និងជីវថាមពល។
លោក Bambang Susantono អនុប្រធាន ADB ទទួលបន្ទុកការគ្រប់គ្រងចំណេះដឹង និងការអភិវឌ្ឍប្រកបដោយចីរភាពបានថ្លែងថា «ផែនការប្រកបដោយមហិច្ឆតារបស់ ADB គឺផ្ដល់ហិរញ្ញប្បទានប្រចាំឆ្នាំ សម្រាប់គម្រោងអាកាសធាតុឱ្យបាន៦ពាន់លានដុល្លារ ត្រឹមឆ្នាំ២០២០ ចេញពីធនធានផ្ទាល់របស់ខ្លួន។ កាលពីឆ្នាំ២០១៧ ADB បានផ្ដល់ហិរញ្ញប្បទានអាកាសធាតុជាង៤.៥ពាន់លានដុល្លារ ពីធនធានផ្ទាល់របស់ខ្លួន ដែលក្នុងនោះ៣.៦ពាន់លានដុល្លារ សម្រាប់ការកាត់បន្ថយផលប៉ះពាល់ និង៩៣០លានដុល្លារ សម្រាប់ការបន្សាំ និងបានកៀរគរថវិកាចំនួន៦៩៦លានដុល្លារបន្ថែមទៀត ពីប្រភពខាងក្រៅ។
មូលនិធិ GCF ជាមូលនិធិសកល ដែលត្រូវបង្កើតឡើងដើម្បីគាំទ្រដល់កិច្ចខិតខំប្រឹងប្រែងរបស់ប្រទេសកំពុងអភិវឌ្ឍន៍ ក្នុងការឆ្លើយតប ចំពោះបញ្ហាប្រឈមនៃការប្រែប្រួលអាកាសធាតុ។ មូលនិធិនេះត្រូវបានបង្កើតឡើងក្នុងឆ្នាំ២០១០ ដោយរដ្ឋាភិបាលចំនួន ១៩៤ ប្រទេស ដើម្បីកំហិត ឬកាត់បន្ថយការបំភាយឧស្ម័នផ្ទះកញ្ចក់ក្នុងប្រទេសកំពុងអភិវឌ្ឍន៍ និងជំរុញឱ្យមានលំហូរហិរញ្ញប្បទានអាកាសធាតុ ដើម្បីវិនិយោគលើការអភិវឌ្ឍ ដែលនាំឱ្យមានការបំភាយឧស្ម័នក្នុងកម្រិតមួយទាប និងដែលធន់ទៅនឹងអាកាសធាតុ៕