(ស្វាយរៀង)៖ លោក ហ៊ូវ តនៈ អភិបាលរងខេត្តស្វាយរៀង បានថ្លែងអំពាវនាវដល់បណ្តាក្រុមហ៊ុនរោងចក្រ សហគ្រាស និងកាស៊ីណូទាំងអស់ នៅខេត្តស្វាយរៀង កុំលាក់ជនបរទេសត្រូវផ្សព្វផ្សាយ ឲ្យពួកគេទៅធ្វើប័ណ្ណ និងសៀវភៅការងារជនបរទេស ហើយជនបរទេសដែលខកខានមិនទាន់បានបំពេញកាតព្វកិច្ចធ្វើប័ណ្ណ សៀវភៅការងារជនបរទេសឆ្នាំ២០១៧ កន្លងមក ត្រូវរួសរាន់បំពេញបែបបទ បង់អាករ ប័ណ្ណសៀវភៅការងារក្នុងរយៈពេល៣០ថ្ងៃ ចាប់ពីថ្ងៃទទួលសេចក្តីជូនដំណឹងនេះតទៅ។
ការថ្លែងយ៉ាងដូច្នេះ បានធ្វើឡើងក្នុងកិច្ចប្រជុំផ្សព្វផ្សាយប្រកាសអន្តរកសួងរវាងក្រសួងមហាផ្ទៃ និងក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ស្តីពីការពង្រឹងការងារអធិការកិច្ច ហត្ថពលកម្មបរទេស ក្នុងប្រទេសកម្ពុជា និងសេចក្តីជូនដំណឹងលេខ១៨៨ សជណ.អអ ស្តីពីកាតព្វកិច្ចធ្វើប័ណ្ណ និងសៀវភៅការងារជនបរទេសរបស់ម្ចាស់សហគ្រាស គ្រឹះស្ថាន កាស៊ីណូ និងជនបរទេសដែលមកវិនិយោគ ឬប្រកបមុខរបរណាមួយ ក្នុងខេត្តស្វាយរៀងនៅសាល ប្រជុំសាលាខេត្តស្វាយរៀងនាព្រឹកថ្ងៃ៩ ខែមីនា ឆ្នាំ២០១៨ ដែលមានការចូលរួមពីលោកឧត្តមសេនីយ៍ឯក សុវណ្ណា ពិសាខា អគ្គនាយករង នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ព្រមទាំងមន្ត្រីពាក់ព័ន្ធជាច្រើនរូបទៀតផងដែរ។
លោក ហ៊ូវ តនៈ បានថ្លែងថា ក្នុងនាមអាជ្ញាធរខេត្ត សូមគាំទ្រ និងសហការជានិច្ច ដើម្បីឲ្យការផ្សព្វផ្សាយប្រកាសអន្តរក្រសួង រវាងក្រសួងមហាផ្ទៃ និងក្រសួងការងារ ទទួលជោគជ័យ។ លោកបានបញ្ជាក់ថា «កិច្ចការងារនេះ ពិតជាមានសារសំខាន់ណាស់ ដើម្បីឲ្យជនបរទេសដែលកំពុងបំរើការងារ នៅក្នុងប្រទេសកម្ពុជាយើង មានច្បាប់ទម្លាប់ត្រឹមត្រូវ ទៅតាមច្បាប់ចៀសវាង ការប្រើប្រាស់ពលករដោយខុសច្បាប់ និងថែមទាំងបានបង្កើនចំណូលចូលរដ្ឋទៀតផង»។
លោកឧត្តមសេនីយ៍ឯក សុវណ្ណា ពិសាខា ក៏បានថ្លែងផងដែរថា នាពេលកន្លងមក ម្ចាស់ ឬនាយកសហគ្រាស គ្រឹះស្ថាន និងជនបរទេសដែលមកវិនិយោគ ឬប្រកបមុខរបរណាមួយនៅកម្ពុជាមួយចំនួន នៅពុំទាន់អនុវត្តកាតព្វកិច្ច និងបន្តគេចវេសប្រើប្រាស់ពលករបរទេស ដោយពុំបានបំពេញកាតព្វកិច្ចក្នុងការធ្វើប័ណ្ណសៀវភៅការងារ ជនបរទេសឲ្យបានគ្រប់គ្នា គិតមកដល់ចុងឆ្នាំ២០១៧នេះ។ ដូច្នេះជនបរទេសដែលខកខានមិនទាន់បានបំពេញកាតព្វកិច្ចធ្វើប័ណ្ណសៀវភៅការងារ ជនបរទេសឆ្នាំ២០១៧ កន្លងមក ត្រូវរួសរាន់បំពេញបែបបទបង់អាករ ប័ណ្ណសៀវភៅការងារ ក្នុងរយៈពេល៣០ ថ្ងៃ ចាប់ពីថ្ងៃទទួលសេចក្តីជូនដំណឹងនេះតទៅ។
លោកបានបន្តទៀតថា អគ្គនាយកដ្ឋានអន្តោប្រវេសន៍ និងអគ្គនាយកដ្ឋានការងារ នឹងធ្វើការផាកពិន័យ និងផ្តន្ទាទោសតាមទោសប្បញ្ញតិជំពូកទី១៦ នៃច្បាប់ស្តីពីការងារ និងផ្តន្ទាទោសតាមទោសប្បញ្ញតិ នៃច្បាប់ស្តីពីអន្តោប្រវេសន៍ ចំពោះបណ្តាសហគ្រាស គ្រឹះស្ថាន ការដ្ឋានសំណង់ កាស៊ីណូ ក្លឹបកំសាន្តនានា អាជីវកម្មរណប អាជីវកម្មតាមប្រព័ន្ធ Online អាជីវកម្មពេលរាត្រី អាជីវកម្មលើផ្ទៃទឹក ឬអាជីវកម្មផ្សេងៗទៀត និងជនបរទេសដែលវិនិយោគ ឬប្រកបរបរណាមួយនៅកម្ពុជា ដែលនៅតែបន្តគេចវេសលួចលាក់ប្រើប្រាស់ ពលករខុសច្បាប់ និងជនបរទេសដែលខកខានមិនបានអនុវត្តតាមខ្លឹមសារខាងលើនេះ៕