(កណ្ដាល)៖ លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងជាប្រធានគណៈកម្មការអន្តរក្រសួងរៀបចំពិធីបុណ្យទន្លេលើកទី៤ បានជំរុញលើកទឹកចិត្តឲ្យអាជ្ញាធរ ប្រជាពលរដ្ឋ ប្រតិបត្តិករទេសចរណ៍ អាជីវករទេសចរណ៍ និងដៃគូអភិវឌ្ឍន៍នានា ត្រូវចូលរួមអភិវឌ្ឍផលិតផលទេសចរណ៍តាមដងទន្លេ ដើម្បីទ្រទ្រង់ដល់ចក្ខុវិស័យនៃការអភិវឌ្ឍទន្លេតាមដងទន្លេ ប្រកបដោយការទទួលខុសត្រូវ។
ការលើកទឹកចិត្តរបស់រដ្ឋមន្ត្រីដ៏សកម្មរូបនេះ ត្រូវបានធ្វើឡើងក្នុងឱកាសលោករដ្ឋមន្ត្រី រួមជាមួយលោក ម៉ៅ ភិរុណ អភិបាលខេត្តកណ្ដាល អញ្ជើញជាអធិបតីភាពក្នុងសិក្ខាសាលាអបអរសាទរពិធីបុណ្យទន្លេលើកទី៤ ក្រោមប្រធានបទ «ទន្លេនៃសន្ដិភាព មិត្តភាព និងនិរន្តរភាពទេសចរណ៍» អមជាមួយពិធីចែកបណ្ណសរសើរ លិខិតសរសើរដល់ប្រតិបត្តិករទេសចរណ៍ខេត្តកណ្ដាល នាថ្ងៃទី០៩ ខែមីនា ឆ្នាំ២០១៨ ដោយមានការចូលរួមពីថ្នាក់ដឹកនាំក្រសួង ស្ថាប័នពាក់ព័ន្ធ មន្ត្រីរាជការ ភ្ញៀវជាតិ ប្រតិបត្តិករទេសចរណ៍ យុវជន និងនិស្សិតប្រមាណ៤០០នាក់។
លោករដ្ឋមន្ត្រី ថោង ខុន បានលើកឡើងថា ប្រមុខដឹកនាំរាជរដ្ឋាភិបាល សម្ដេចតេជោ ហ៊ុន សែន បាននាំមកនូវសន្តិភាព ស្ថិរភាពនយោបាយ ភាពសម្បូរសប្បាយជូនប្រជាពលរដ្ឋខ្មែរ ពិសេសបានជំរុញឲ្យវិស័យទេសចរណ៍មានការរីកចម្រើនជាបន្តបន្ទាប់ តួយ៉ាងដូចជាក្រុងតាខ្មៅ នៃខេត្តកណ្តាលនេះជាដើម ក៏ជាគោលដៅទេសចរណ៍មួយដែលមានសក្តានុពល និងបង្ហាញលទ្ធភាពខ្ពស់ ក្នុងតភ្ជាប់ពីគោលដៅទេសចរណ៍នានាពីរាជធានីភ្នំពេញ ទាំងផ្លូវគោក និងផ្លូវទឹក។
ឆ្លើយតបនឹងចំណុចនេះ លោករដ្ឋមន្ត្រីក៏បានផ្ដល់អនុសាសន៍ណែនាំមួយចំនួន ដល់រដ្ឋបាលខេត្តកណ្ដាល មន្ទីរទេសចរណ៍ខេត្តកណ្ដាល និងផ្នែកឯកជនក្នុងវិស័យទេសចរណ៍ រួមមាន៖
១៖ ត្រូវយកចិត្តទុកដាក់លើការពង្រឹងលើការគ្រប់គ្រងឧស្សាហកម្មទេសចរណ៍ និងត្រូវពង្រឹងគុណភាពសេវាកម្មទេសចរណ៍ឱ្យបានកាន់តែល្អ និងបដិសណ្ឋារកិច្ចល្អ ដោយត្រូវអនុវត្តតាមច្បាប់ស្ដីពី ទេសចរណ៍ (ត្រូវស្នើសុំអាជ្ញាបណ្ណទេសចរណ៍ស្របតាមមាត្រា៣២ នៃច្បាប់ស្ដីពីទេសចរណ៍) និងស្ដង់ដារគុណភាពសេវាកម្មទេសចរណ៍ ទាំងថ្នាក់ជាតិ និងទាំងថ្នាក់អាស៊ាន ពិសេសគុណភាពម្ហូបអាហារនៅតាមភោជនីយដ្ឋាន និងម្ហូបអាហារនៅតាមដងផ្លូវ។
២៖ អភិវឌ្ឍទេសចរណ៍ទីក្រុងតាមដងទន្លេ ដែលមានសក្ដានុពលទាក់ទាញទេសចរណ៍ ដោយផ្ដើមចេញពីការអភិវឌ្ឍទីក្រុងស្អាត ទន្លេសា្អត សេវាកម្មល្អ ដើម្បីចូលរួមទ្រទ្រង់ដល់ចក្ខុវិស័យនៃការអភិវឌ្ឍទន្លេតាមដងទន្លេ ប្រកបដោយការទទួលខុសត្រូវ។
៣៖ ត្រូវយកចិត្តទុកដាក់អំពីភាពស្អាត អនាម័យរបស់បង្គន់សាធារណៈ ទាំងនៅតាមទីសាធារណៈ នៅក្នុងសណ្ឋាគារ ភោជនីយដ្ឋាន និងតាមសម្បទាទេសចរណ៍ផ្សេងៗទៀត។
៤៖ អភិវឌ្ឍផលិតផលទេសចរណ៍តាមដងទន្លេ ដែលរួមមានសហគមន៍ទេសចរណ៍ កសិទេសចរណ៍ និងផ្ទះស្នាក់គំរូ។
ក្នុងសិក្ខាសាលាអបអរសាទរពិធីបុណ្យទន្លេលើកទី៤នេះ លោករដ្ឋមន្ត្រីក្រសួងទេសចរណ៍ ក៏បានចែកជូននូវស្លាកសញ្ញាចំណាត់ថ្នាក់អាជីវកម្ម សេវាកម្មទេសចរណ៍ បណ្ណសរសើរចំពោះដោយប្រតិបត្តិករទេសចរណ៍ដែលមានស្នាដៃល្អ ក្នុងគោលដៅលើកកម្ពស់ពង្រឹងគុណភាពសេវាកម្ម និងបង្កើនទំនុកចិត្តជូនភ្ញៀវទេសចរណ៍ផងដែរ។
អាជីវកម្មដែលទទួលបានស្លាកសញ្ញាចំណាត់ថ្នាក់អាជីវកម្ម សេវាកម្មទេសចរណ៍ បណ្ណសរសើរ និងលិខិតសរសើរទាំងអស់ រួមមាន៖ ចំណាត់ថ្នាក់សណ្ឋាគារផ្កាយ៣ ចំនួន២ទីតាំង មានសណ្ឋាគារ តាខ្មៅ ហ្គូដហ៊ែល និងសណ្ឋាគារត្រានីកា បណ្ណសរសើរចំនួន ៣២អាជីវកម្ម និងលិខិតសរសើរចំនួន ៥អាជីវកម្ម៕