(ភ្នំពេញ)៖ លោកឧត្តមសេនីយ៍ត្រី ជូ សារុន មេបញ្ជាការកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ នៅថ្ងៃទី០៩ ខែមីនា ឆ្នាំ២០១៨នេះ បានប្តេជ្ញាចិត្តយ៉ាងមុតមាំនៅចំពោះសហការីរបស់ខ្លួនថា ទោះស្ថិតក្នុងស្ថានភាពណាក៏ដោយ យើងនៅតែជាមិត្តរួមអាវុធជាមួយគ្នា មិនបោះបង់ចោលគ្នា រួមសុខ រួមទុក្ខជាមួយគ្នា និងមើលថែគ្នាលុះដល់ ដង្ហើមចុងក្រោយ។
ការប្តេជ្ញាចិត្តយ៉ាងមុតមាំបែបនេះ គ្រាដែលលោកឧត្តមសេនីយ៍ត្រី ជូ សារុន បាននាំមូលនិធិមហាគ្រួសារ កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ ៣លានរៀល រួមទាំងសម្ភារ យកទៅសួរសុខទុក្ខ លោកវសេនីយ៍ឯក អ៊ុល រ៉ាស៊ី មេបញ្ជាការរង ដែលមានជំងឺសម្រាកព្យាបាល នៅផ្ទះ នាសង្កាត់ផ្សាថ្កូវ រាជធានីភ្នំពេញ នាព្រឹកថ្ងៃទី០៩ ខែមីនា ឆ្នាំ២០១៨។
លោកឧត្តមសេនីយ៍ត្រី បានលើកឡើងថា ថ្ងៃនេះ ក្រុមប្រតិភូកងរាជអាវុធហត្ថខេត្ត ពិតជាបានចូលរួមគាំទ្រ និងអាណិតយ៉ាងពន់ពេក ចំពោះលោកវសេនីយ៍ឯក អ៊ុល រ៉ាស៊ី ដែលលោក មានជំងឺ និងត្រូវសម្រាកពីការងារមួយរយៈ ដែលកន្លងលោកបានធ្វើការងាររួមគ្នា ជាយុទ្ធមិត្តរួមអាវុធ លះបង់គ្រប់ ជំហានដើម្បីការពារជាតិ ការពារទឹកដី ការពារប្រជាពលរដ្ឋ តស៊ូ បូជាសាច់ស្រស់ ឈាមស្រស់ ការពារសន្តិសុខ សណ្តាប់ធ្នាប់ប្រជាពលរដ្ឋ ជូនជាតិ មាតុភូមិ រួមគ្នាពួតដៃ ក្នុងអង្គភាពដឹកនាំកសាង ទទួលបានស្នាដៃកន្លងមកគួរឲ្យកក់សម្គាល់។
លោកមេបញ្ជាការ បានបន្តថា ជានិច្ចជាកាលអង្គភាព តែងបានយកចិត្តទុកដាក់ ចំពោះទុកលំបាកផ្សេងៗ ដែលក្រុមគ្រួសារលោក មេបញ្ជាការរងខ្វះខាត បានឲ្យក្រុមគ្រូពេទ្យ អង្គភាព តាមដាន និងពិត្យអំពីបញ្ហាសុខភាព ជាប្រចាំផងដែរ។ បើទោះបីមូលនិធិ មហាគ្រួសារ កងរាជអាវុធហត្ថខេត្ត នៅមានកម្រិតមែន តែទឹកចិត្តនៃយុទ្ធមិត្ត បានលះបង់ នៅសម្ភារ និងថវិកា រួមគ្នា ដើម្បីធ្វើយ៉ាងណាឲ្យលោកមេបញ្ជាការរង ទទួលបានសុខភាពត្រឡប់មកវិញ។
លោកមេបញ្ជាការ បានសម្តែងការគោរពចំពោះ លោកវរសេនីយ៍ឯកឆាប់ៗនេះ និងបានបម្រើការជូនអង្គភាព វិញជាក់ជាមិនខាន។ លោកបានបន្តថា ក្នុងប្រទេសពោពេញដោយសុខ សន្តិភាព និងការអភិវឌ្ឍន៍ គ្មានសង្គ្រាម ដូច្នេះយើងជាកងកម្លាំងត្រូវរួមធ្វើការងារ កសាងអង្គភាព ការពារ សុខសន្តិភាព និងចេះជួយធុរៈគ្នា ពេលជួបការនេះហើយ គឺជាការប្រសើរ មិនអាចកាត់ថ្លៃបាន ។
លោកថា ជាពិសេសទៅទៀតនោះ កម្លាំងកងរាជអាវុធហត្ថ ក្រោមការដឹកនាដ៏ត្រឹមត្រូវ និងយកចិត្តទុកដាក់ពី នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង កងយោធពលខេមរភូមិន្ន មេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស ដែលតែងគិតគូរពីសុខទុក្ខ ឲ្យមានការត្រួតពិនិត្យជាប្រចាំ ចំពោះគ្រួសារកងរាជអាវុធហត្ថទាំងអស់ មានជីវិភាពខ្វះខាត និងជួបការលំបាក ឲ្យចេះជួយគ្នាទើប កងរាជអាវុធហត្ថ មានមូលនិធិមហាគ្រួសារ សម្រាប់ដោះស្រាយ បន្ទាន់ដល់កម្លាំង ដែលជួបបញ្ហាបន្ទាន់។
សូមបញ្ជាក់ថា មូលនិធិមហាគ្រួសារ កងរាជអាវុធហត្ថ គឺផ្តួចផ្តើមដោយ នាយឧត្តមសេនីយ៍ សៅ សុខា ដោយមានការណែនាំជាប្រចាំ ឲ្យមានការយកចិត្តទុកដាក់ចំពោះកម្លាំងក្រោម ឱវាទ រួមទាំងគ្រួសារកងកម្លាំង ទាំងជួបការលំបាក និងខ្វះលទ្ធភាព មានជំងឺផងដែរ។ សម្ភារ ដែលនាំទៅជួយលោកមេបញ្ជាការរងរួមមាន៖ ថវិកា៣លានរៀល, អង្ករ៤បាវ, ទឹកស៊ីអ៊ីវ៨យួរ, ទឹកសុទ្ធ៤កេះ, មី៤កេះ, ទឹកគោឆៅ៤ឡូ, និងផ្លែឈើគ្រប់មុខ មួយកន្រ្តកធំ៕