(ភ្នំពេញ)៖ ប្រធានក្រុមប្រឹក្សាចៅក្រមជំនុំជម្រះ នៃសាលាដំបូងរាជធានីភ្នំពេញ លោក អ៊ឹម វណ្ណៈ នៅថ្ងៃទី៩ ខែមីនា ឆ្នាំ២០១៨នេះ បានប្រកាសសាលក្រមផ្តន្ទាទោស ជនជាប់ចោទឈ្មោះ ប៊ូ យូហេង ភេទប្រុស អាយុ២៨ឆ្នាំ មុខរបរអតីតនគរបាល មានទីលំនៅភូមិផ្សារតូច សង្កាត់ទួលសង្កែ ខណ្ឌឬស្សីកែវ ដាក់ពន្ធនាគារកំណត់រយៈពេល១០ឆ្នាំពីបទ «ប៉ុនប៉ងឃាតកម្ម និងបទកាន់កាប់ ឬដឹកជញ្ជូនអាវុធ ដោយគ្មានការអនុញ្ញាត» ប្រព្រឹត្តកាលពីវេលារំលងអាធ្រាត្រ ទាបភ្លឺថ្ងៃទី១៤ ខែសីហា ឆ្នាំ២០១៧ នៅចំណុចហាងហ្គេមបាញ់ត្រី តាមផ្លូវរថភ្លើង ក្រុមទី៨ ភូមិចុងខ្សាច់ សង្កាត់ទួលសង្កែ ខណ្ឌឫស្សីកែវ យោងតាមមាត្រា២៧ មាត្រា១៩៩ និងមាត្រា៤៩០ នៃក្រមព្រហ្មទណ្ឌ។
សូមបញ្ជាក់ថា នៅក្នុងសវនាការកាលពីព្រឹកថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០១៨កន្លងទៅ ជនជាប់ចោទបានថ្លែងទទួលស្គាល់ថា ខ្លួនពិតជាបានប្រព្រឹត្តដូចការចោទប្រកាន់របស់តុលាការមែន។
កាលពីវេលាទាបភ្លឺថ្ងៃទី១៤ ខែសីហា ឆ្នាំ២០១៧ ជនត្រូវចោទឈ្មោះ ប៊ូ យូហេង បានដកកាំភ្លើងខ្លីបាញ់លើអ្នកមើលការខុសត្រូវ ហាងហ្គេមបាញ់ត្រី នៅចំណុចផ្លូវរថភ្លើង ក្រុមទី៨ ភូមិចុងខ្សាច់ សង្កាត់ទួលសង្កែ ខណ្ឌឫស្សីកែវ ព្រោះតែសុំលុយ៥០០០រៀល មិនឲ្យ។
ជាអកុសលគ្រាប់កាំភ្លើងនោះបានផ្លាតទៅចំស្ត្រីជនរងគ្រោះឈ្មោះ ញ៉ ចន្ថា អាយុ២៥ឆ្នាំ ជាស្ត្រីមេម៉ាយ មុខរបរស៊ីឈ្នួលបោកខោអាវឲ្យរងរបួសធ្ងន់ទៅវិញ។
ក្រោយពេលបាញ់ជនរងគ្រោះរួច ជនជាប់ចោទបានរត់គេចខ្លួនបាត់ស្រមោលតែម្តង ហើយត្រូវបានកម្លាំងកងអាវុធហត្ថរាជធានីភ្នំពេញ សហការជាមួយកម្លាំងកងរាជអាវុធហត្ថលើផ្ទៃប្រទេស ឃាត់ខ្លួននៅព្រឹកថ្ងៃទី១៩ ខែសីហា ឆ្នាំ២០១៧ នៅចំណុចភូមិទី១ សង្កាត់វាលវង់ ក្រុងកំពង់ចាម ខេត្តកំពង់ចាម ខណ:ពេលរូបគេកំពុងជិះម៉ូតូតាមផ្លូវ។
ក្រោយពីសមត្ថកិច្ចកសាងសំណុំរឿងបញ្ជូនទៅតុលាការ នៅរសៀលថ្ងៃទី២៤ ខែសីហា ឆ្នាំ២០១៧ លោក ពេជ្រ វិជ្ជាធរ ចៅក្រមស៊ើបសួរនៃសាលាដំបូងរាជធានីភ្នំពេញ បានចេញដីកាសម្រេចបង្គាប់ឃុំខ្លួនជនជាប់ចោទ ជាបណ្ដោះអាសន្ននៅពន្ធនាគារព្រៃស៕