(កំពង់ចាម)៖ លោកឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង បានជម្រាបប្រាប់ទៅប្រជាជននៅក្នុងមូលដ្ឋានស្រុកបាធាយ ឲ្យជ្រាបថា អតីតគណបក្សប្រឆាំង ដែលតុលាការកំពូល កាត់ទោសរំលាយ មិនដែលគិតជួយកសាងជាតិមាតុភូមិនោះទេ ពេលទំនេរគឺគិតតែរកវិធីសាស្ត្រប្រឆាំងរាជរដ្ឋាភិបាលទៅវិញ ក៏ប៉ុន្តែលោកអះអាងថា សម្រាប់ គណបក្សប្រជាជនវិញ គឺធ្វើយ៉ាងណាកសាងជាតិ ឲ្យរីកចម្រើនស្មើមុខស្មើរមាត់ជាមួយបណ្តាប្រទេសនានា នៅលើពិភពលោក។
លោកឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង បានថ្លែងបែនេះ នៅថ្ងៃទី៩ ខែមីនា ឆ្នាំ២០១៨នេះ ក្នុងឱកាសលោកអញ្ជើញបញ្ចុះសីមា នៅវត្តមុនីបញ្ញោរាម ស្ថិតនៅភូមិស្វាយព្រៃ ឃុំសណ្តែក ស្រុកបាធាយ ខេត្តកំពង់ចាម ដោយមានការអញ្ជើញចូលរួមពីណាក់លោក គួច ចំរើន អភិបាលខេត្តងកំពង់ចាម មន្ត្រីពាក់ព័ន្ធ និងប្រជាពលរដ្ឋទូទាំងស្រុក យ៉ាងច្រើនកុះករផងដែរ។
លោកឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង បានបន្តយ៉ាងដូច្នេះថា «សូមបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជាដែ លដឹកនាំដោយសម្តេចតេជោនេះ មានការខិតខំណាស់លោកយាយ លោកតា ទាំងអស់លើគ្រប់វិស័យ»។ លោកបានបន្តថា «អតីតបក្សប្រឆាំងពេលទំនេរ អត់មានធ្វើការកសាងប្រទេស អត់រវល់អីទាំងអស់ជាពិសេសពូកែរកវិធីណាប្រឆាំង ហើយយើងរវល់គិតតែរឿងកសាងជាតិ»។
អតីតប្រមុខការទូតជើងរូបនេះ បានសង្កត់ធ្ងន់ៗថា «មេដឹកនាំរបស់អតីតគណបក្សប្រឆាំង មានចេតនាចង់ធ្វើរបៀបបដិវត្តន៍ពណ៌ផ្តួលរំលំរដ្ឋាភិបាល ស្របច្បាប់ ដែលប្រសូត ឡើងពីការបោះឆ្នោត ពីសំណាក់ពលរដ្ឋស្ទើទូទាំងប្រទេស។ មិនតែប៉ុណ្ណោះថ្នាក់ដឹកនាំ អតីតគណបក្សសង្គ្រោះជាតិ បានទៅបរទេសអំពាវនាវ ឲ្យគាប់សង្កត់ទៅលើ រាជរដ្ឋាភិបាលកម្ពុជា ដោយមិនឲ្យបញ្ជាទិញពីកម្ពុជា មិនឲ្យផ្តល់ជំនួយដល់កម្ពុជា និងការធ្វើវិនិយោគផងដែរ»។
អតីតប្រមុខការទូតរូបនេះ បានបញ្ជាក់ថា ក្រុមនេះធ្វើអំពើក្បត់ជាតិនៅកម្ពុជា មិនបានសម្រេចក៏បន្តធ្វើអំពើក្បត់ជាតិរបស់ខ្លួននៅ បរទេសទៀត គឺមិនបានធ្វើអ្វីដើម្បីជាតិនោះទេ គឺមានតែអំពើប្រឆាំងរាជរដ្ឋាភិបាល៕